អន្តរជាតិ
កូរ៉េខាងត្បូង ព្រម​បង្កើន​ការចំណាយ​លើ​យោធា​អាមេរិក​ដែល​ឈរជើង​លើ​ទឹកដី​ខ្លួន​
05, Feb 2019 , 9:39 pm        
រូបភាព
​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ព្រមព្រៀង​ជាគោលការណ៍​លើ​ការបែងចែក​ការចំណាយ​សម្រាប់​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។ ការព្រមព្រៀង​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​សុខចិត្ត​ទទួលយក​វិភាគទាន​របស់​កូរ៉េខាងត្បូង​សម្រាប់​វត្តមាន​ទាហាន​ខ្លួន​ទាំង​២៨៥០០​នាក់​។ កូរ៉េខាងត្បូង​បាន​បង្កើន​ការចំណាយ​បន្តិច​ធៀប​នឹង​លើក​មុន ប៉ុន្តែ​នៅតែ​តិចជាង​អ្វីដែល​អាមេរិក​ចង់បាន​។​

 
​ក្រោយ​ការចរចា​ជាច្រើនលើក កូរ៉េខាងត្បូង និង​អាមេរិក​ព្រមព្រៀង​ជាគោលការណ៍​លើ​ការចំណាយ​សម្រាប់​ទ្រទ្រង់​ការពង្រាយ​របស់​យោធា​អាមេរិក​ដែល​ឈរជើង​នៅ​កូរ៉េខាងត្បូង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បានប្រកាស​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ឈានដល់​ការឯកភាព​ជាគោលការណ៍​លើ​កិច្ចព្រមព្រៀង​បែងចែក​ការចំណាយ និង​បន្ត​ការចរចា​លើ​ជំហាន​បន្ទាប់​ឲ្យ​បាន​លឿន​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ចាស់​ដែល​ចាប់ផ្ដើម​ឆ្នាំ​២០១៤ កូរ៉េខាងត្បូង​បាន​ចំណាយ​ទឹកប្រាក់​ដល់​ទៅ​៨៤៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​វត្តមាន​យោធា​អាមេរិក​។ មកទល់​ឆ្នាំ​២០១៨ កិច្ចព្រមព្រៀង​បែងចែក​ការចំណាយ​នេះ​ក៏​អស់​សុពលភាព ហើយ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​ក៏​ចាប់ផ្ដើម​ចរចា​ជាថ្មី​។ ស្របតាម​គោលនយោបាយ​លោក ដូ​ណា​ល់ ត្រាំ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានទាមទារ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​បង្កើន​វិភាគទាន​របស់ខ្លួន​ឲ្យ​បាន​លើស​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ការទាមទារ​របស់​អា​មេ​រិ​ក ធ្វើ​ឲ្យ​ការចរចា​បរាជ័យ​ជាច្រើនលើក​។ មន្ត្រី​កូរ៉េខាងត្បូង​អះអាងថា ខ្លួន​នឹងមិន​ចំណាយ​លើសពី​មួយ​ពាន់​លាន​ដុល្លារ​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាមេរិក​ទំនងជា​សុខចិត្ត​ទទួលយក​វិភាគទាន​របស់​កូរ៉េខាងត្បូង ដែល​នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន​៨៩១​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០១៩ នេះ​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ថ្មី​នេះ នឹងមាន​សុពលភាព​តែមួយ​ឆ្នាំ មិនមែន​បី​ឆ្នាំ​ដូច​ការចង់បាន​របស់​កូរ៉េខាងត្បូង​ឡើយ​។​
 
​តាមពិតទៅ វិភាគទាន​របស់​កូរ៉េខាងត្បូង​មិនមែន​ធ្លាក់​លើ​កងទ័ព​អាមេរិក​ទាំងស្រុង​ឡើយ​។ ប្រមាណ​៧០​ភាគរយ​នៃ​ការចំណាយ​របស់​សេ​អ៊ូ​ល គឺ​ផ្ដោតលើ​ប្រាក់ខែ​របស់​បុគ្គលិក​កូ​រ៉េ​ខាងត្បូង​ជាង​៨៧០០​ពាន់​នាក់​ដែល​បម្រើការ​ផ្នែក​រដ្ឋបាល បច្ចេកទេស និង​សេវាកម្ម​ផ្សេង​សម្រាប់​យោធា​អាមេរិក​។ ក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់​ព្រមាន​ដែរ​ថា បើ​ភាគី​ទាំងពីរ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​នៅត្រឹម​ពាក់កណ្ដាល​ខែមេសា អាមេរិក​នឹង​ព្យួរការងារ​បុគ្គលិក​កូ​រ៉េ​ខាងត្បូង​ក្នុង​បន្ទាយ​របស់ខ្លួន​។​
 
​តាំងពី​ឡើងកាន់តំណែង​ប្រធានាធិបតី​មក​នោះ លោក ត្រាំ បាន​ប្រាប់​ឲ្យ​ប្រទេស​ទាំងឡាយ​មាន​មូលដ្ឋានទ័ព​អាមេរិក​ជួយ​ចេញថ្លៃ​ចំណាយ​ផង ព្រោះ​អាមេរិក​ចេញ​តែ​ម្នាក់​រាប់សិប​ឆ្នាំ​មកហើយ​។ ជំហរ​របស់លោក ត្រាំ ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​មិន​ពេញចិត្ត​ឡើយ តែ​ក៏​មិនអាច​ជំទាស់​បានដែរ​។ សម្រាប់​កូរ៉េខាងត្បូង វត្តមាន​ទាហាន​អាមេរិក ជា​ការរក្សាសន្តិសុខរ​បស់​ខ្លួន​ប្រឈមមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ដែល​នៅតែមាន​ដដែល​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com