អត្ថបទពាណិជ្ជកម្ម
អេស​ស៊ីជី (SCG) ពង្រឹង​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៩ ជាមួយ​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​
06, Feb 2019 , 10:54 am        
រូបភាព
ដោយ:
​បាងកក ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ - លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន អេស​ស៊ីជី (SCG) បាន​បង្ហាញថា ប្រាក់ចំណេញ​ជារួម​ពី​អាជីវកម្ម​សារធាតុ​គីមី​មានការ​ថយចុះ ខណៈ​អាជីវកម្ម​វេច​ខ្ចប់​បានបង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​ខ្លាំង​ជាប់​ជានិច្ច ហើយ​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់​មានដំណើរ​ការ​យ៉ាង​ល្អ​។ SCG កំពុង​ព្យាយាម​ជំរុញ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ចំនួន​២​ក្នុង​ឆ្នាំ​២០១៩ ដោយ​ផ្តោតលើ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​កំណើន​រយៈពេល​វែង តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ និង​គំរូ​អាជីវកម្ម​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ស៊ីជម្រៅ និង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​ឈានមុខ​គេ​ក្នុង​តំបន់ ក៏ដូចជា​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក​។ ទន្ទឹមនឹងនេះ អេស​ស៊ីជី កំពុង​ស្វែងរក​ឱកាស​ថ្មីៗ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​នៅក្នុង​តំបន់​។
 
​លោក Roongrote Rangsiyopash ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​អេស​ស៊ីជី បានបង្ហាញ​នូវ​លទ្ធផល​ប្រតិបត្តិការ​មុន​សវនកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​ប្រាក់ចំណូល​ពី​ការលក់​ដែល​បាន​ចុះបញ្ជី​រួច​មាន​ទំហំ​ទឹកប្រាក់ ៥៩.៩៣០ ពាន់​លាន​រៀល (១៤.៨០៨ លាន​ដុល្លារ​) គឺ​បាន​កើនឡើង ៦% បើ​ធៀប​នឹង​ឆ្នាំមុន​។ ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ ២០១៨ គឺមាន​ចំនួន ៥.៦០៥ ពាន់​លាន​រៀល (១.៣៨៥ លាន​ដុល្លារ​) ដែល​បាន​ធ្លាក់ចុះ ១៩% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ដោយសារតែ​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកលលោក ពោលគឺ​សង្គ្រាម​ពាណិជ្ជកម្ម ទីផ្សារ​ប្រេង​ឡើង​ចុះ និង​ការកើនឡើង​នូវ​តម្លៃ​ប្រាក់​បាត​របស់​ថៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ជារួម​របស់​អេស​ស៊ីជី​។ 


 
​ក្នុង​ឆ្នាំ ២០១៨ ប្រាក់ចំណូល​ពី​ការលក់​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) មាន​ទំហំ​ទឹកប្រាក់ ២៣.១៦៩ ពាន់​លាន​រៀល (៥.៧២៥ លាន​ដុល្លារ​) ដែល​បាន​កើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ហើយ​ស្មើនឹង ៣៩% នៃ​ប្រាក់ចំណូល​សរុប​ពី​ការលក់​។ ការចំណាយ​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​នវានុវត្តន៍​មាន​ទំហំ​ទឹកប្រាក់​សរុប ៥៨៥ ពាន់​លាន​រៀល (១៤៥ លាន​ដុល្លារ​) ឬ​ស្មើនឹង ១% នៃ​ប្រាក់ចំណូល​សរុប​ពី​ការលក់​។ 


 
​ប្រាក់ចំណូល​ពី​ការលក់​របស់​អេស​ស៊ីជី​សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ គឺមាន​ទំហំ​ទឹកប្រាក់ ១៤.៤៨៣ លាន​រៀល (៣.៥៧២ លាន​ដុល្លារ​) ដែល​បាន​ធ្លាក់ចុះ ៤% បើ​ធៀប​នឹង​ត្រីមាស​ទី​បី ដោយសារតែ​ការធ្លាក់ចុះ​នូវ​តម្លៃ​ផលិតផល​គីមី ។ ទោះជា​យ៉ាងណា ប្រាក់ចំណូល​សម្រាប់​ត្រីមាស​ទី​បួន ឆ្នាំ ២០១៨ គឺ​បាន​កើនឡើង ៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧ ដោយសារ​កំណើន​នៃ​ការលក់​សារធាតុ​គីមី និង​កំណើន​លូតលាស់​នៃ​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់ នៅក្នុង​ស្រុក​។ ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ទី ៤ នេះ​គឺមាន​ទំហំ​ទឹកប្រាក់ ១.២៩៣ ពាន់​លាន​រៀល (៣១៩ លាន​ដុល្លារ​) គឺ​បាន​កើនឡើង ១១% បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ដោយសារតែ​ការរួមចំណែក​នៃ​ភាគលាភ​តាម​រដូវ​កាលដែល​បានមកពី​អាជីវកម្ម​វិនិយោគ​នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ ប៉ុន្តែ កម្រិត​ប្រាក់ចំណេញ​នេះ​បាន​ធ្លាក់ចុះ ១៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧ ដែល​ការធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ការ​ធាក់​ថយ​របស់​អាជីវក​ម្ម​គីមី​។ ប្រាក់ចំណេញ​របស់​អេស​ស៊ីជី​ដែល​បានមកពី​ការលក់​នាំចេញ​មាន​ទំហំ​ទឹកប្រាក់ ១៦.៣៩៦ លាន​រៀល (៤.០៥១ លាន​ដុល្លារ​) ដែល​ស្មើនឹង ២៧% នៃ​ប្រាក់ចំណូល​សរុប​ពី​ការលក់ និង​ដែ​បាន​កើនឡើង ៦% បើ​ធៀប​នឹង​ឆ្នាំ ២០១៧​។ 



​ក្រុមហ៊ុន​អេស​ស៊ីជី​ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) 
 
​ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) ប្រាក់ចំណូល​ពី​ការលក់​សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ មាន​ទំហំ​ទឹកប្រាក់ ៣.៧១៥ ពាន់​លាន​រៀល (៩១៦ លាន​ដុល្លារ​) ដែល​បាន​កើនឡើង​ចំនួន ៩% បើ​ធៀប​នឹង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ហើយ​ស្មើនឹង ២៦% នៃ​ប្រាក់ចំណូល​ពី​ការលក់​សរុប​របស់​អេស​ស៊ីជី​។ ក្នុង​ឆ្នាំ ២០១៨ ប្រាក់ចំណូល​ពី​ការលក់ មាន​ទំហំ​ទឹកប្រាក់ ១៤.៧៨៣ ពាន់​លាន​រៀល (៣.៦៥៣ លាន​ដុល្លារ​) ដែល​បាន​កើនឡើង ១១% បើ​ធៀប​នឹង​ឆ្នាំ ២០១៧​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការលក់​តាមរយៈ​ប្រតិបត្តិការ​នៅក្នុង​ស្រុក​នៃ​ទីផ្សារ​ប្រទេស​អាស៊ាន​នីមួយៗ និង​ការនាំ​ចូល​ពី​ប្រទេស​ថៃ​ផង​។​
 
​គិត​ត្រឹម​ថ្ងៃទី ៣១ ធ្នូ ២០១៨ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន​អេស​ស៊ីជី  គឺមាន​ទំហំ​ទឹកប្រាក់ ៧២.៨៧១ ពាន់​លាន​រៀល (១៨.១៩៥ លាន​ដុល្លារ​) ។ ចំណែកឯ​ទ្រព្យសកម្ម​សរុប​របស់​អេស​ស៊ីជី​ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) គឺមាន​ទំហំ​ទឹកប្រាក់ ២០.២២០ ពាន់​លាន​រៀល (៥.០៤៩ លាន​ដុល្លារ​) ដែល​ស្មើនឹង ២៦% នៃ​ទ្រព្យសកម្ម​សរុប​របស់​អេស​ស៊ីជី​។ 



​ក្រុមហ៊ុន​អេស​ស៊ីជី​ក្នុងប្រទេស​កម្ពុជា​
 
​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ប្រាក់ចំណូល​ពី​ការលក់​សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​អេស​ស៊ីជី គឺមាន​ទំហំ​ទឹកប្រាក់ ៣៩១ ពាន់​លាន​រៀល (៩៦ លាន​ដុល្លារ​)​។ ប្រាក់ចំណូល​ពី​ការលក់​ក្នុង​ឆ្នាំ ២០១៨ មាន​ទំហំ​ទឹកប្រាក់ ១.៦០៣ ពាន់​លាន​រៀល (៣៩៦ លាន​ដុល្លារ​) ដែល​បាន​កើនឡើង ១៥% បើ​ធៀប​នឹង​ឆ្នាំ ២០១៧​។ 
 
​ដោយ​មើលឃើញ​ពី​ការលូតលាស់​នូវ​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​អេស​ស៊ីជី ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ឈានមុខ​គេ និង​ដោយមាន​ការសហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានរៀបចំ​នូវ​ការប្រកួត​ជាងសំណង់​ថ្នាក់ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ជាងសំណង់ និង​ឧស្សាហកម្ម​សំណង់​។ ជាងសំណង់​ចំនួន ៨ ក្រុម បាន​ចូលរួម​នៅក្នុង​វគ្គ​ផ្ដាច់​ព្រាត់ ដើម្បី​ស្វែងរក​កំពូល​ជាងកំបោរ និង​ជាង​ដំបូល​ប្រចាំ​ប្រទេស​កម្ពុជា​។ ក្រោយពេល​ការប្រកួត​នេះ បេក្ខជន​នឹងចូលរួម​នៅក្នុង​សេវា​ផ្គូផ្គង​ជាងសំណង់​របស់​អេស​ស៊ីជី​ក្នុងនាម​ជាជាង​សំណង់​ដែល​យើង​ណែនាំ​ដល់​ម្ចាស់​គម្រោង​សាងសង់​។ នៅក្នុង​ឆ្នាំ ២០១៩ អេស​ស៊ីជី​មាន​គម្រោង​ពង្រីក​កម្មវិធី​នេះ ដើម្បី​បាន​គ្របដណ្ដប់​លើ​សម្ភារ​សំណង់​ផ្សេងទៀត ដូចជា ស្មា​តបត​អេស​ស៊ីជី និង​ស្មា​ត​វូដ​អេស​ស៊ីជី ដែល​ទាំងនេះ​អាចជួយ​ឲ្យ​ជាងសំណង់​បាន​រៀន​នូវ​ជំនាញ​ថ្មីៗ និង​រកប្រាក់​ចំណូល​បាន​កាន់តែ​ច្រើនជាង​មុន​។ 
 
​លោក Roongrote បាន​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ ២០១៩ អេស​ស៊ីជី នឹង​បន្ត​ផ្ដោតលើ​យុទ្ធសាស្ត្រ​ចំនួន​ពីរ​។ មួយ​គឺ ស្ថិរភាព ដែល​ក្រុមហ៊ុន​អាច​រក្សា​បានជា​បន្តបន្ទាប់ ហើយ​ចាត់វិធានការ​បាន​ភ្លាមៗ​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​ផ្នែក​សេដ្ឋកិច្ច​របស់​សកលលោក​កាលពីពេល​ថ្មីៗ ដែល​វិធានការ​នេះ​បាន​ជួយ​ឲ្យ​អនុ​បាត​ភាព​ចំណេញ​របស់​អេស​ស៊ីជី​ប្រចាំឆ្នាំ ២០១៨ មាន​កម្រិត ៩% ដែល​នេះ​ជា​តួលេខ​រឹងមាំ​មួយ បើ​ប្រៀបធៀប​នឹង​ទិដ្ឋភាព​ជារួម​នៃ​ឧស្សាហ​កម្មនេះ​។ បន្ថែម​លើ​នេះ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​នៅតែ​រឹងមាំ ដែល​ក្នុងនោះ​អនុ​បាត​ធៀប​រវាង​បំណុល និង EBITDA គឺមាន​កម្រិត ១.៧ ដង ខណៈដែល​ប្រាក់កម្ចី​ភាគច្រើន​គឺ​គិត​ជា​ប្រាក់​បាត​របស់​ថៃ ដែល​ក្នុងនោះ​ជាង ៩០% មាន​អត្រា​ថេរ​។ លំហូរ​សាច់ប្រាក់​មាន​ស្ថិរភាព​ដោយសារតែ​ដំណើរការ​រឹងមាំ​នៃ​អាជីវកម្ម​ស្នូល​របស់​យើង​»​។ 


 
​យុទ្ធសាស្ត្រ​មួយទៀត គឺ ការគ្រប់គ្រង​កំណើន​រយៈពេល​វែង​។ ក្រៅពី​ការពង្រឹង​ការអភិវឌ្ឍ​នូវ​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​លើកកម្ពស់​កម្រិត​បទដ្ឋាន​នៃ​ការរស់នៅ និង​កសាង​កំណើន​អាជីវកម្ម​ឲ្យ​មាន​ចីរភាព នៅ​ឆ្នាំនេះ អេស​ស៊ីជី នឹង​ផ្ដោតលើ​ការដាក់ចេញ​នូវ​ដំណោះស្រាយ​នានា ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ឲ្យ​បាន​គ្រប់គ្រាន់​។ ដំណោះស្រាយ​ជា​ហូរហែរ គឺ​នឹង​ត្រូវបាន​ដាក់ចេញ​ដោយ​អាជីវកម្ម​ស្នូល​របស់​ក្រុមហ៊ុន ដូចជា​៖ អាជីវកម្ម​សារធាតុ​គីមី ដែល​ផ្ដល់​សេវា​ជួយ​ឲ្យ​ឡ​ឧស្សាហកម្ម​សន្សំសំចៃ​ថាមពល ដំណោះស្រាយ​ផ្ទាំង​ថាមពល​ពន្លឺព្រះអាទិត្យ​បណ្ដែត​ទឹក សម្រាប់​ការផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ដែលមាន​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ​ដូចជា ការរៀបចំ​ទីតាំង ការដំឡើង និង​សេវា​ថែទាំ​ជាដើម​។

អាជីវកម្ម​វេច​ខ្ចប់​៖ ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​វេច​ខ្ចប់​គ្រប់​ជ្រុងជ្រោយ ដែលមាន​បំណង​ជំរុញ​វិធីសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ នៅក្នុង​សេវាកម្ម និង​ការប្រតិបត្តិ​របស់​ក្រុមហ៊ុន ដូចជា សេវា​រៀបចំ​ការ​វេច​ខ្ចប់ ដែល​ផ្ដោតលើ​អតិថិជន ដំណើរការ​ប្រើប្រាស់​ឡើងវិញ​នូវ​វត្ថុធាតុដើម​។ អាជីវកម្ម ស៊ីម៉ងត៍​-​សម្ភារ​សំណង់​៖ ដែល​បាន​ណែ​នាំនូវ​ដំណោះស្រាយ​ផ្នែក​សំណង់ ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ផលិតកម្ម​គុណភាព​ខ្ពស់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​អភិវឌ្ឍន៍​ដំណោះស្រាយ​ស្នូល​ចំនួន ៩ ដូចជា ដំណោះស្រាយ​ពេញ មួយ​អាយុកាល ដែល​ជួយ​វាយតម្លៃ​សុក្រឹត​ទៅលើ​សំណង់​អគារ​មុនពេល​រៀបចំ​នូវ​វិធីសាស្ត្រ​សាងសង់ ការពង្រីក​សំណង់ និង​ការពង្រឹង​គ្រោង​សំណង់ ដោយ​ប្រើប្រាស់​ឧបករណ៍​វិស្វកម្ម​ទំនើបៗ​។ ជាងនេះទៅទៀត អេស​ស៊ីជី ក៏មាន​បំណង អភិវឌ្ឍ​គំរូ​អាជីវកម្ម​ថ្មីៗ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ឈរជើង​រឹងមាំ នៅក្នុង​ពិភពលោក​ដែលមាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នេះ​។ 


 
​អេស​ស៊ីជី​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាងច្រើន ដូចជា ប្រាជ្ញា​និម្មិត (AI) ដើម្បី​ជួយ​វិភាគ​ពី​ការយល់ឃើញ​របស់​អតិថិជន​; បច្ចេកវិទ្យា Blockchain ជា​កម្មវិធី​ឌីជីថល ដែល​ផ្សារភ្ជាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាមួយនឹង​អាជីវករ​ដោយ​ស្វ័យប្រវត្តិ និង​ផ្ដល់​លទ្ធភាព​ក្នុងការ​ចែករំលែក​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព​; ការអភិវឌ្ឍ​ដំណើរការ​ស្វ័យ​កម្ម​ដោយ​មនុស្ស​យន្ត (RPA) និង​បច្ចេកវិទ្យា​ម៉ាស៊ីន ដែល​ជួយ​ដោះស្រាយ​ភាពស្មុគស្មាញ​នៃ​ប្រព័ន្ធ​ផលិតកម្ម ដែល​អនុញ្ញាត​ឲ្យ​មាន​ផលិតភាព​គ្រប់គ្រាន់ ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​ទីផ្សារ​; ការវិនិយោគ​បច្ចេកវិទ្យា​ស៊ីជម្រៅ ដើម្បី​បានដឹង​ពី​និន្នាការ​នាពេល​អនាគត ដូចជា​ធនធាន​ទាន់សម័យ​ថ្មីៗ និង​បច្ចេកវិទ្យា​ស្អាត ដើម្បី​ជួយ​ដល់​ដំណើរការ​ផលិតកម្ម នៅ​គ្រប់​ដំណាក់កាល​នៃ​ចង្វាក់​តម្លៃ និង​កាត់បន្ថយ​ការចំណាយ និង​ជួយ​ដល់​ការធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​នៃ​ឧស្សាហកម្ម ៤.០ តាមរយៈ កម្មវិធី​អភិវឌ្ឍន៍​សមត្ថ​ភា​ពបុ​គ្គ​លិកខា​ង​ក្នុង ជា​បន្តបន្ទាប់ ឈ្មោះថា “Internal Startup” ដើម្បី​ជួយ​ឲ្យ​ស្ថាប័ន​មាន​ភាព​មាំមួន ហើយ​ជំរុញ​ឲ្យ​មាន​ការគិត​រៀបចំ និង​ទម្លាប់​ប្រតិបត្តិ​ការងារ​ថ្មីៗ ដើម្បី​បាន​ស្វែងយល់​ពី​ការគិត​របស់​អតិថិជន​។ កម្មវិធី​នេះ បាន​ជួយ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​អតិថិជន និង​អាជីវកម្ម​នានា​បាន​ចំនួន ៤០ ក្រុម​ក្នុងចំណោម​អតិថិជន និង​អាជីវកម្ម​ទាំង ១០០ ក្រុម សម្រាប់​ការអភិវឌ្ឍ​គំរូ​អាជីវកម្ម​ដោយ​ជោគជ័យ ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​។ ភាពជោគជ័យ​ទាំងនេះ​រួមមាន​កម្មវិធី​សម្រាប់​ការដឹកជញ្ជូន​កញ្ចប់​អាហារ សេវា​រចនា​ឡូហ្គោ សម្រាប់​អាជីវកម្ម​ទាំងអស់ និង​ប្រព័ន្ធគ្រប់គ្រង​អតិថិជន និង​ការតាមដាន​ការលក់​សម្រាប់​ហាង​ផ្គត់ផ្គង់​ឧបករណ៍​សំណង់​។​


 
​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​មួយទៀត​គឺ​ការពង្រឹង កិច្ចសហការ​បើកចំហ តាមរយៈ​ការវិនិយោគ​លើ​អាជីវកម្ម​ថ្មី​ឈានមុខ នៅតាម​តំបន់​នានា ដែលមាន​បច្ចេកវិទ្យា ឬ​នវានុវត្តន៍​ស្របគ្នា​នឹង​អាជីវកម្ម​ស្នូល​ទាំងបី​របស់​អេស​ស៊ីជី តាមរយៈ​គម្រោង “AddVentures” របស់ខ្លួន ក៏ដូចជា​ការពង្រឹង​សក្ដានុពល​របស់​អាជីវ​កម្ម​ថ្មី ដែល​ក្រុមហ៊ុន​បាន​វិនិយោគ​។ អេស​ស៊ីជី​បាន​វិនិយោគ​ដោយផ្ទាល់​ទៅក្នុង​អាជីវកម្ម​ថ្មី​ចំនួន ១០ ដែលមាន​បច្ចេកវិទ្យា​ផ្សេងៗ​គ្នា ដូចជា​កម្មវិធី​ផ្គូផ្គង​អ្នកជំនាញ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​អាជីវកម្ម​ឌីជីថល ក្រុមហ៊ុន​អភិវឌ្ឍ​មនុស្ស​យន្ត បន្ថែម​លើ​ការវិនិយោគ​ដែល​ប្រើប្រាស់​មូលនិធិ​ផ្ដោតលើ​អាជីវកម្ម​ថ្មី​។ ជាងនេះទៅទៀត អេស​ស៊ីជី ក៏បាន​ពង្រីក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បន្ថែមទៀត​ទៅក្នុង​គម្រោង​ជិត ១០០ គម្រោង​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា ក្នុង​បំណង​ប្រើប្រាស់​ន​វា​នុ​វត្ត ដើម្បី​ពង្រឹង​អាជីវកម្ម​ស្នូល ឬ​បង្កើត​អាជីវកម្ម​ថ្មីៗ​។ ក្រៅពីនេះ ក្រុមហ៊ុន សហការ​ជាមួយនឹង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) ជុំវិញ​ពិភពលោក តាមរយៈ​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​បើកចំហ (Open Innovation Center) ដើម្បី​បង្កើន​បណ្ដាញ​នវានុវត្តន៍​របស់ខ្លួន​។ 


 
​ក្រៅពី​ការជំរុញ​កំណើន​អាជីវកម្ម​រយៈពេល​វែង អេស​ស៊ីជី​នឹង​បន្ត​ពង្រីក​ឱកាស​របស់ខ្លួន​ដើម្បី​នាំចេញ​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព ដោយ​ពិនិត្យ​តាមដាន​លើ​ទិសដៅ​ទីផ្សារ​សកល ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏​នឹង​ព​ន្លឿ​ន​គម្រោង​វិនិយោគ ដើម្បី​ជួយ​ជំរុញ​កំណើន​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​ទាំង​នៅក្នុង​ទីផ្សារ​អាស៊ាន​ដែល​កំពុង​រីកលូតលាស់ និង​ទីផ្សារ​ថ្មី និង​មាន​សក្ដានុពល​ផ្សេងទៀត ដូចជា ការនាំចេញ​សារធាតុ​គីមី​ទៅកាន់​ទីផ្សារ​ចិន ការធ្វើ​អាជីវកម្ម​លក់រាយ និង​ដឹកជញ្ជូន នៅក្នុង​តំបន់​ជាដើម​”៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com