អន្តរជាតិ
UN៖ កូរ៉េខាងជើង​លាក់​អាវុធ​នៅ​ព្រលានយន្តហោះ ហើយ​ទណ្ឌកម្ម​គ្មាន​ប្រសិទ្ធភាព​ឡើយ​
06, Feb 2019 , 11:50 am        
រូបភាព
មីស៊ីលបាលីស្ទិកកូរ៉េខាងជើង (រូបភាព AP)
មីស៊ីលបាលីស្ទិកកូរ៉េខាងជើង (រូបភាព AP)
​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ (UN) បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅតែមាន​សកម្មភាព​ដដែល​។ របាយការណ៍​នេះ​ទម្លាយ​ថា របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ប្រើប្រាស់​ព្រលានយន្តហោះ​ដើម្បី​ស្តុក​អាវុធ​របស់ខ្លួន ហើយ​នៅតែ​អាចធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​បំពាន​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ដដែល​។ លើសពីនោះ កូរ៉េខាងជើង​ក៏​បន្ត​លួច​ផ្គត់ផ្គង់​អាវុធ​ទៅ​បរទេស​ដូចគ្នា​។​

 
​ប្រៀបដូចជា​ដុំថ្ម​ធ្លាក់​កណ្ដាលផ្លូវ ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បានចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ពី​ការរំលោភបំពាន​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ពី​សំណាក់​កូរ៉េខាងជើង ខណៈដែល​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​កាន់តែ​ជិត​ដល់​។ របាយការណ៍​ដែល​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ហាក់ដូចជា​បញ្ច្រាស់​នឹង​ការអះអាង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលថា ដំណើរការ​នៅ​ឧបទ្វីប​កូរ៉េ​ទៅមុខ​ល្អ​។​
 
​ក្នុង​របាយការណ៍​ដែល​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅតែ​ដូចដើម ឯ​ទណ្ឌកម្ម​វិញ​គ្មាន​ប្រសិទ្ធភាព ហើយ​កូរ៉េខាងជើង​នៅតែ​អាច​ដឹកជញ្ជូន​ប្រេង​ដោយ​ខុសច្បាប់ លក់​ធ្យូង​ដែល​ហាមឃាត់ និង​បំពាន​បម្រាម​លក់​អាវុធ​ទៅទៀត​។ បន្ថែម​ពីលើ​នោះ កូរ៉េខាងជើង​បាន​ប្រើប្រាស់​ទីតាំង​ស៊ីវិល​រាប់ទាំង​ព្រលានយន្តហោះ​ដើម្បី​ស្តុក​មី​ស៊ី​ល​បាលី​ស្ទិ​ក​សំដៅ​ការពារ​ពី​ការវាយប្រហារ​ណាមួយ​។​
 
​សូមបញ្ជាក់ថា កូរ៉េខាងជើង​រង​ទណ្ឌកម្ម​ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ហើយ​មាន​អាមេរិក​ជា​អ្នក​ដឹកមុខ​ក្នុងការ​អនុវត្ត​ទណ្ឌ​កម្មនេះ​។ ប៉ុន្តែ​កូរ៉េខាងជើង​នៅតែ​អាច​ដឹកជញ្ជូន​ប្រេង ឥន្ធនៈ និង​ធ្យូង​បាន​ដដែល ទោះជា​អង្គការសហប្រជាជាតិ​ហាមឃាត់​សកម្មភាព​ទាំងនេះ​ដើម្បី​ផ្ដាច់​ចំណូល​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​។ នេះ​ក៏​ព្រោះ​កូរ៉េខាងជើង​ប្រើប្រាស់​ធនធាន​ទាំងនេះ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ជាជាង​ជួយ​ប្រជាជន​។​
 
«​សកម្មភាព​ល្មើស​ទាំងនេះ ធ្វើ​ឲ្យ​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ចុងក្រោយ​គ្មាន​ប្រសិទ្ធភាព​តាមរយៈ​ការបំពាន​បម្រាម​នាំចូល​ប្រេង និង​ការនាំចេញ​ធ្យូងថ្ម​ដែល​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧​។​» នេះ​បើតាម​របាយការណ៍​ដដែល ដែល​បាន​បញ្ជាក់ទៀតថា កូរ៉េខាងជើង​ក៏​ធ្វើ​សកម្មភាព​ល្មើស​នឹង​បម្រាម​ជួញដូរ​អាវុធ និង​បាន​ប៉ុនប៉ង​នាំ​អាវុធ​ទៅកាន់​ស៊ី​រី លី​ប៊ី ស៊ូដង់ និង​យេ​ម៉ែន​ផង​។ 
 
​ក្រៅពីនេះ អ្នកជំនាញ​របស់​អង្គការ​ពិភពលោក​នេះ​ក៏​រកឃើញ​ចន្លោះប្រហោង​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​ផ្នែ​ហិរញ្ញវត្ថុ​លើ​កូរ៉េខាងជើង​ផង​។ ពោល គឺ​ស្ថាប័ន​ហិរញ្ញ​កូរ៉េខាងជើង​នៅតែ​អាចធ្វើ​សកម្មភាព​នៅ​ប្រទេស​ចំនួន​៥​យ៉ាងតិច ដែល​វា​ផ្ទុយ​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ស្ថានទូត​កូរ៉េខាងជើង​នៅ​បរទេស ក្លាយជា​បណ្ដាញ​ជួយ​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង​គេច​ផុតពី​ទណ្ឌកម្ម​តាមរយៈ​ការគ្រប់គ្រង​គណនី​ធនាគារ​នៅ​ប្រទេស​ជាច្រើន​។​
 
​របាយការណ៍ UN គឺ​ស្របគ្នា​នឹង​លទ្ធផល​វាយតម្លៃ​របស់​ចារកម្ម​អាមេរិក​ដែល​លើកឡើងថា កូរ៉េខាងជើង​ទំនងជា​មិន​បោះបង់​កម្មវិធី​ផលិត​អាវុធ​របស់ខ្លួន​ទាំងស្រុង​ឡើយ តែ​អាច​ត្រឹម​ស្នើ​កាត់បន្ថយ​សកម្មភាព​ខ្លះ​ដើម្បី​ទទួលបាន​ការលើកលែង​ទណ្ឌកម្ម​ប៉ុណ្ណោះ​។ ជាការ​ពិត កូរ៉េខាងជើង​ពិតជា​បានធ្វើ​សកម្មភាព​ខ្លះ​មែន​ក្នុង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ក៏​ទាមទារ​ឲ្យ​អាមេរិក​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​វិញ​៕  

Tag:
 UN
  កូរ៉េខាងជើង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com