អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ មកដល់ហាណូយ ត្រៀមជួបចរចាជាមួយលោក គីម ស្អែក រូបភាព៖ Global Times
× ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ថ្ងៃ ២៦ ខែកុម្ភៈដើម្បីត្រៀមជួបប្រជុំជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាថ្មីនៅថ្ងៃស្អែក។ ជំនួបពិសេសជាលើកទីពីរនេះនឹងផ្តោតសំខាន់លើកិច្ចការបន្ទាប់ដើម្បីឈានទៅរំសាយអាវុធនុយក្លេអ៊ែរ។
យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះក្រុងហាណូយនៅយប់ថ្ងៃអង្គារ ដើម្បីមកចូលរួមប្រជុំពិសេសជាលើកទីពីរជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ក្នុងគោលដៅចម្បងដើម្បីរំសាយអាវុធនុយក្លេអ៊ែរកូរ៉េ។
តាមពិតទៅ លោក ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រហែលជាង ១០ ម៉ោងក្រោយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកដល់វៀតណាមតាមរយៈរថភ្លើងពាសដែកដែលធ្វើដំណើរពីព្យុងយ៉ាង អស់រយៈពេលប្រហែលបីយប់។
ថ្វីបើជំនួបមិនទាន់ចាប់ផ្តើមជាផ្លូវការក្តី មេដឹកនាំអាមេរិកបានបង្ហាញសុទិដ្ឋនិយមខ្ពស់ចំពោះការជួបពិភាក្សាគ្នាជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង។ មុនចាកចេញពីសហរដ្ឋអាមេរិក លោក ត្រាំ បានសរសេរបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនថា លោក រំពឹងរង់ចាំជំនួបកំពូលប្រកបដោយផ្លែផ្កាផងដែរ។
ជុំវិញដំណើរការនៃកិច្ចប្រជុំនេះដែរ មានការព្យាករជាមុនថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹងអាចឈានដល់ការឯកភាពគ្នាផងដែរដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបើកផ្លូវសម្រាប់ការស្តារចំណងការទូតថែមទៀត។ ជាថ្នូរមកវិញ ក្រុងវ៉ាស៊ីនតោនក៏ប្រហែលជានឹងឈានទៅជំរុញឲ្យអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មមួយចំនួនប្រឆាំងក្រុងព្យុងយ៉ាងដែរ ដែលវាអាចអនុញ្ញាតឲ្យរបបដឹកនាំលោក គីម អាចចាប់ផ្តើមគម្រោងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងឡើងវិញផង។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក រួមទាំងលោក ត្រាំ ផង បានប្រកាសពេញៗមាត់ថា គ្មានឡើយការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ការបន្ធូរបន្ថយ ឬដកទណ្ឌកម្មអាចធ្វើទៅបានដរាបណា កូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងជាអចិន្ត្រៃយ៍សិន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ថ្មីៗនេះ លោក ត្រាំ ស្រាប់តែប្រកាសថា លោក មិនប្រញាប់ឲ្យកូរ៉េខាងជើងរំសាយអាវុធពេកទេ ដរាបណាគ្មានការសាកល្បងអាវុធជាថ្មីទៀត។
ទុករឿងចរចាមួយឡែកសិន ហើយងាកទៅមើលការរៀបចំកិច្ចប្រជុំនេះវិញម្តង។ មានរឿងរញ៉េរញ៉ៃកើតឡើងខ្លះដែរ ជុំវិញការរៀបចំនេះ ដ្បិតថា វៀតណាមមានពេលវេលាត្រឹម ១០ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំគ្រប់យ៉ាងសម្រាប់កិច្ចប្រជុំពិសេសនេះ។ ទីភ្នាក់ងារព័ត៌មាន AP ផ្សាយថា បញ្ហាដែលកើតឡើងមានដូចជា អ្នកកាសែតសេតវិមានត្រូវប្តូរសណ្ឋាគារស្នាក់នៅបន្ទាន់បង្ខំបន្ទាប់ពីលោក គីម ជុងអ៊ុន អញ្ជើញមកដល់ ហាណូយ រួមជាមួយដំណើរស្សនាទីក្រុងហាណូយ របស់លោក គីម ដោយមានវត្តមានប្រជាជនវៀតណាមឈរណែនណាន់តាមដងផ្លូវដើម្បីចាំមើល និងស្វាគមន៍ផង៕
© រក្សាសិទ្ធិដោយ thmeythmey.com