ពីនេះ ពីនោះ
«​អត់​» និង​«​ឥត​» មានន័យ​ខុសគ្នា​យ៉ាងណា​?
06, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ​ទាំងពីរ​នេះ ពលរដ្ឋ​ខ្មែរ​ហាក់បីដូចជា​ស្រពេចស្រពិល​បន្តិច ប្រសិនបើ​គេ​មិនបាន​ត្រួត​ពិនិត្យមើល​ឲ្យ​ច្បាស់លាស់​នោះ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ការប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ​ខាងក្រោម​នេះ​ថា​៖


 
«​អត់​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ  ថា​ទ្រាំ ធន់ ធន់​ទ្រាំ ខំ​ទប់ អត់កំហឹង ខំអត់​មិន​ស្តី​ត​តប​។ អត់ងងុយ ទ្រាំ​ងងុយ អត់ធន់ អត់ទ្រាំ ប៉ិន​ធន់ ប៉ិន​ទ្រាំ​។ អត់សង្កត់ ខំ​ទប់ចិត្ត​មិន​ឲ្យ​កម្រើក​, អត់អាស្រ័យ មិន​ប្រកាន់​ដោយ​ដាច់ខាត​, អត់ឱន បន្ទន់ចិត្ត​អត់ទ្រាំ ខំទ្រាំ​អត់​មិន​ប្រកាន់ទោស​, អត់ឱន អត់​ទោស ធ្វើ​ចិត្ត​សន្តោស​។ អត់​ឲ្យ​, ទ្រាំ​ឲ្យ​,​បណ្តោយ​ឲ្យ អត់​ឲ្យ​គេ​ថា​សិន​ចុះ​។ ពាក្យ អត់ គឺ​បង្ហាញ​ពី​ពាក្យ​បដិសេធ មិន​,​គ្មាន​, មិនមាន​,​អត់​ទេ​,​គ្មានទេ​,​អត់​អ្វី​ឲ្យ​,​គ្មានអ្វី​ឲ្យ​។ អត់ឃ្លាន ឃ្លាន​ព្រោះ​គ្មានអ្វី​បរិភោគ​,​អត់បាយ គ្មាន​បាយ​បរិភោគ​, អត់បើ ពុំសមបើ អត់បើ​នាំ​ឲ្យ​រវល់​។ 
 
​ចំណែក «​ឥត​» ជា​និបាតសព្ទ មានន័យថា មិន​, ពុំ​,​អត់​,​ឥត​ដឹង​,​ឥត​បានឮ​,​ឥត​ដើមទុន​។ ពាក្យ ឥត នេះ ខ្មែរ​មិន​គួរតែ​កុំ​ប្រើពាក្យ ពុំ​,​អត់ នេះ​ជា ឥត​-​ក៏​ទេ​,​មិន​-​ក៏​ទេ ព្រោះ វា​ខុស​ទាំងស្រុង ព្រោះ ក៏​-​ទេ ក៏​ជា​ពាក្យ​បដិសេធន​ដែរ​។ ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើតែ​ជាមួយនឹង​ពាក្យ នឹង​គឺ​នឹង ក៏​-​ទេ​។ ឧទាហរណ៍​៖ ខ្ញុំ​នឹង​ដែល​បានឃើញ​របស់​នោះ សូម្បី​តែម្តង​ក៏​ទេ​។ ឥតបើគិត ដែលមាន​គំនិត​ខ្លីៗ ឬ​ឥត​គំនិត​, ឥ​ត់​អាក់ មិនដែល​រអាក់រអួល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com