អន្តរជាតិ
រដ្ឋ​ប៉ាស៊ីហ្វិក Cook Islands ពិចារណា​ប្តូរ​ឈ្មោះ​ថ្មី​ដែល​ស្រប​នឹង​វប្បធម៌​ខ្លួន​
06, Mar 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋ​កោះ​ដែល​ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Cook Islands កំពុង​ពិចារណា​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ដែល​អាច​រំលេច​ពី​អត្តសញ្ញាណ និង​វប្បធម៌​របស់ខ្លួន​ផ្ទាល់ ដើម្បី​ជំនួស​ឲ្យ​ឈ្មោះ​បច្ចុប្បន្ន​ដែល​ឧទ្ទិស​ឲ្យ​អ្នករុករក​ជនជាតិ​អង់គ្លេស James Cooks​។  



​គណៈកម្មការ​ពិសេស​មួយ​ត្រូវបាន​រដ្ឋាភិបាល​កោះ Cook បង្កើតឡើង​ដើម្បី​សិក្សា​ឲ្យ​បាន​លម្អិត និង ស្វែងរក​ឈ្មោះ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​សមស្រប​តាម​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ដែល​រស់​នៅលើ​កោះ​របស់ខ្លួន​សរុប​ទាំង​១៥​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ប្រធាន​គណៈកម្មការ​លោក Danny Mataroa បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា វា​មានការ​ឯកភាព និង​មានការ​គាំទ្រ​លើ​ការបញ្ចប់​ការប្រើប្រាស់​ឈ្មោះ « Cook Islands» តទៅទៀត ។ ប៉ុន្តែ​មិនទាន់មាន​ការកំណត់​នៅឡើយ​ទេ​ចំពោះ​ឈ្មោះ​ថ្មី​ដែល​ត្រូវ​យកមក​ជំនួស​នោះ​។

«​នៅពេល​សមាជិក​គណៈកម្មកា​រ​ដែល​រួមមាន​ទាំង​អ្នកប្រវត្តិសាស្ត្រ និង​ចាស់ៗ​បុរាណ​ដែលមាន​ចំណេះដឹង​ខ្ពស់​ផ្នែក​ប្រពៃណី​និង​ទំនៀមទម្លាប់​នោះបាន​សម្រេច​ហើយ​ថា វា​ជា​ពេលដែល​ត្រូវ​ប្តូរ​ឈ្មោះ​ប្រទេស​។  ចំណែក​ឈ្មោះ​ថ្មី​ចាំបាច់​ត្រូវតែ​រំលេច​ឲ្យ​ឃើញ​ពី​បេតិកភណ្ឌ ប្រពៃណី និង​ជំនឿ​ពិសេស​លើ​សាសន​គ្រឹ​ស្ត​របស់​ប្រជាជន​យើង​»​។ លោក Danny Mataroa បានបញ្ជាក់​ដូច្នេះ​។

​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣០០០​គីឡូម៉ែត្រ​ពី​នូ​វែ​ល​សេ​ឡង់ ប្រជាជន​ដែល​រស់​នៅលើ​កោះ Cook សម្រេច​យកឈ្មោះ​បែបនេះ​ដើម្បី​ឧទ្ទិស​ដល់​អ្នករុករក​ជនជាតិ​អង់គ្លេស​លោក James Cook​។ ដូច្នេះហើយ​ទើបបានជា​ពេលនេះ​ប្រជាជន​កោះ​នេះ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​វិញ​ឲ្យ​សម​ស្របតាម​អត្តសញ្ញាណ​និង​វប្បធម៌​ប្រជាជន​ប៉ូ​លី​ណេ​ស៊ី​។​

​ដោយឡែក ឧបនាយករដ្ឋមន្ត្រី​កោះ Cook លោក Mark Brown បង្ហាញ​ជំហរ​គាំទ្រ​ការឈាន​ទៅ​ប្តូរ​ឈ្មោះ​នេះ ប៉ុន្តែ​លោក​ទទួលស្គាល់ថា វា​ត្រូវការ​ពេលវេលា​យូរ​ទម្រាំ​កោះ​ដែលមាន​ប្រជាជន​ប្រហែល ១២០០០​នាក់​នេះ​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​បាន​។

​សូម​រម្លឹក​បន្តិច​ថា កោះ Cook ស្ថិតក្រោម​អាណាព្យាបាល​របស់​អង់គ្លេស​ពី​ឆ្នាំ ១៨៨៨​ ដល់​ឆ្នាំ ១៩០០ មុននឹង​ត្រូវ​ផ្ទេរ​មក​ជាទឹកដីអាណានិគមនៅក្រោម​ការគ្រប់គ្រងរួមជាមួយនូ​វែ​ល​សេ​ឡង់​។ ដល់​ឆ្នាំ ១៩៦៥ Cook ទទួលបាន​ប្រកាសឯករាជ្យជា​ផ្លូវការ ប៉ុន្តែ​រាល់​ទំនាក់ទំនង​ការបរទេស​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលនូ​វែ​ល​សេ​ឡង់​វិញ​។ ចំណែក​ប្រជាជន​កោះ Cook អាច​រស់នៅ ឬ​ចេញចូល​នូ​វែ​ល​សេ​ឡង់​បាន​ដោយ​ងាយស្រួល​ដែរ​។

​តាមពិតទៅ វា​មិនមែនជា​លើកដំបូង​ឡើយ​ដែល​បញ្ហា​ជុំវិញ​ការប្តូរឈ្មោះ​នេះ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សាគ្នា​។ ឆ្នាំ ១៩៩៤ មាន​ប្រជាមតិ​មួយ​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​សួរ​មតិយោបល់​ប្រជាជន​លើ​ការប្តូរឈ្មោះ​កោះ​ទៅ Avaiki Nui ប៉ុន្តែ​វាទ​ទួល​បរាជ័យ​។​

Tag:
 Cook Islands
  ប៉ាស៊ីហ្វិក​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com