ជាតិ
សម្ដេច ហ៊ុន សែន​៖ ពីមុន​វិស័យ​កសិកម្ម ប្រៀបដូចជា​មាស ដែល​ខ្វះ​ក្រដាស​ខ្ចប់ តែ​ឥឡូវ​ខ្វះ​ទីផ្សារ​
14, Mar 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​កសិកម្ម​កម្ពុជា ប្រៀបដូចជា​មាស ដែល​ខ្វះ​ក្រដាស​ខ្ចប់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​សំដៅលើ​បញ្ហា​ខ្វះ​លទ្ធភាព នាំចេញ​ផលិតផល​កសិកម្ម ទៅ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។​

 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បាន​និយាយថា ពីមុន​កម្ពុជា មាន​កំណើន​ផលិតផល​កសិកម្ម ប៉ុន្តែ​ព្រួយបារម្ភ​ពី​បញ្ហា​កែច្នៃ​។ តែ​បច្ចុប្បន្ន​កម្ពុជា អាចមាន​លទ្ធភាព​កែច្នៃ​ផលិតផល​កសិកម្ម ស្រាប់តែ​ខ្វះ​លទ្ធភាព​នាំចេញ​ទៅ​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​ទៅវិញ ខណៈដែល​ប្រទេសជិតខាង​ក៏​សម្រុក​នាំចេញ​ផលិតផល​កសិកម្ម​ដែរ ។​
 
​ត្រង់ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល ចង់​សង្កត់ធ្ងន់ថា មូល​ហេតុដែល​កម្ពុជា ពិបាក​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​ប្រទេសជិតខាង​នោះ ដោយសារតែ​ផលិតផល​កម្ពុជា មានតម្លៃ​ខ្ពស់​ជាងគេ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​បញ្ហា​ជាក់ស្ដែង​មក​និយាយថា គ្រាន់តែ​ហ្វីលីពីន​បើក​ទីផ្សារ​កសិកម្ម​ឲ្យ​ប្រទេស​ក្នុង​តំបន់​ដេញថ្លៃ​នាំចូល​នោះ ក៏​កម្ពុជា ដេញថ្លៃ​មិន​ឈ្នះ​វៀតណាម និង​ថៃ​ដែរ ព្រោះ​តម្លៃ​ផលិតផល​កសិកម្ម​ប្រទេស​ទាំងពីរ​នេះ ថោក​ជាង​ផលិតផល​កម្ពុជា​។​

​សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​៖



 
«​បញ្ហា​ចោទឡើង​គឺជា​អ្វី ? បញ្ហាសំខាន់​របស់​យើង ! ពីមុន​នេះ (​កសិកម្ម​ស្រូវ​) គឺ​ប្រៀបដូចជា​យើង​មាន​មាស ខ្វះ​ក្រដាស​ខ្ចប់ នៅត្រង់ថា នៅពេលដែល​ផលិតកម្ម ជំរុញ​ល្បឿន​ផលិតកម្ម​កើនឡើង គឺ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ការកែច្នៃ​សម្រាប់​ការនាំចេញ​គឺ​នៅមានកម្រិត​ណាស់​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​(​ផលិតផល​កសិកម្ម​)​នេះ អាច​នឹងមាន​ការកើនឡើង អាច​នឹង​ឈានដល់​ការដែល​យើង​កែច្នៃ បាន​៣​ទៅ​៤​លាន​តោន​ក្នុងពេល​ខាងមុខ …​។ ប៉ុន្តែ​បញ្ហា​មួយ ដែល​យើង​ត្រូវ​ឃើញ យើង​គ្រាន់តែ​គិត​ទីផ្សារ​ហ្វីលីពីន​មួយ​ប៉ុណ្ណោះ កម្ពុជា​មិនដែល​ដេញថ្លៃ​ឈ្នះ​វៀតណាម និង​ថៃ​នោះទេ​។ គឺ​យើង​ដេញ​មិន​ឈ្នះ​គេ​តែម្ដង មូលហេតុ​ផលិតផល​កសិកម្ម​រប​ស់​យើង គឺមាន​តម្លៃ​ខ្ពស់ជាង​តម្លៃ​វៀតណាម និង​ថៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​ដោយសារ​មើលឃើញ​បញ្ហា​នេះ សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម និង​ការចំណាយ​ខ្ពស់​របស់​កសិករ ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការផលិត ហើយ​នាំ​ចេញទៅ​ប្រកួតប្រជែង​។ ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ជំរុញ​ឲ្យ​សេដ្ឋី​ពាន់​លាន និង​សេដ្ឋី​រយ​លាន ងាក​មក​ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នេះ​ផងដែរ​។​
 
​វិស័យ​កសិកម្ម​ឆ្នាំ ២០១៨-២០១៩ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​ផលិតផល​ស្រូវ សរុប​សម្រេច បាន​ក្នុង​បរិមាណ ១០,៨៧ លាន​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ ៣,៣៧% និង​ស្រូវ​មាន​ចំនួន​ជាង ៥,៨ លាន​តោន ឬ គិត​ជា អង្ករ​ស្មើនឹង​ជាង ៣,៧ លាន​តោន ។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ស​ម្រ​ច​បាន ១៦,៧ លាន​តោន កើន​លើស​ឆ្នាំមុន ប្រមាណ ២% ជាពិសេស​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​រហូតដល់ ១៤% ផលិតកម្ម​សត្វ ៣,៤% និង​វារីវប្បកម្ម​កើន​ប្រមាណ ២២,៤% ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប​ម្រា​ញ់ និង​នេសាទ​៕
 

Tag:
 ​ហ៊ុន សែន​
  កសិកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com