អន្តរជាតិ
ឧស្សាហកម្ម​ភាពយន្ត​ជោគជ័យ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨ ដោយ​រក​ចំណូល​ជិត​១០០​ពាន់​លាន​ដុល្លារ​
23, Mar 2019 , 8:59 am        
រូបភាព
ដោយ:
​ឧស្សាហកម្ម​ភាពយន្ត​នៅ​ទូទាំង​ពិភពលោក ទទួលជោគជ័យ​ខ្លាំង​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ក្នុង​ឆ្នាំ​២០១៨ ដោយ​រកចំណូលបាន​ចំនួន​៩៦,៨​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ ៤០​ពាន់​លាន​ដុល្លារ​បានមកពី​ការលក់​សំបុត្រ​តាម​បណ្តា​រោងកុន​។ នេះ​បើតាម​តួលេខ​ថ្មី​មួយ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ដោយ​សមាគម Motion Picture អាមេរិក (MPAA) ។ 

 
​បច្ចុប្បន្ននេះ ក្រៅពី​ទស្សនា​ភាពយន្ត​នៅតាម​បណ្តា​រោងកុន​នានា គេ​ឃើញ​មាន​សម្ទុះ​នៃ​ការប្រើប្រាស់​សេវាកម្ម Streaming វីដេអូ​តាម​អន​ឡាញ រួមមាន Netflix និង Amazon Prime ជាដើម​។ ត្រង់ចំណុច​នេះ សមាគម Motion Picture អាមេរិក ដែលមាន​សមាជិកភាព រួមមាន ផលិតកម្ម​ធំៗ​របស់​ហូលីវូត​ចំនួន​៦ និង​ក្រុមហ៊ុន Netflix គូសបញ្ជាក់ថា ប្រមាណ​ជាង ៥២​ភាគរយ​នៃ​ពេលវេលា​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​របស់​ប្រជាជន​អាមេរិក ចំណាយ​លើ​បណ្តាញ​ឌីជីថល​។​
 
​យោងតាម​របាយការណ៍​ខាងលើ ទីផ្សារ​ភាពយន្ត​សកល រាប់បញ្ចូល​ទាំង​នៅតាម​រោងកុន និង​នៅតាម​ផ្ទះ មាន​កំណើន​ប្រមាណ​៩​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ការកើនឡើង​នេះ ត្រូវ​ជំរុញ​ដោយ​សម្ទុះ​ខ្សែភាពយន្ត​ក្នុង​ចក្រវាល Marvel ចំនួន​ពីរ រួមមាន « Black Panther» រកចំណូលបាន​ជាង​១,៣​ពាន់​លាន​ដុល្លារ និង «Avengers: Infinity War» រកចំណូលបាន​ជាង​២​ពាន់​លាន​ដុល្លារ​។ ភាពយន្ត​ទាំងពីរ​នេះ ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៨​។ 
 
​បន្ថែម​ពី​ចំណូល​មកពី​ការលក់​សំបុត្រ​កុន ការចំណាយ​សម្រាប់​ទស្ស​នា​ភាពយន្ត​នៅតាម​ផ្ទះ រួមមាន ការភ្ជាប់​សេវាកម្ម​ទូរទស្សន៍​ខ្សែកាប និង​ជាវ​សេវាកម្ម Streaming ស្ទុះ​ឡើងដល់​១៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​ឈានដល់ ៥៥,៧​ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ បាន​បំបែក​កំណត់ត្រា​ជា​លើកដំបូង ដែល​វ៉ា​ដាច់​ចំណូល​លក់​សំបុត្រ​នៅតាម​រោងកុន​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP គិត​ចាប់ពី​ឆ្នាំ​២០១៤​មក ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល បាន​កើនឡើង​ប្រមាណ ១៧០​ភាគរយ​នៅ​ទូទាំង​សកលលោក​។ 
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ការលក់​សំបុត្រ​កុន​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា បូក​បញ្ចូល​គ្នា​មាន​ចំនួន​១១,៩​ពាន់​លាន​ដុល្លារ​។ ចិន​ឯណោះ​វិញ រកចំណូលបាន​៩​ពាន់​លាន​ដុល្លារ និង​ជប៉ុន​រកបាន​២​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស បារាំង ឥណ្ឌា និង​អាល្លឺម៉ង់​៕
 

Tag:
 ឧស្សាហកម្ម​ភាពយន្ត​
  កម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com