ជាតិ
សុខភាព
ក្រសួងសុខាភិបាល​៖​ជំងឺ​ពងបែក​ដៃជើង និង​មាត់​ចំពោះ​កុមារ កើនឡើង​នៅ​រដូវក្ដៅ​នេះ
24, Mar 2019 , 4:19 pm        
រូបភាព
​ក្រសួងសុខាភិបាល បាន​រកឃើញ​ការកើនឡើង​នៃ​ករណី​ជំងឺ​ពងបែក​ដៃជើង និង​មាត់ នៅក្នុង​អំឡុងពេល​នៃ​ការកើនឡើង​កម្តៅ​នេះ លើ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​ករណីខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ ដើម្បី​សង្គ្រោះបន្ទាន់​។

 
​បើតាម​ក្រសួងសុខាភិបាល ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ ជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​កើតឡើង​ញឹកញាប់​ចំពោះ​ទារក និង​កុមារ​។ វា​បង្ក​ឲ្យ​មាន​រោគសញ្ញា​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង​មាន​ពង​កន្ទួល​លើ​បាតជើង និង​កំប៉េះគូទ​។ វា​កើតមាន​នៅក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​។ ជំងឺ​ពងបែក ដៃ ជើ និង​មាត់ ភាគច្រើន​ជា​ជំងឺ​ស្រាល ហើយ​អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​ជាសះស្បើយ​ក្នុង​រយៈពេល​ពី  ៧​ថ្ងៃ ទៅ​១០​ថ្ងៃ ដោយ​ពុំ​ចាំបាច់​មានការ​ព្យាបាល ហើយ​កម្រ​មាន​ផលវិបាក​ណាស់​។ អ្នកជំងឺ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន ហើយ​អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កម្តៅ និង​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​បណ្តាលមកពី​ព​បែក​ក្នុង​មាត​។ មិនត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន ដើម្បី​បញ្ចុះ​កម្តៅ​ឡើយ​។​
 
​ដោយឡែក​ជំងឺ​ពងបែក​នេះ ក៏​អាច​បង្ក​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​មួយចំនួន​ដែរ មាន​រោគសញ្ញា សន្លឹម ប្រកាច់ ឬ​កន្ត្រាក់​ដៃជើង ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ និង​ផ្លូវដង្ហើម រោគសញ្ញា​ហត់​។ ការប៉ះពាល់​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ នៃ​ផ្លូវដង្ហើម ទឹកមាត់ កំ​ហារ និង​ទឹករងៃ​ចេញពី​ពងបែក​អ្នកជំងឺ អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នា​ក់បាន​។ 
 
​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់ ការពារ​កុមារ និង​អនុវត្ត​អនាម័យ​ឲ្យ​បានល្អ ជាពិសេស​ពេលមុន​ពេល​បរិភោគ ឬ​ផ្ដល់​ចំណីអាហារ​ដល់​កុមារ និង​ត្រូវ ប្រញាប់​យក​កុមារ​ទៅ​មន្ទីរពេទ្យ​ប្រសិនបើ​កុមារ​មាន​រោគ​ស​ញ្ញ​ដូចខាងលើ​។​
 
​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​នេះ ក្រសួង​បាន​ណែនាំ​ឲ្យ​រក្សា​អនាម័យ​ល្អ និង​យក​កូន​ទៅ​ពេទ្យ​ទាន់ពេល ប្រសិនបើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ អាណាព្យាបាល ត្រូវ​លាងដៃ​កុមារ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​ជាមួយ​ទឹក​អាល់កុល ជាពិសេស​ក្រោយ​ប៉ះ​ពងបែក ឬ​ដំបៅ មុនពេល​រៀបចំ​អាហារ មុនពេល​បរិភោគ មុន​បញ្ចុក​ចំណី​ដល់​ទារក ឬ​កុមារ ក្រោយ​ប្រើប្រាស់​បង្ក​ន់​អនាម័យ និង​ក្រោយ​ប្តូរ​ទ្រនាប់​គូទ​ទារក ឬ​ជូត​សម្អាត​រាងកាយ​កុមារ​។ នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​ប្រាប់​បន្ត​ប្រាប់​អាណាព្យាបាល​ឲ្យ​ផ្តល់​អាហារ​ដែលមាន​ជីវជាតិ​ច្រើន និង​ទឹកស្អាត​ដល់​កុមារ​។ 
 
​លាង​សម្អាត​ដៃ និង​របស់​ដែល​ប្រលាក់​ដោយ​ទឹក និង​សាប៊ូ និង​ត្រូវ​ចៀសវាង​ការប៉ះពាល់​សិទ្ធ​ស្នាល​ជាមួយ​កុមារ​ដែលមាន​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ ដូចជា​ឱប ថើប ឬ​ប្រើប្រាស់​សម្ភារ​សម្រាប់​ហូបចុក​រួមគ្នា​ជាដើម​។ នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​បញ្ជាក់ថា ធ្វើ​ដូច្នេះ ក៏​អាច​កាត់បន្ថយ​ការឆ្លង​ផងដែរ​៕
 

Tag:
 ​សុខាភិបាល​
 ​ជំងឺ​ពងបែក​
 ​កុមារ​
 ​រដូវក្តៅ​
© រក្សាសិទ្ធិដោយ thmeythmey.com