កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា​ស្មើ​ឆាយ​នី​ស​តៃប៉ិ រីឯ​កូរ៉េខាងត្បូង និង​អូស្ត្រាលី​នាំគ្នា​ទៅ​វគ្គ​បន្ត​
26, Mar 2019 , 9:55 pm        
រូបភាព
ប្រាក់ ធីវ៉ា ប្រជែងយកបាល់ជាមួយកីឡាករ​របស់ឆាយនីសតៃប៉ិ។ រូបថត សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
ប្រាក់ ធីវ៉ា ប្រជែងយកបាល់ជាមួយកីឡាករ​របស់ឆាយនីសតៃប៉ិ។ រូបថត សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា បានបញ្ចប់​យុទ្ធនាការ AFC U23 Championship ជាមួយនឹង​លទ្ធផល​ស្មើ​ឆាយ​នី​ស​តៃប៉ិ ១-១ នា​ជំនួប​ចុងក្រោយ​ពូ​ល H ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ រីឯ​ជំនួប​គូ​ទីមួយ កូរ៉េខាងត្បូង និង​អូស្ត្រាលី ចាប់ដៃគ្នា​ទៅកាន់​វគ្គ​បន្ត​នៅ​ប្រទេស​ថៃ ក្រោយ​លទ្ធផល​ស្មើ ២-២ ។​



​សមាសភាព U23 កម្ពុជា ស្ទើរតែ​ផ្លាស់ប្តូរ​ទាំងស្រុង បើ​ប្រៀបធៀប​ទៅនឹង​ជំនួប​ជាមួយ​អូស្ត្រាលី និង​កូរ៉េខាងត្បូង ជាពិសេស​លោក Keisuke Honda ដែលជា​អ្នកចាត់ការ​ទូទៅ និង​គ្រូបង្វឹក​លោក Felix Dalmas ផ្តល់ឱកាស​ដល់​កីឡាករ​ទាំងអស់​បាន​ចូល​លេង​ដើម្បី​ពង្រឹងសមត្ថភាព​។​

U23 កម្ពុជា បើក​ការវាយលុក​ទៅលើ​ក្រុម​ភ្ញៀវ ហើយ​នៅ​នាទី​៤០ ស៊ិន កក្កដា បាន​ប្រើ​ជើងឆ្វេង​ស៊ុត​បញ្ចូល​ទី​នាំមុខ​បានសម្រេច ក្រោយ​ការបញ្ជូន​របស់ ឃៀង ម៉េង​ហ៊ួ​។ ឈានដល់​នាទី​៥៧ ខ្សែការពារ Philip John Ponder បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ភ្ញៀវ ហើយក៏​ជា​គ្រាប់​បាល់​ដំបូង​របស់​ឆាយ​នី​ស​តៃប៉ិ នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​សម្រាប់​គូប្រកួត​គូ​ទីមួយ ខ្សែប្រយុទ្ធ Nicholas D’Agostino រកបាន​គ្រាប់​បញ្ចូល​ទី​២​គ្រាប់​នាំមុខ​គ្រាប់​សម្រាប់​អូស្ត្រាលី តែ Cho Young-wook និង Lee Dong-gyeong រកបាន​គ្រាប់​បញ្ចូល​ម្នាក់​១​គ្រាប់​ដើម្បី​តាម​ស្មើ​សម្រាប់​កូរ៉េខាងត្បូង​។

​លទ្ធផល​ស្មើ​នាំ​ឲ្យ​កូរ៉េខាងត្បូង មាន​៧​ពិន្ទុ​ឈរ​លេខ​មួយ​ពូ​ល H ខណៈ​អូស្ត្រាលី​ដែលមាន​៧​ពិន្ទុ​ដូចគ្នា តែ​ចាញ់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ក៏ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ផងដែរ​ក្នុងនាម​ជា​ក្រុម​លេខ​ពីរ​ដែល​ល្អ​ជាងគេ​។​

​ជម្រើស​កម្ពុជា​៖ សា​វែង សំណាង (​អ្នកចាំទី​), សឿត បារាំង​, អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), អ៊ុក សុវណ្ណ​, កែន ច័ន្ទ​សុភ័ក្ត្រ​, ទេស សម្បត្តិ​, ប្រាក់ ធី​វ៉ា​, ស៊ិន កក្កដា​, យ៉ើ មូស្លីម (​សៀង ច​ន្ធា ៨៦), ជា វេ​ស្លី (​ទៀត គឹម​ហេង ៧៨), ឃៀង ម៉េង​ហ៊ួ (​ណា​រ៉ុង កក្កដា ៦១)៕


Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com