អន្តរជាតិ
ការធ្វើអត្តឃាត ជា​ឃាតករ​លាក់​មុខធំ​បំផុត​ក្នុងចំណោម​កុមារ​ជប៉ុន​
27, Mar 2019 , 11:41 am        
រូបភាព
ដោយ:
​បន្ទាប់ពី​វិភាគ​លើ​ទិន្នន័យ​ប្រជាសាស្ត្រ​ពី​រដ្ឋាភិបាល​ជប៉ុន ការធ្វើអត្តឃាត​បានក្លាយ​ជា​មូលហេតុ​ដ៏​ធំ​បំផុត​នៃ​ការស្លាប់​របស់​កុមារ​ក្នុងប្រទេស​ជប៉ុន ដែលមាន​អាយុ​ចន្លោះ​ពី ១០ ទៅ ១៤​ឆ្នាំ ។ បើតាម​សារព័ត៌មាន​ជប៉ុន Kyodo នេះ​គឺជា​លើកដំបូង​បង្អស់​ហើយ ដែល​ការធ្វើអត្តឃាត​ត្រូវ​ទទួលស្គាល់ ជា​ឃាតករ​លាក់​មុខ​ដ៏​ធំជាងគេ បន្ទាប់ពី​ជំងឺមហារីក គិត​ចាប់ពី​ក្រោយ​ជំនាន់​សម័យ​សង្គ្រាមលោក​មក​។

 
​ថ្វីបើ​តួលេខ​សរុប​នៃ​ប្រជាជន​ដែល​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​នៅ​ជុំវិញ​ប្រទេស​ជប៉ុន ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពិតមែន​។ ប៉ុន្តែ​ស្ថិតិ​ឆ្នាំ ២០១៧​របស់​ក្រសួងសុខាភិបាល​ជប៉ុន បង្ហាញថា កុមារ​១០០​នាក់​ក្នុងចំណោម​អាយុ​ពី​១០​ទៅ​១៤​ឆ្នាំ បានបញ្ចប់​ជីវិត​ខ្លួនឯង ដែល​ស្មើនឹង​ប្រមាណ ២២,៩​ភាគរយ​នៃ​ការស្លាប់​ក្នុង​ជំនាន់​របស់​ពួកគេ​។ 
 
​បើតាម​របាយការណ៍​ខាងលើ​ដដែល ការស្លាប់​ដោយសារ​ជំងឺមហារីក ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​ពីរ ប្រមាណ​២២,៧​ភាគរយ និង​តាម​ពីក្រោយ​ដោយ​ការសម្លាប់​ដោយ​ឧប្បទ្ទវហេតុ ប្រមាណ​១១,៧​ភាគរយ​។ ជារួម តួលេខ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត កាលពី​ឆ្នាំ​២០០៣ មាន​ចំនួន​ច្រើនជាង ៣២០០០​នាក់ មុននឹង​ចាប់ផ្តើម​ធ្លាក់​ចុះមក​ត្រឹម​ចំនួន ២០៤៦៥​នាក់​ក្នុង​ឆ្នាំ​២០១៧​។  
 
​យ៉ាងណាមិញ តួលេខ​អ្នកស្លាប់​ដោយ​ការធ្វើអត្តឃាត​ក្នុង​ចំនួន​មនុស្ស​១០​ម៉ឺន​នាក់​នៃ​ក្រុមមនុស្ស​អាយុ​ចន្លោះ​ពី ១០ ទៅ​១៩​ឆ្នាំ នៅតែ​មិន​ប្រែប្រួល​ដដែល​។ ឯ​ក្នុងចំណោម​អ្នក​ដែលមាន​អាយុ​ពី​១៥ ទៅ ៣៩ ឆ្នាំ ការធ្វើអត្តឃាត​គឺជា​មូលហេតុ​ដ៏​ធំ​នៃ​ការស្លាប់​របស់​ពួកគេ ចាប់តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ហើយ​ពាក់កណ្តាល​នៃ​អ្នក​ទាំងនោះ​គឺ​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ​។​
 
​ចំពោះ​កត្តា​ដែល​បង្ក​ឲ្យ​កុមារ​អាយុ​ចន្លោះ​ពី ១០ ទៅ ១៤ ឆ្នាំ ធ្វើអត្តឃាត ពុំទាន់​ត្រូវបាន​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​ជប៉ុន និង​ឯកសារ​ផ្សេងៗ​ទៀត​។ ភាគច្រើន​នៃ​អ្នក​ដែល​បានធ្វើ​អត្តឃាត​ទាំងនោះ ពុំ​ធ្លាប់​មានបំណង​សម្លាប់​ខ្លួនឯង​ពីមុនមក​ទេ ដែល​វា​បណ្តាល​ឲ្យ​មនុស្ស​ផ្សេងទៀត​នៅ​ជុំវិញ​ពួកគេ​ពិបាក​ក្នុង​កត់ចំណាំ​ពីស​ញ្ញា​នៃ​ការចង់​ធ្វើអត្តឃាត​។ 
 
​បើតាម​សារព័ត៌មាន Kyodo លោកស្រី Junko Sakanaka មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ទទួលបន្ទុក​ទប់ស្កាត់​ការធ្វើអត្តឃាត ចាត់ទុក​របាយការណ៍​នេះ​ជា «​ស្ថានការណ៍​ធ្ងន់ធ្ងរ​» មួយ​។ លោកស្រី​បន្ថែមថា​៖«​ដើម្បី​ការពារ​ក្មេងៗ​ពី​ការបញ្ចប់​ជីវិត​របស់​ពួកគេ​ ​យើង​ត្រូវ​ឈ្វេងយល់​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ក្មេងៗ​ទាំងនោះ​ឲ្យ​លម្អិត និង​តាមដាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ ដែល​ពួកគេ​សម្តែង​ចេញមក​»៕
 

Tag:
 ជប៉ុន​
  ការសិក្សា​
  ការធ្វើអត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com