ជាតិ
សង្គមជាតិ
លិខិត​បួន​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ ផ្ញើ​ទៅ​តួ​ក​គី វៀតណាម ថៃ និង ឡាវ សុំ​ឲ្យ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​
29, Mar 2019 , 5:20 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី, ជាមួយលោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីថៃ, ជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម, និងជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ
ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី, ជាមួយលោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីថៃ, ជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម, និងជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ
ដោយ: ថ្មីៗ
កម្ពុជា ទិញម៉ាស៊ីនភ្លើងផ្ទុកអគ្គិសនី២០០មេហ្កាវ៉ាត់ពីតួកគី ហើយសុំឲ្យវៀតណាម ជួយផ្គត់ពី៥០ទៅ១០០មេហ្កាវ៉ាត់បន្ថែម សុំឲ្យថៃ ជួយផ្គត់ផ្គង់៨០មេហ្កាវ៉ាត់បន្ថែម និងសុំឲ្យឡាវ ជួយផ្គត់ផ្គង់១០មេហ្កាវ៉ាត់បន្ថែម។



រដ្ឋាភិបាល​កម្ពុជា ខ្នះខ្នែង​ស្វែងរក​ជំនួយ​ពី​បណ្តា​ប្រទេស​មួយចំនួន ដើម្បី​សុំ​ឲ្យ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា ដែល​កំពុង​ខ្វះខាត​។ មាន​រដ្ឋាភិបាល​បរទេស​បួន គឺ​តួ​ក​គី វៀតណាម ថៃ និង ឡាវ ដែល​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ញើលិខិត​ទៅជូន ដើម្បី​សុំ​ឲ្យ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​។
 
​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា លិខិត ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​តួ​ក​គី គឺ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នៃ​ការបញ្ជូន​ម៉ា​ស៊ីន​មក​កម្ពុជា ដែល​ម៉ាស៊ីន​នោះ អាច​ផ្គត់ផ្គង់​អគ្គិសនី​២០០​មេ​ហ្កា​វ៉ា​ត់​។ សម្តេច​​នាយក ថ្លែង​បែបនេះ​ថា​៖«​យើង​បាន​ចរចា​ត្រូវ​គ្នា​ហើយ​»​។ 
 
​លោក វុ​ច​ទ័​រ ហ្សូ​នា អ្នកនាំពាក្យ​អគ្គិសនី​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា​រួចហើយ រដ្ឋាភិបាល​តួ​ក​គី អាច​នឹង​បញ្ជូន​ម៉ាស៊ីន​នោះ មក​កម្ពុជា ក្នុង​រយៈពេល​៥​សប្តាហ៍​ក្រោយ​។ លោក បន្តថា ម៉ាស៊ីនភ្លើង​នោះ គឺ​កម្ពុជា​ទិញ​ពី​តួ​ក​គី មិនមែនជា​ជំនួយ​ទេ​។ តែ​អ្នកនាំពាក្យ​រូបនេះ ពុំបាន​បញ្ជាក់​ពី​តម្លៃ​ឡើយ​។ 
 
​ចំណែក លិខិត ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម គឺ​ដើម្បី​សុំ​ឲ្យ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា ច​ម្លោះ​ពី​៥០​ទៅ​១០០មេហ្កាវ៉ាត់​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន វៀតណាម ជួយ​ផ្គត់ផ្គង់​ប្រមាណ​២០០​មេ​ហ្កា​វ៉ា​ត់​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដដែល​។ 
 
​ចំពោះ ថៃ និង ឡាវ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ពុំបាន​បញ្ជាក់​ទេ ថា​សុំ​ឲ្យ​ជួយ​ផ្គត់​ផ្គត់​អគ្គិសនី​ប៉ុន្មាន​បន្ថែមទៀត​។ ប៉ុន្តែ កន្លងមក អគ្គិសនី​កម្ពុជា ផ្តល់ព័ត៌មាន​ថា ថៃ យល់ព្រម​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​៨០​មេ​ហ្កា​វ៉ា​ត់​បន្ថែម និង ឡាវ ជួយ​ផ្គត់ផ្គង់​១០​មេ​ហ្កា​វ៉ាត់​បន្ថែម​។ 
 
​ក្នុង​វេទិកា​ខាងលើ ដែលមាន​វត្តមាន​ទូត​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ដែរនោះ មេដឹកនាំ​កម្ពុជា ថ្លែង​បែបនេះ​ថា​៖«​បើ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ដើម្បី​យើងខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​»​។
 
​លោក វុ​ច​ទ័​រ ហ្សូ​នា លើកឡើងថា ចំពោះ​ការផ្គត់ផ្គង់​អគ្គិសនី​ពី​វៀតណាម ថៃ និង ឡាវ ក៏​ជា​ការទិញ​ដែរ ពោលគឺ​មិនមែន​ប្រទេស​ទាំងនេះ ជួយ​ផ្គត់ផ្គង់​ដោយ​មិន​គិតថ្លៃ​នោះទេ​។
   
​មូលហេតុ​ធំៗ​ពីរ​យ៉ាង ដែល​បណ្តាល​ឲ្យ​កម្ពុជា ជួប​បញ្ហា​ខ្វះ​អគ្គិសនី គឺ​គ្រោះរាំងស្ងួត​និង​ការកើនឡើង​នូវ​វិស័យ​សំណង់​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ចេញ​របាយការណ៍​ថា គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ខែ​នៃ​ដើមឆ្នាំ​២០១៩​នេះ វិស័យ​សំណង់ បាន​កើន​ឡើងដល់​ទៅ​ប្រមាណ​៧០០​ភាគរយ​ឯណោះ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។
 
​អគ្គិសនី​ដែល​ខ្វះខាត គឺ​ប្រមាណ​៤០០​មេ​ហ្កា​វ៉ា​ត់​។ អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា ការខ្វះខាត​នេះ នឹង​អូសបន្លាយ​រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០១៩​។ 
 
​ស្រប​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ម៉ាស៊ីនភ្លើង​ស្រាប់ ឲ្យ​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​របស់ខ្លួន​សិន ចំណែក​អ្នក​ដែលមាន​លទ្ធភាព គួរ​ទិញ​ម៉ាស៊ីនភ្លើង ខណៈ​អគ្គិសនី មិនមាន​ការផ្គត់ផ្គង់​ទៀងទាត់​។ បន្ថែម​ពីលើ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ សំ​ន្សំ​សំចៃ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ផងដែរ​៕ 

Tag:
 ហ៊ុន សែន​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com