អន្តរជាតិ
ស​.​រ​.​អា​.​និយាយថា​ការបញ្ជូន​យោធា​រុស្ស៊ី​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាការ​បង្ករឿង​និង​ការគំរាមកំហែង​ដល់​សន្តិភាព​
30, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​សេត​វិមាន​បាន​ព្រមាន​ម្ដងទៀត​ដល់​ប្រទេស​នានា ដោយមាន​រួមបញ្ចូល​ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ កុំឱ្យ​បញ្ជូន​ពួកយោធា​ទៅកាន់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅពេលដែល​អាមេរិក​ថ្កោលទោស​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា Nicolas Maduro អំពី «​ការបន្ត​ប្រើ​ពួក​បុគ្គលិក​យោធា​បរទេស​នៅក្នុង​ការប៉ុនប៉ង​រប​ស់លោក​ដើម្បី​កាន់អំណាច​តទៅទៀត​»​។​

 
​កាលពី​ថ្ងៃ​សុក្រ លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​បានធ្វើ​សេចក្តីថ្លែងការណ៍​នេះ ពីរ​ថ្ងៃក្រោយ​លោក​ប្រធានាធិបតី​ស​.​រ​.​អា​. ដូ​ណា​ល់ ត្រាំ បាន​និយាយថា ប្រទេស​រុស្ស៊ី​ត្រូវតែ​ចេញពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​នៅក្រោយ​ការ​ទៅដល់​កាលពីពេល​ថ្មីៗ​នេះ​នៃ​ពួកយោធា​រុស្ស៊ី​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​នៅ​ទីនោះ​លោក Maduro កំពុង​ប្រយុទ្ធ​ដណ្តើម​អំណាច​ជាមួយ​លោក Juan Guaido មេដឹកនាំ​ក្រុមប្រឆាំង​និង​ជា​អ្នក​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​
 
​លោក Bolton បាន​និយាយថា​៖ «​លោក Maduro នឹង​ប្រើការ​គាំទ្រ​យោធា​នេះ​សម្រាប់​សង្កត់សង្កិន​ថែមទៀត​លើ​ប្រជារាស្ត្រ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បង្កើន​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​ស្ថិរភាព​ក្នុង​តំបន់​ថែម​ទៀតផង​។ យើង​អំពាវនាវ​ដល់​កង​យោធា​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឱ្យធ្វើតាម​កាតព្វកិច្ច​រដ្ឋ​ធម្មនុញ្ញ​របស់​ពួកគេ​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​»​។​
 
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​រូបនេះ​ក៏បាន​និយាយ​ដែរ​ថា ស​.​រ​.​អា​.​ក៏បាន​ព្រមាន​យ៉ាងខ្លាំង​ដល់​ប្រទេស​ឯទៀតៗ​នៅ​ខាងក្រៅ​អឌ្ឍគោល​ខាងលិច​កុំឱ្យ​បញ្ជូន​កង​យោធា​ទៅកាន់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឬ​កន្លែង​ឯទៀតៗ​ក្នុង​អឌ្ឍគោល​នេះ ដោយមាន​បំណង​ធ្វើ​កិច្ចប្រតិបត្តិការ​យោធា​។ សេចក្តីថ្លែងការណ៍​នេះ​ចែងថា​សកម្មភាព​បែបនេះ​នឹងត្រូវ​យល់ឃើញថា ជាការ​គំរាមកំហែង​ដោយផ្ទាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​។​
 
​នៅពេល​ជាមួយគ្នានេះ លោក Guaido បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ជំនួយ​ខាង​វេជ្ជសាស្ត្រ​ដ៏​សំខាន់​នឹង​ទៅដល់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុងពេល​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​។ តែ​លោក​មិនបាន​ផ្តល់​សេចក្តីលម្អិត​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com