ONE Championship
កីឡាជាតិ
ជាតិ
រឿង​ដែល ចាន់ រតនា មិនអាច​បំភ្លេចបាន​ក្នុង​អាជីព​នៅ One Championship
30, Mar 2019 , 9:39 pm        
រូបភាព
ដោយ​៖ ស៊ី​ធី 
 
អ្នកលេង​ក្បាច់គុន​ចម្រុះ ចាន់ រតនា ដែលមាន​វ័យ ៣៣ ឆ្នាំ បាន​ថ្លែងប្រាប់​អំពី​រឿង​មិនអាច​បំភ្លេចបាន​ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ ឬ MMA នៅ​សង្វៀន One Championship ដូច្នេះ​៖«​រឿង​ខ្ញុំ​មិនអាច​បំភ្លេចបាន​គឺ ពេល​អាជ្ញាកណ្ដាល​ឲ្យ​ខ្ញុំ​ចាញ់ ឌុន សំអាង ដោយ​គិតថា​ខ្ញុំ​វ៉ៃ​ខុស​បច្ចេកទេស​ឃាត់​មិនទាន់​។ ខ្ញុំ​យំ ខ្ញុំ​តូចចិត្ត​យូរ​ដែរ​ចំពោះ​លទ្ធផល ដែល​ខ្ញុំ​ត្រូវ​ឈ្នះ​ខ្សែក្រវាត់​មានតម្លៃ​ជិត ៥ ពាន់​ដុល្លារ​កាល​ឆ្នាំ ២០១៤​។​»

 
​គ្រូបង្វឹក​ក្លិប​ប្រដាល់​សិល្បៈ រំលឹក​ទៀតថា កាលនោះ​ស្ថាប័ន​កម្រិត​ពិភពលោក One Championship មក​រៀបចំ​ប្រកួត​លើកដំបូង​នៅ​កម្ពុជា​នៅ​ឆ្នាំ ២០១៤ ដោយ​តម្រូវ​ឲ្យ​មាន ២ គូ​វ៉ៃ ហើយ អ្នកឈ្នះ​ឡើងទៅ​ជួប​អ្នកឈ្នះ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ ពេលនោះ រតនា បាន​វ៉ៃ​ឲ្យ ប្រាក់ ចាន់​ស៊ីន លើក​ទង់ជ័យ​សនា​ទឹក​ទី​១ នៅ​ប្រកួត​ដំបូង ខណៈដែល ឌុន សំអាង វាយ​ឲ្យ ជិន ហេង ចុះចាញ់​ត្រឹម​ទឹក​ទី​១ ដូចគ្នា​។ ដូច្នេះ ចាន់ រតនា ត្រូវ​ប៉ះ ឌុន សំអាង នៅ​វគ្គ​ដណ្ដើម​ខ្សែក្រវាត់​។ ដោយសារ រតនា វ៉ៃ​ខុស​បច្ចេកទេស​នៅ​ទឹក​ទី​១ ទើប​ធ្វើ​ឲ្យ​ខ្សែក្រវាត់​លើកដំបូង​នៅ​សង្វៀន One Championship ធ្លាក់​ទៅលើ ឌុន សំអាង នៅ​ឆ្នាំ ២០១៤​។ 
 
​អ្នក​ប្រយុទ្ធ​ក្បាច់គុន​យុទ្ធ​ក្រម​ខម បានបញ្ជាក់​ទៀតថា​៖«​កាល​ហ្នឹង ខ្ញុំ​គ្មាន​ចេតនា ខ្ញុំ​ដួល​អស់​ជំហរ​ក៏ត្រូវ ឌុន សំអាង ហើយ​បន្ទាប់មកទៀត សំអាង គេ​លែង​វ៉ៃ ហើយ អាជ្ញាកណ្ដាល​កាត់ក្ដី​ឲ្យ សំអាង ឈ្នះ​ខ្ញុំ​តែម្ដង​។ ខ្ញុំ​តូចចិត្ត​ខ្លាំងណាស់ ខ្ញុំ​យំ​លំបាក​ចិត្តខ្លាំង​ក្រោយពេល​ប្រកួត​ចប់​។​» យ៉ាងណាក៏ដោយ អ្នក​ទាំងពីរ​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាថ្មី​ក្នុងនាម​ជា​គូ​សងសឹក នៅ​ខែ ធ្នូ ឆ្នាំ ២០១៥​។ ទីបំផុត ជើង​ខ្លាំង ចាន់ រតនា សងសឹក​បានសម្រេច​ដោ​យ​ប្រើពេល​ត្រឹម​ទឹក​ទី​១ វ៉ៃ​ឲ្យ ឌុន សំអាង ចុះចាញ់​ដោយ​អស់ចិត្ត​។ 
 
​ចំណែក​រឿង​បន្ទាប់បន្សំ​មួយទៀត​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់ រតនា នៅ​សង្វៀន​លំដាប់​ពិភពលោក​គឺ ពេល​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ចាញ់​កីឡាករ​ចិន Haobin Ma  កាល​ឆ្នាំ ២០១៦ ដែល​រៀបចំ​នៅ​ម៉ា​កាវ​។ អ្នកលេង​គុន​ខ្មែរ​រូបនេះ​សង្កត់ធ្ងន់ថា ៖«​មិនគួរណា Haobin Ma ឈ្នះ​ខ្ញុំ​ទេ ព្រោះ​គេ​ស៊ី​ខ្ញុំ​បាន​ត្រឹម ទឹក​ទី​១ តែ​ទឹក​ទី​២ មិន​ប៉ុន្មាន​ដែរ ហើយ​ទឹក​ទី​៣ ខ្ញុំ​ដេញ​វ៉ៃ​រហូត បែរជា​ចាញ់​ទៅវិញ​។ ខ្ញុំ​បាន​មើល​វីដេអូ​ឡើងវិញ​ទៀតផង​។ បើ​ថ្ងៃក្រោយ​គេ​ដាក់​ឲ្យ​សងសឹក ខ្ញុំ​នឹង​អាច​ឈ្នះ Haobin Ma ជាមិនខាន​ទេ​។​»
 
​គិត​ត្រឹម​ពេលនេះ ចាន់ រតនា ឡើង​សង្វៀន ប្រកួត​គុន​ចម្រុះ ឬ MMA បាន​ចំនួន ៨ ដង ដោយ​ឈ្នះ​ចំនួន ៥  និង ចាញ់​ចំនួន ៣ ដង​។ រតនា ឡើង​ប្រកួត​លើកដំបូង​ជា​អន្តរជាតិ នៅ​សង្វៀន One Championship តែម្ដង​ពេល​រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ឆ្នាំ ២០១៤ ពេល អាជ្ញាកណ្ដាល​ផ្ដល់ ឲ្យ ឌុន សំអាង ឈ្នះ​ដែល​គេ​គិតថា រតនា ប្រកួត​ខុស​បច្ចេកទេស​។ ចំណែក​ប្រកួត​ចុងក្រោយ​នៅ​សង្វៀន​ដដែល​នេះ ចាន់ រតនា ធ្វើ​ឲ្យ​ខ្ពស់​មុខមាត់ និង ទទួលបាន​ការចាប់អារម្មណ៍​ជា​សាកល​ដោយ​វ៉ៃ​កីឡាករ​គុន​ចម្រុះ ABRO Fernandez របស់​ឥណ្ឌូណេស៊ី ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ កាល ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com