ជាតិ
លោក ផែង ​វណ្ណៈ ត្រូវនាំខ្លួនទៅសួរ ក្រោមបណ្តឹងសម្តេច ហ៊ុន សែន
02, Apr 2019 , 10:41 am        
រូបភាព
លោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គមដ៏ល្បីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននិងនាំទៅសាកសួរ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ដាក់ពាក្យប្តឹង។



លោកមេធាវី គី តិច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖«ឥឡូវ គាត់ នៅកងរាជអាវុធហត្ថនៅឡើយទេ មិនទាន់បញ្ជូនទៅតុលាការទេ។ ទីមួយ គាត់ មានចេតនាបរិហារកេរ្តិ៍សម្តេច និង ទីពីរ គាត់ ចោទសម្តេច ថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី»។  

លោក ផែង វណ្ណៈ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោក ប្រព្រឹត្តអំពើពុករលួយ។ លោក ពេជ្រ ស្រស់ សង្ស័យបែបនេះ ក្រោយឃើញលោក វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។ 

លោក ផែង វណ្ណៈ បានសរសេរសារលើបណ្តាញសង្គម ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់លោក ពេជ្រ ស្រស់។ លោក បង្ហាញការហួសចិត្តថា គ្រាន់តែលោក យកថវិការ ទៅចូលបុណ្យ ក៏មានទោសនិងត្រូវគេប្តឹងដែរ។ បន្ទាប់មក លោក ក៏លើកពីករណីរបស់សម្តេច ហ៊ុន សែន ដែលបានយកថវិកាទៅចូលបុណ្យលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦។ 

លោក ចោទជាសំណួរថា បើប្តឹងលោក ថា ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះតែ លោក យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី?



ការប្រៀបធៀបនេះហើយ ដែលជាអង្គហេតុ នាំឲ្យលោក ផែង វណ្ណៈ រងបណ្តឹងពីមេធាវីរបស់សម្តេច ហ៊ុន សែន និងឈានទៅដល់ការនាំខ្លួនទៅសាកសួរ។ លោកមេធាវី គី តិច បកស្រាយបែបនេះថា៖«ការប្រៀបធៀបរបស់គាត់ គឺជាការបរិហារកេរ្តិ៍និងជាការចោទប្រកាន់ថាសម្តេច ជាឃាតកសម្លាប់លោក កែម ឡី»។ 

លោក ផែង វណ្ណៈ ក៏រងបណ្តឹងមួយទៀត ពីសារព័ត៌មាន Fresh News ផងដែរ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com