ភ្នំពេញ៖ ទិវាអាល្លែកហ្ស៊ីពិភពលោកឆ្នាំនេះ បានចាប់ផ្តើមពីទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹង ទាក់ទងនឹងបញ្ហាអាល្លែកហ្ស៊ីនៅទូទាំងពិភពលោក។ ឆ្នាំនេះទិវាអាល្លែកហ្ស៊ីពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទម«បញ្ហាពិភពលោកស្តីពីអាល្លែកហ្ស៊ីចំណីអាហារ»។
ជារៀងរាល់ឆ្នាំ អង្គការអាល្លែកហ្ស៊ីពិភពលោក ហៅកាត់ថា WAO ដោះស្រាយលើប្រធានបទផ្សេងៗគ្នា ដែលជាតម្រូវការសម្រាប់លើកកម្ពស់ការយល់ដឹងស្តីពីបញ្ហានេះ។ ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ អង្គការ WAO ផ្តល់ជូនអ្នកជំនាញថែទាំសុខភាព ក៏ដូចជាសាធារណជនទូទៅនូវការអប់រំ និងលើកកម្ពស់ការយល់ដឹង ជុំវិញប្រធានបទនានាតាម រយៈប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជារូបភាពជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនឱសថសាណូហ្វីកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពី«ឥទ្ធិពលនៃការបំពុលបរិយាកាសដែលបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ីច្រមុះ» តាមរយៈការចែករំលែកចំណេះដឹងបន្ថែមទៅ កាន់អ្នកជំនាញថែទាំសុខភាពនៅទីក្រុងភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ ក៏ដូចជានៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប និងកំពង់ចាម។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានដឹកនាំបុគ្គលិករបស់ខ្លួន ធ្វើយុទ្ធនាការជិះកង់ដើម្បីរួមចំណែកកាត់បន្ថយការបំណុលបរិយាកាស ដោយភ្ជាប់ជាមួយសារអប់រំ ស្តីពីរោគអាល្លែកហ្ស៊ី ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមសកម្មភាពសម្អាតបរិស្ថាន នៅតាមមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារផងដែរ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
អ្នកស្រី Sathirakawinskul Monsinee នាយិកាប្រតិបត្តិប្រចាំក្រុមហ៊ុនសាណូហ្វីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនតែងតែផ្តោតការយកចិត្តទុកដាក់ លើតម្រូវការអ្នកជំងឺ ជាពិសេសក្រុមហ៊ុនសាណូហ្វី មានបេសកកម្មធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែល្អប្រសើរឡើង ដើម្បីឲ្យពួកគេអាចរស់នៅក្នុងជីវិតមួយ ដ៏ពេញលេញ។ អ្នកស្រីបានបន្ថែមទៀតថា ការផ្តល់ការអប់រំ និងលើកកម្ពស់ការយល់ដឹងពីជំងឺ គឺជាដំណើរឆ្ពោះទៅមុខឥតឈប់ឈរ សម្រាប់ក្រុមហ៊ុនសាណូហ្វីនៅក្នុងប្រទេសកម្ពុជា។
ស្របពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រជាជនចាប់ផ្តើមរស់នៅកាន់តែមានភាពស៊ីវិល័យ ប៉ុន្តពួកគាត់ក៏ត្រូវប្រឈមជាមួយការបំពុលបរិយាកាស និងធូលីដី ដែលទទួលបានពីកន្លែងរស់នៅ និងកន្លែងការងារ ដូចជាភាគល្អិតចេញពីម៉ាស៊ីនត្រជាក់ ផ្សែងចេញពីយានជំនះ រោមសត្វចិញ្ចឹមហើរតាមខ្យល់ជាដើម។ មូលហេតុទាំងនេះ គឺជាកត្តាបង្កឲ្យមានរោគសញ្ញាអាល្លែកហ្ស៊ី ដូចជាកណ្តាស់ តឹងច្រមុះ ហៀរសំបោរ រមាស់ច្រមុះ ភ្នែកឡើងក្រហមជាដើម ដែលពិតជាបង្កផលរំខានយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់គុណភាពជីវិត ទំនាក់ទំនងសង្គម ព្រមទាំងលទ្ធផលការងារប្រចាំថ្ងៃផងដែរ។ នេះបើតាមប្រសាសន៍របស់អ្នកស្រី នាយិកាប្រតិបត្តិ។
លោកវេជ្ជបណ្ឌិត អ៊ុង នរិន្ទ ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក បានពន្យល់ថា រោគអាល្លែកហ្ស៊ីច្រមុះ គឺជាការរលាកភ្នាសក្នុងច្រមុះ ដោយសារសារធាតុផ្សេងៗដែលចូលតាមខ្យល់ហើយវាប្រតិកម្មជាមួយប្រព័ន្ធការពារសរីរៈរបស់យើង (អាល្លែកហ្សែន)។ ជាទូទៅរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ មានដូចជាកណ្តាស់ តឹងច្រមុះ ហៀរសំបោរ រមាស់ច្រមុះ ដែលជាទូទៅបង្កឡើងដោយលំអងផ្កា រោមសត្វចិញ្ចឹមហើរតាមខ្យល់ ធូលីដី ផ្សិត លាមកសត្វល្អិតតូចៗដូចជាសត្វក្រឡាត និងសារធាតុផ្សេងៗដែលមានក្នុងបរិយាកាស ។ល។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំផងដែរពីរបៀបការពាររោគអាល្លែកហ្ស៊ីច្រមុះ ដោយចៀសវាងការប៉ះពាល់សារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី តាមរយៈការសំអាតបន្ទប់គេង លាងម៉ាស៊ីនត្រជាក់ឲ្យបានញឹកញាប់ ការពារផ្សែងបារី ការប៉ះពាល់រោមសត្វចិញ្ចឹម ឧស្សាហ៍សម្អាតកំរាលពូកឲ្យបានញឹកញាប់ លំអងផ្កា ពាក់ម៉ាស់ការពារធូលីដី។ល។ និងព្យាបាលដោយពពួកឱសថ អង់ទីហិសស្តាម៊ីន និងគ័រទីគូអីតបាញ់តាមច្រមុះជាដើម។
អ្នកស្រី Monsinee បានលើកទឹកចិត្តថា សម្រាប់អ្នកទទួលរងផលប៉ះពាល់ដោយសារបញ្ហាអាល្លែកហ្ស៊ីច្រមុះ គួរតែធ្វើការពិចារណាប្រើប្រាស់ឱសថប្រឆាំងបញ្ហាអាល្លែកហ្ស៊ីច្រមុះ ដែលមិនធ្វើឲ្យងងុយគេង មានប្រសិទ្ធភាពព្យាបាលលឿន ពីក្រុមហ៊ុនឱសថដែលមានគុណភាព និងទំនុកចិត្ត។
គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតឱសថ សាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)