ជាតិ
សង្ក្រាន្ត​ឆ្នាំកុរ ចូលមក​ដល់​នៅ​ម៉ោង​៣ និង​១២​នាទី​រសៀល​នេះ​! ចូរ​បន្ត​នាំគ្នា​សាង​អំពើ​ល្អ​!
14, Apr 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​វេលា​ម៉ោង​៣ និង​១២​នាទី រសៀល​ថ្ងៃអាទិត្យ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា​នេះ ជា​ថ្ងៃ​ចូលឆ្នាំ​កុរ ឯកស័ក ដោយមាន​ទេវធីតា ព្រះ​នាង ធុ​ង្សៈ​ទេវី បុត្រី​ទី​១​នៃ​កបិល​មហាព្រហ្ម ជា​មគ្គនាយិកា ដែល​ត្រូវ​គ្រង​ជម្ពូទ្វីប បន្ត​ពី​ព្រះ​នាង ម​ហោ​ធ​រៈ​ទេវី​។ នេះ​បើតាម​សៀវភៅ «​មហាសង្ក្រាន្ត​» ដែល​គណនា និង​រៀបរៀង​ដោយ​លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជានា​យក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។​



​ព្រះ​នាង ធុ​ង្សៈ​ទេវី មាន​ស្តេច​គ្រុឌ​ជា​ពាហនៈ ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម ព្រះហស្ត​ឆ្វេង​ទ្រង់ ស័ង្ខ ព្រះហស្ត​ស្តាំ​ទ្រង់ បទុមរាគ​។ ព្រះ​នាង​សោយ​ផ្លែ​ឧទ្ទុម្ពរ (​ផ្លែ​ល្វា​) ជា​ភក្សាហារ​។

​ថ្ងៃ​ចូលឆ្នាំ​ដែល​ចំ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​ហៅថា​ជា វារៈ​មហាសង្ក្រាន្ត​។ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែមេសា ជា​ថ្ងៃ​វារៈ​វ​ន័​បត ខណៈ​ថ្ងៃ​អង្គារ ទី​១៦ ខែមេសា វេលា​ម៉ោង​៧ និង​១២​នាទី​យប់ ជា​ថ្ងៃ​វារៈ​ឡើងស័ក គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ ដោយ​ចូល​ជាស​កល ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ​២៥៦៣ មហាសករាជ​១៩៤១ ចុល្លសករាជ​១៣៨១​។​

«​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នានីស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​តាំងចិត្ត​ប្រព្រឹត្ត​អំពើ​ល្អ ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​»​។ នេះ​ជា​បណ្តាំ​របស់​កំពូល​ហោរា​ខ្មែរ លោក អ៊ឹម បុរិន្ទ​។​

​អ្នក​គណនា និង​រៀបរៀង​សៀវភៅ «​មហាសង្ក្រាន្ត​» រូបនេះ បាន​លើកឡើងថា ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ តាំងពី​ឆ្នាំ​ថ្មី​នេះ​តទៅ ជាពិសេស​សម្រាប់​អ្នក​ពលរដ្ឋ​ប្រុស​ស្រី​ទាំងឡាយ​ដែល​តាំងចិត្ត​ប្រព្រឹត្ត​អំពើ​ល្អ រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី​។​

​មហាសង្ក្រាន្ត ថ្ងៃ​ចូលឆ្នាំ​ចំ​ថ្ងៃអាទិត្យ ទំនាយ​ថា  ស្រែ​ឆ្នាំនេះ​មិន​ទទួលបាន​ផល​ល្អ​ឡើយ រីឯ​ថ្ងៃ​កណ្តាល ថ្ងៃ​វ័ន​បត​ចំ​ថ្ងៃ​ចន្ទ មាន​ទំនាយ​ថា អំបិល​ឡើងថ្លៃ ជំទាវ​ខុណ្នាង​ក្តៅក្រហាយ​ចិត្ត រាស្ត្រ​កើត​ជំងឺ​គ្រុន​រងា រីឯ​ថ្ងៃ​ចុងក្រោយ​ដែលជា​ថ្ងៃ​ឡើងស័ក​ចំ​ថ្ងៃ​អង្គារ ទំនាយ​ថា រាជ​អា​មាត្រ​មន្ត្រី​តូចធំ នឹងមាន​សេចក្តីសុខ​ត្រជាក់ត្រជុំ ទ្រព្យ​បរិបូណ៌ ទោះបី​មានការ​ប្រយុទ្ធ​ជាមួយ​បច្ចាមិត្ត​។​»

​អ្នកអាន​សារព័ត៌មាន ThmeyThmey កុំ​ព្រួយបារម្ភ​! ការលើកឡើង​ក្នុង​សៀវភៅ «​មហាសង្ក្រាន្ត​» របស់លោក អ៊ឹម បុរិន្ទ មួយចំនួន​គឺ​ផ្អែក​តាម​តម្រា​បុរាណ​ប៉ុណ្ណោះ​។ សូម​រីករាយ និង​ទទួលយក​នូវ​អ្វីដែល​ល្អៗ ហើយ​អ្វីៗ​ដែល​អាក្រក់ អពមង្គល សូមឲ្យ​រសាត់​ទៅតាម​ឆ្នាំ​ចាស់​ទៅ​ចុះ​!


Tag:
 ចូលឆ្នាំ
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com