ជាតិ
ពន្យល់​ន័យ​គោរមងារ «​កិត្តិ​នីតិកោសល​បណ្ឌិត​» «​កិត្តិ​សេដ្ឋា​បណ្ឌិត​» និង «​កិត្តិ​សង្គហ​បណ្ឌិត​»
15, Apr 2019 , 3:22 pm        
រូបភាព
 ពីឆ្វេងទៅស្តាំ៖ លោក ឌិត មន្ទី, លោក ប៉ែន បញ្ញា, លោក ឆាយ ថន និងលោកស្រី ឃួន សុដារី
ពីឆ្វេងទៅស្តាំ៖ លោក ឌិត មន្ទី, លោក ប៉ែន បញ្ញា, លោក ឆាយ ថន និងលោកស្រី ឃួន សុដារី
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​៤​ផ្សេង​ពីគ្នា ប្រោស​ព្រះរាជទាន​គោរមងារ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដល់​ឥស្សរជន​៤​រូប ដោយ​រួមមាន លោក ឌិ​ត មន្ទី ប្រធាន​តុលាការ​កំពូល លោក ប៉ែន បញ្ញា តំណាងរាស្ត្រ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង អ្នកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​។ ​បើ​ប្រែ​សម្រាយ​មកជា​ភាសា​ខ្មែរ គោរមងារ​របស់​ឥស្សរជន​ទាំង​៤​រូប ដែលមាន​ប្រភព​ដើមពី​ភាសាបាលី មាន​អត្ថន័យ​អស្ចារ្យ​ណាស់​។



លោក ឌិ​ត មន្ទី និង លោក ប៉ែន បញ្ញា ទទួល ទទួលបាន​គោរមងារ​ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​» ដូចគ្នា​។

កិត្តិ​នីតិកោសល​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + នីតិ + កោសល + បណ្ឌិត​។
 
​កិត្តិ ប្រែ​ថា សេចក្ដី​ថ្កុំថ្កើង​, រុងរឿង​, ល្បីល្បាញ ឬក៏​អាច​សំដៅលើ​កិត្តិយស​។ នីតិ ប្រែ​ថា ច្បាប់​។ កោសល ឬ​កុសល ប្រែ​ថា ល្អ​, ប្រពៃ​, បុណ្យ តែ​ក្នុង​ទីនេះ អាច​សំដៅថា ប៉ិនប្រសប់​, ឈ្លាស​វាងវៃ​។
 
​កិត្តិ​នីតិកោសល​បណ្ឌិត មានន័យថា បណ្ឌិត ដែល​ប្រកបទៅដោយ​កិត្តិយស និង​មាន​ភាពឈ្លាសវៃ ឬ​មាន​ជំនាញ​ខ្ពស់​ផ្នែក​ច្បាប់​។​

​លោក ឆាយ ថន ទទួលបាន​គោរមងារ​ជា «​កិត្តិ​សេដ្ឋា​បណ្ឌិត​»​។
 
​កិត្តិ​សេដ្ឋា​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + សេដ្ឋា + បណ្ឌិត​។​
 
​សេដ្ឋ ឬ សេដ្ឋា ប្រែ​ថា ប្រសើរ​ផុត​, ប្រសើរ​លើសលុប​, ឧដុង្គឧត្តម​, ខ្ពង់ខ្ពស់​។​
 
​កិត្តិ​សេដ្ឋា​បណ្ឌិត មានន័យថា បណ្ឌិត​ដ៏​ប្រសើរ​ឬ​ដ៏​ឧដុង្គឧត្តម និង​ប្រកបដោយ​កិត្តិយស​។​

​អ្នកស្រី ឃួន សុ​ដា​រី ទទួលបាន​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​»​។ 

​កិត្តិ​សង្គហ​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + សង្គហ + បណ្ឌិត​។​
 
​សង្គហ ប្រែ​ថា ការសង្គ្រោះ​។ 
 
​កិត្តិ​សង្គហ​បណ្ឌិត មានន័យថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​សប្បុរស​ក្នុងកា​រ​ជួយសង្គ្រោះ​អ្នកដទៃ​។​

​ពាក្យ កិត្តិ​នីតិកោសល​បណ្ឌិត កិត្តិ​សេដ្ឋា​បណ្ឌិត និង កិត្តិ​សង្គហ​បណ្ឌិត មិនមែនជា​ពាក្យ​ដើម​នោះទេ តែ​ជា​ពាក្យ​ដែល​កើតឡើង​ពី​ការ​ផ្គុំ​ឬ​ការច្របាច់បញ្ចូលគ្នា​ពី​ពាក្យ​ដើម​នីមួយៗ ដូចជា​ពាក្យ កិត្តិ​នីតិកោសល​បណ្ឌិត កើតឡើង​ពី​ពាក្យ​ដើម​ជាច្រើន ដែល​រួមមាន កិត្តិ + នីតិ + កោសល + បណ្ឌិត​។
 
​ពាក្យ​ដើម​នីមួយៗ ដូចជា កិត្តិ​, នីតិ​, កោសល​, បណ្ឌិត ដែល​បំបែក​ឬ​ញែក​ចេញពី​ពាក្យ កិត្តិ​នីតិកោសល​បណ្ឌិត សុទ្ធតែជា​ពាក្យ​បាលី និង​មាន​ពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ តែ​ពាក្យ​ទាំងមូល ដែល​រួមមាន កិត្តិ​នីតិកោសល​បណ្ឌិត កិត្តិ​សេដ្ឋា​បណ្ឌិត និង កិត្តិ​សង្គហ​បណ្ឌិត ពុំមាន​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ​។
 
​គោរមងារ​នៃរាជបណ្ឌិត្យសភា មាន​ពីរ គឺ​គោរមងារ​ផ្នែក​វិទ្យាសាស្ត្រ និង​គោរមងារ​ផ្នែក​កិត្តិយស ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​។
 
​អគ្គមហាបណ្ឌិត​សភាចា​រ្យ​ទិសាបាមោក្ខ ជា​គោរមងារ​ផ្នែក​វិទ្យាសាស្ត្រ​លំដាប់​ផុត​លេខ​ឬ​លំដាប់​ទី​១ ហើយ​គោរមងារ​ជា​អគ្គបណ្ឌិត​សភាចា​រ្យ គឺជា​គោរមងារ​ផ្នែក​វិទ្យា​ស្ត្រ​លំដាប់​ទី​២​។​

​គោរមងារ​ជា​អគ្គបណ្ឌិត​សភាចា​រ្យ ត្រូវបាន​ព្រះមហាក្សត្រ ប្រទាន​ទៅ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨​។ ប៉ុន្តែ គោរមងារ​ជា​អគ្គមហាបណ្ឌិត​សភាចា​រ្យ​ទិសាបាមោក្ខ នៅ​មិនទាន់បាន​ទៅលើ​ឥស្សរជន​ណា​ឡើយ​។
 
​ចំណែក គោរមងារ​ផ្នែក​កិត្តិយស រួមមាន កិត្តិ​ព្រឹទ្ធ​បណ្ឌិត កិត្តិ​បរិរក្ស​បណ្ឌិត នីតិ​កោ​លស​បណ្ឌិត កិត្តិ​សេដ្ឋា​បណ្ឌិត និង កិត្តិ​សង្គហ​បណ្ឌិត​។

​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​គោរមងារ​ផ្នែក​កិត្តិយស​លំដាប់​ទី​១ កិត្តិ​បរិរក្ស​បណ្ឌិត ជា​គោរមងារ​ផ្នែ​កិត្តិយស​លំដាប់​ទី​២ ហើយ​នីតិ​កោ​លស​បណ្ឌិត កិត្តិ​សេដ្ឋា​បណ្ឌិត និង កិត្តិ​សង្គហ​បណ្ឌិត សុទ្ធតែជា​គោរមងារ​ផ្នែក​កិត្តិយស​លំដាប់​ទី​៣​។
 
​ឥស្សរជន​៣​រូប គឺ សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា បានទទួល​គោរមងារ​ជា កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពី​ព្រះមហាក្សត្រ កាលពី​ឆ្នាំ​២០១៣​។

​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ លោក គាត ឈន់ ប្រធានកិត្តិយស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ទទួលបាន​គោរមងារ​ជា «​កិត្តិ​បរិរក្ស​បណ្ឌិត​» លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាន​គោរមងារ​ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​» លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួលបាន​គោរមងារ​ជា «​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​» និង អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា ទទួលបាន​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​»៕

Tag:
 ​គោរមងារ
© រក្សាសិទ្ធិដោយ thmeythmey.com