អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life(Cambodia) PLC. បានប្រកាស​ប្រតិបត្តិការ​របស់ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា​
25, Apr 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅក្នុង​អគារ Vattanac Capital កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (​នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) បង្កើតឡើង​ក្នុង​ឆ្នាំ​១៩០២ ហើយ​វា​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​ដ៏​សំខាន់​នា​ថ្ងៃ​បើ​សម្ពោធ​នេះ គឺមាន​ការរួមបញ្ចូល​ជាមួយនឹង​ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​៣ គឺ​ពិធី​បើកសម្ពោធ​ការិយាល័យ​របស់​ក្រុមហ៊ុន Dai-ichi Life Cambodia, សន្និសីទ​សារព័ត៌មាន និង​ការប្រកាស​កិច្ចសហប្រតិបត្តិការ រវាង​ក្រុមហ៊ុន Dai-ichi Life Cambodia និង​ធនាគារ​វឌ្ឍនៈ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ​។ 
 
​តាមរយៈ​ការ​ចងសម្ព័ន្ធភាព​ធុរកិច្ច រវាង​ធនាគារ​វឌ្ឍនៈ និង​ក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើ​ឲ្យ​ក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់​បណ្តាញ​របស់​ធ​នាគារ​វឌ្ឍនៈ និង​ទំនាក់ទំនង ទៅ​អតិថិជន​របស់ខ្លួន​បាន​កាន់តែ​ឆាប់រហ័ស​ឡើង​។ ពិធី​សម្ពោធ​នេះ ត្រូវបាន​បញ្ចប់​ដោយ​អាហារ​ពេល​ល្ងាច ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​


 
​កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អគ្គនាយក​នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia គឺ​លោក Allen Thai និង​មានការ​គាំទ្រ​ពី​ការិយាល័យ​កណ្តាល ដែល​ដឹកនាំ​ដោយ​លោក Seiji Inagaki អគ្គនាយក​ក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាង​មកពី​ក្រុមហ៊ុន Dai-ichi Life ប្រទេស​វៀតណាម និង​មកពី​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​សិង្ហ​បុរី​។ ភាពជោគជ័យ​នៅក្នុង​កម្មវិធី​បើកសម្ពោធ​នេះ មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​អ្នកតំណាង​ធនាគារ​ជាច្រើន និង​អ្នកសារព័ត៌មាន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​គួរឱ្យកត់សម្គាល់​។​
 
​ក្រុមហ៊ុន Dai-ichi Life Cambodia នឹង​បន្ត​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​និរន្តរភាព និង​វិនិយោគ នៅលើ​ទីផ្សារ​ដែលមាន​ប្រជាសាស្ត្រ និង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​រឹងមាំ ដែល​សមស្រប​នឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត​។ ក្នុងនាម​ជា​អ្នក​នាំមុខ ក្នុងការ​ផ្តល់នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ប្រកបដោយ​គុណភាព ជាមួយនឹង​លក្ខខណ្ឌ​ដែលមាន​ភាពងាយស្រួល​យ​ល់ ក្រុមហ៊ុន Dai-ichi Life Cambodia ធានាថា ផលិតផល និង​សេវាកម្ម​របស់​យើង​គឺមាន​ភាពល្អប្រសើរ និង​ស័ក្តិសម​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។​
 
​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​នា រាត្រីសមោសរ ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា វត្តមាន​របស់​ក្រុមហ៊ុន ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ កម្ពុជា នឹងចូលរួម​ចំណែក​ដ​ល់​ការអភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា តាមរយៈ​បទពិសោធន៍ ចំណេះដឹង ជំនាញ ដែល​ក្រុមហ៊ុន​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ មាន​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​អស់​រយៈពេល​ជាង ១០០ ឆ្នាំ ក្នុងប្រទេស​ជប៉ុន​»​។​


 
​លោក Allen Thai អគ្គនាយក នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ក្នុង​អាស៊ី ដែល​វា​កំពុង​ជំរុញឱ្យមាន​ការពង្រីក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត កាន់តែ​ឆាប់រហ័ស​ផងដែរ​។ «​ចំណុច​វិជ្ជមាន នៃ​ការ​វិវឌ្ឍន៍​ទាំងនេះ​បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​អ្នក​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម ដែល​តម្រូវការ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត ត្រូវបាន​កើនឡើង​។ នេះ​គឺជា​ហេតុផល ដែល​ក្រុមហ៊ុន Dai-ichi Life សម្រេចចិត្ត ចូលមកក្នុង​ទីផ្សារ​មួយ​នេះ ដើម្បី​ផ្តល់នូវ​ការការពារ និង​កា​រស​ន្យំ​រយៈពេល​វែង ដើម្បី​បំពេញតម្រូវការ​របស់​ពួកគាត់​»​។ នេះ​ជាការ​បន្ថែម​របស់​អគ្គ​នាយក នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia ដដែល​។ 
 
​លោក Allen Thai បន្តថា ក្រុមហ៊ុន Dai-ichi Life ពេញចិត្ត​ក្នុងការ​ចូលរួមចំណែក ជួយ​ដល់​សហគមន៍ ដែលជា​កន្លែង​ដែល​ខ្លួន​កំពុងមាន​ប្រតិបត្តិការ ស្របតាម​ការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​។ នេះ​គឺជា​ការជួយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​។ កម្មវិធី​សម្ពោធ​ក្រុមហ៊ុន Dai-ichi Life បានបញ្ចប់​ទៅដោយ​ការ​ផ្តល់នូវ​ប្រាក់​បរិច្ចាគ ចំនួន ៥០,០០០ ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​សុខភាព Japan Heart Cambodia ដែលជា​អង្គការ​មួយ ដែល​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។ មូលនិធិ​នេះ​នឹងត្រូវ​ផ្តល់ឱ្យ​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែលជា​ជនរងគ្រោះ​នៃ​ជំងឺមហារីក​។​
 
​ក្នុងនាម​ជា​វិនិយោគិន​ជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការ​ប្តេជ្ញា​ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​វែង​។ ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើ និង​បំពេញតម្រូវការ​ធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប ដូច​ពាក្យស្លោក​របស់​ក្រុមហ៊ុន Dai-ichi និយាយថា "​នៅក្បែរ​អ្នកជា​និច្ច​"៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Compass Advertising
© រក្សាសិទ្ធិដោយ thmeythmey.com