អន្តរជាតិ
លោក ស៊ី ជិន​ភីង ស្នើ​ប្រទេស​ទាំងអស់​រាប់អាន​ជនជាតិ​ចិន​ឲ្យ​បាន​ស្មើភាព​
26, Apr 2019 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៦ ខែមេសា បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​បង្កើត​បរិយាកាស​វិនិយោគ​ល្អប្រសើរ​សម្រាប់​ក្រុមហ៊ុន​ចិន និង​ត្រូវមាន​គោលការណ៍​ស្មើភាព​ចំពោះ​ជនជាតិ​ចិន​ដែល​រស់នៅក្នុង​ប្រទេស​ទាំង​នោះ​។ ការអំពាវនាវ​របស់​មេដឹកនាំ​កំពូល​ចិន​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​ក្នុង​រដ្ឋធានី​ប៉េកាំង​។

 
​បច្ចុប្បន្ននេះ ប្រជាជន​ចិន​កើនឡើង​គ្រប់​ទីកន្លែង ស្របគ្នា​នឹង​វត្តមាន​ក្រុមហ៊ុន​ចិន​នៅ​ពាសពេញ​ពិភពលោក​ដែរ​។ សកម្មភាព​ប្រជាជន​ចិន​ខ្លះ និង​ក្រុមហ៊ុន​ចិន​ខ្លះ​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​អាក់អន់​ស្រពន់​ចិន ហើយ​ចាត់ទុក​ជនជាតិ​ចិន​ទាំងនោះ ជា​មេ​បង្កបញ្ហា​តែម្ដង​។ ពេលខ្លះ ភាព​ទាស់ទែង​រវាង​ប្រទេស និង​ប្រទេស​ក៏​ប៉ះពាល់​ដល់​ជនជាតិ​ចិន​ខ្លះ​ដែល​មិន​បានធ្វើ​អ្វី​ទៅទៀត ហើយ​បង្ក​ឲ្យ​មានការ​រើសអើង​ជនជាតិ​ចិន ឬ​ក្រុមហ៊ុន​ចិន​ផង​។​
 
​ឧទាហរណ៍​ជាក់ស្ដែង គឺ​ការហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei តែម្ដង​។ ប្រទេស​ជាច្រើន​បាន​រឹតត្បិត​ក្រុមហ៊ុន​ចិន​មួយ​នេះ​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនា​ន់ទី​៥ (5G) ដោយ​លើក​ហេតុផល​ការពារ​សន្តិសុខ​ជាតិ​។ ការហាម​ប្រាម​ក្រុមហ៊ុន​ចិន តែ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ផ្សេង អាច​និយាយបានថា ជាការ​រើសអើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ករណី​ផ្សេងទៀត​ដូចជា ការចាប់​ឃាត់​ជនជាតិ​ចិន ក៏​កើនឡើង​ដែរ និង​ធ្វើ​ក្រោម​ការចោទប្រកាន់ថា ពួកគេ​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​បញ្ហា​ទាំង​អម្បាលម៉ាន​នេះ ធ្វើ​ឲ្យ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ស្នើ​ជា​សាធារណៈ​ឲ្យ​មាន​គោរព​សិទ្ធិ​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​។ ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​នៅ​ថ្ងៃទី​២៦ ខែមេសា លោក ស៊ី បាន​អំពាវនាវ​ចំពោះមុខ​មេដឹកនាំ​ប្រទេស​ជាច្រើន​ថា ប្រទេស​ទាំងអស់​បង្កើត​បរិយាកាស​រកស៊ី​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​ចិន និង​រាប់អាន​ក្រុមហ៊ុន​ចិន សិស្ស​និស្សិត​ចិន និង​អ្នកប្រាជ្ញ​ចិន​ឲ្យ​បាន​ស្មើភាព​។​
 
«​បណ្ដា​ប្រទេស​ទាំងឡាយ គួរផ្ដល់​បរិយាកាស​មិត្តភាព និង​យុត្តិធម៌​សម្រាប់​ជនជាតិ​ចិន​អនុវត្ត​ការផ្លាស់ប្ដូរ​កម្រិត​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​តាម​ធម្មតា​»​។ នេះ​ជា​អំពាវនាវ​របស់​ប្រមុខរដ្ឋ​ចិន​រូបនេះ​ទៅកាន់​មេដឹកនាំ​បរទេស​ចំនួន​៣៧​ប្រទេស និង​អ្នកចូលរួម​ជាង​ប្រាំ​ពាន់​នាក់​ផ្សេងទៀត ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​ឆ្លៀត​ពេលនេះ លោក ស៊ី ក៏​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​ដែលជា​យន្តការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ទទួលបាន​សិទ្ធិ​រកស៊ី​នៅតាម​ប្រទេស​ដែល​ចូលរួម​។ មេដឹកនាំ​ចិន​រូបនេះ​អះអាងថា គំនិត​ផ្ដួចផ្ដើម​ដែល​លោក​ដាក់ចេញ​នៅ​ឆ្នាំ​២០១៣ នេះ មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ចិន​ឡើយ ហើយ​ចិន​ស្វាគមន៍​ប្រទេស​ទាំងអស់​ចូលរួម​ផងដែរ​។ គម្រោង​នេះ ជំរុញ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​របស់​ប្រទេស​សមាជិក​៕ 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com