អន្តរជាតិ
ចិន ចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​ជាមួយ​រដ្ឋ​អាស៊ាន​៦​ប្រទេស​
26, Apr 2019 , 3:50 pm        
រូបភាព
នាវាចម្បាំងសិង្ហបុរី RSS Stalwart នៅដែនទឹកចិន។ រូបភាព Xinhua
នាវាចម្បាំងសិង្ហបុរី RSS Stalwart នៅដែនទឹកចិន។ រូបភាព Xinhua
​ប្រទេស​ចិន នៅ​ថ្ងៃទី​២៦ ខែមេសា បានប្រកាស​ពី​ការចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន​៦​ប្រទេស​នៅ​ឆ្នេរ​ភាគ​ខាងកើត​។ សមយុទ្ធ​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ព្យាយាម​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​ដែល​អាមេរិក​ឈរជើង​មិន​ដាច់​ដែរនោះ​។ ម្យ៉ាងទៀត វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប៉េកាំង និង​ប្រទេស​សមាជិក​អាស៊ាន​ដែល​ខ្លះ​កំពុង​ទាស់ទែង​ជាមួយ​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​។​

 
​នាវាចម្បាំង​១៣​គ្រឿង និង​ឧទ្ធម្ភាគចក្រ​៤​គ្រឿង នឹងចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក​រវាង​ចិន និង​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​៦ មាន​សិង្ហ​បុរី វៀតណាម ថៃ និង​ហ្វីលីពីន​។ នេះ​បើតាម​ការប្រកាស​របស់​ឧ​ត្ត​មនា​វី​ឯក ស៊ិន ជីន​ឡុង (Shen Jinlong) មេបញ្ជាការ​កងទ័ពជើងទឹក​ចិន​នៅ​ថ្ងៃទី​២៦ ខែមេសា​។ មេទ័ព​ចិន​រូបនេះ​មិន​បញ្ជាក់​ឈ្មោះ​ប្រទេស​ពីរ​ទៀត​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​ធ្វើ​នៅ​ដែនសមុទ្រ​នៃ​ទីក្រុង​ឈី​ង​តៅ​ឡើយ​។ 
 
​សមយុទ្ធ​រវាង​ចិន និង​ប្រទេស​អាស៊ាន​ចំនួន​៦​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រឹ​ត្ត​ការណ៍​រំឭក​ខួប​ទី​៧០ ថ្ងៃកំណើត​កងទ័ពជើងទឹក​ចិន ដែលមាន​ពិធី​ដង្ហែ​ក្បួន​នាវាចម្បាំង​រាប់​សិន​គ្រឿង​ផង​។ ឧ​ត្ត​មនា​វី​ចិន​រូបនេះ​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ថា សមយុទ្ធ​រួមគ្នា​នេះ​បង្កើតឡើង​ដើម្បី​បង្ហាញ​ភាពស្មោះត្រង់ និង​ឆន្ទៈ​របស់​ចិន​ក្នុងការ​ធ្វើការ​ជាមួយ​អ្នកជិតខាង ក៏ដូចជា​បំណង​របស់​កងទ័ពជើងទឹក​ចិន​ដើម្បី​សាងសង់​សហគមន៍​វាសនា​តែមួយ​តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយ​ដៃគូ​អាស៊ាន​។​
 
​សមយុទ្ធ​នេះ នឹង​ផ្ដោតលើ​ការរៀបចំ​ក្បួន និង​ការ​ចល័ត​កប៉ាល់ ប្រតិបត្តិ​ការរុករក និង​ជួយសង្គ្រោះ ការត្រួតពិនិត្យ និង​នីតិវិធី​វេជ្ជសាស្ត្រ​សមុទ្រ​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល មុន​បន្ថែមថា សមាជិក​អាស៊ាន​ពីរ​ទៀត​មាន​ឥណ្ឌូណេស៊ី និង​ឡាវ នឹង​បញ្ជូន​មន្ត្រី​របស់ខ្លួន​ឲ្យ​ចូល​អង្កេត​ការណ៍​សមយុទ្ធ​នេះ​។ យ៉ាងណាមិញ កងទ័ពជើងទឹក​ចិន មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រយៈពេល​នៃ​សមយុទ្ធ​នេះឡើយ​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ជុំវិញ​សមយុទ្ធ​ចិន និង​អាស៊ាន គឺ​វត្តមាន​ទ័ពជើងទឹក​ហ្វីលីពីន និង​វៀតណាម ដែលជា​គូ​ជម្លោះ​ជាមួយ​ចិន​ក្នុងការ​ទាមទារ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។ លោក Antony Wong Dong អ្នកជំនាញ​ផ្នែក​យោធា និយាយថា ចិន​កំពុង​ធ្វើតាម​អាមេរិក​ក្នុងការ​ទាក់ទាញ​សណ្ដាន​ចិត្ត​របស់​ប្រទេស​ក្នុង​តំបន់ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​ចិន​ដើម្បី​បណ្ដេញ​ឥទ្ធិពល​អាមេរិក​ចេញពី​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​
 
​អាមេរិក​ដែល​គ្មាន​ពាក់ព័ន្ធ​អ្វី​នឹង​បញ្ហា​ទឹកដី​សមុទ្រ​ចិន​ខាងត្បូង​បន្តិច​សោះ​នោះ បាន​យក​លេស​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​ដើម្បី​បញ្ជូន​នាវា​របស់ខ្លួន​ចូល​ដែនទឹក​ដ៏​មមាញឹក​មួយ​នេះ​។ វត្តមាន​អាមេរិក ក្លាយ​ជាទី​ពំនាក់​អាស្រ័យ​សម្រាប់​ប្រទេស​ដែល​ឈ្លោះ​ជាមួយ​ចិន ដែល​រឿងនេះ​ធ្វើ​ឲ្យ​ខឹងសម្បារ​យ៉ាងខ្លាំង​។ ទោះជា​យ៉ាងណា ចិន​មិន​អើពើ​អ្វី​ឡើយ ប៉ុន្តែ​រឹតតែ​បង្កើន​សកម្មភាព​ផ្នែក​យោធា​ក្នុង​តំបន់​ដូចជា​ការសាងសង់​មូលដ្ឋាន​យោធា​ដើម្បី​ត្រួតត្រា​ដែនទឹក​ទាំងមូល​៕

Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com