អន្តរជាតិ
លោក ស៊ី ជិន​ភីង ចាត់ទុក​ការអភិវឌ្ឍ​បែប​សម្លាប់​មាន់​យក​ពង នឹង​នាំ​គ្រោះថ្នាក់​
29, Apr 2019 , 3:10 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៨ ខែមេសា បានដាក់​ចេញ​សំណើ​៥​ចំណុច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បៃតង ខណៈ​បញ្ហា​បរិស្ថាន​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​ពិភពលោក​។ ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉េកាំង លោក ស៊ី សង្ឃឹមថា គោល​គំនិត​បៃតង​នៃ​ពិព័រណ៍​នេះ នឹង​សាយភាយ​ពេញ​ពិភពលោក​មិន​ខាន​។ លើ​បញ្ហា​អភិវឌ្ឍន៍​បៃតង​នេះ ប្រមុខរដ្ឋ​ចិន​រូបនេះ​ក៏​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការអភិវឌ្ឍ​ដែល​មិនបាន​គិតគូរ​បញ្ហា​បរិស្ថាន​ផងដែរ​។​

 
​មហា​យក្ស​ចិន បាន​បើកសម្ពោធ​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ដ៏​ធំ​នៅ​ថ្ងៃទី​២៨ ខែមេសា​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ឆ្លៀត​ពេលនេះ អំពាវនាវ​ឲ្យ​មានការ​គិតគូរ​កាន់តែ​ខ្លាំង​ពី​បញ្ហា​បរិស្ថាន ដែលជា​បញ្ហា​ប្រឈមមុខ​ដ៏​ធំចម្បង​របស់​ពិភពលោក​ក្នុង​យុគសម័យ​ឧស្សាហកម្ម​នៃ​សតវត្សរ៍​ទី​២១ នេះ​។ លោក ស៊ី បានលើកឡើង​ពី​គុណសម្បត្តិ​របស់​ឧស្សាហកម្ម​ដែល​ជំរុញ​របៀប​រស់នៅ​រប​ស់មនុស្ស តែ​ព្រម​គ្នា​នេះ​ក៏បង្ក​បញ្ហា​ដល់​ផែនដី​វិញ​ដែរ​។​
 
​ចំពោះ​មេដឹកនាំ​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​អន្តរជាតិ​នេះ ប្រធានាធិបតី​ចិន​រូបនេះ​និយាយថា ឧស្សាហូបនីយកម្ម បាន​បង្កើតជា​ទ្រព្យសម្បត្តិ​ច្រើន​សម្បើម​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​វា​ក៏បាន​បង្ក​ជាការ​បំផ្លិចបំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី បាន​ប្រដូច​ការអភិវឌ្ឍ​ដែល​មិនបាន​ពិចារណា​ពី​ផលវិបាក​លើ​បរិស្ថាន​ទៅនឹង​ការសម្លាប់​មាន់​ដើម្បី​យក​ពង ឬ​ការបូមទឹក​បឹង​ដើម្បី​ចាប់​ត្រី ដែល​ចុងក្រោយ គឺ​គ្មាន​សល់​អ្វី​ឡើយ​។​
 
​មេដឹកនាំ​កំពូល​ចិន​រូបនេះ បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​រក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ផែនដី ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​រីករាយ​នឹង​បរិស្ថាន​ល្អ មិនមែន​មានតែ​សម្បត្តិ​ហូរហៀរ​ឡើយ​។ សម្រាប់​លោក ស៊ី ផែនដី​ជា​ផ្ទះ​តែមួយគត់​របស់​មនុស្ស ហើយ​មនុស្សលោក​គួរ​ការពារ​បរិស្ថាន​ឲ្យ​ការពារ​ភ្នែក​របស់ខ្លួន ហើយ​ចាត់ទុក​បរិស្ថាន​ដូចនឹង​ជីវិត​របស់ខ្លួន​ផងដែរ ព្រោះ​បរិស្ថាន​ល្អ​នាំទៅរក​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​ស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម​ផង​។​
 
​សំណើ​ចំនួន​ប្រាំ​ចំណុច ត្រូវបាន​លោក ស៊ី ជិន​ភីង លើកឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​ជំរុញ​ការអភិវឌ្ឍ​បៃតង​។ ទីមួយ លោក​ប្រធានាធិបតី​ចិន​រូបនេះ​បានស្នើ​ឲ្យ​មានការ​រស់នៅ​ដោយ​សុខដុមរមនា​រវាង​មនុស្ស និង​ធម្មជាតិ ហើយ​ទី​ពីរ គឺ​វិបុលភាព​ដោយ​អាស្រ័យ​លើ​ការអភិវឌ្ឍ​បៃតង​។ ចំណែក​ទី​បី លោក ស៊ី អំពាវនាវ​ឲ្យ​មនុស្ស​ទាំងអស់​រស់នៅ​ដោយ​ការស្រឡាញ់​ធម្មជាតិ ទី​បួន គឺ​ការប្រើប្រាស់​វិទ្យាសាស្ត្រ​ក្នុង​អភិបាលកិច្ច​អេកូឡូស៊ី និង​ចុងក្រោយ គឺ​រួមគ្នា​ដោះស្រាយ​បញ្ហា​បរិស្ថាន​។​
 
​សូមបញ្ជាក់ថា ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ដែលជា​ផ្នែក​មួយ​នៃ​ការអបអរ​ខួប​ទី​៧០ ថ្ងៃកំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ​២០១៩ នេះ រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​១៦​លាន​នាក់​សម្រាប់​រយៈពេល​១៦២​ថ្ងៃ​។ ប្រទេស និង​អង្គការ​ចំនួន​១១០ បាន​តាំង​បង្ហាញ​ជាពិសេស​រុក្ខជាតិ និង​ផ្កា​ជាច្រើន​ប្រភេទ ព្រមទាំង​ការបង្ហាញ​គោលនយោបាយ​សម្រាប់​ការអភិវឌ្ឍ​បៃតង​ទៀតផង​៕ 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com