អន្តរជាតិ
បង្ហាញ​មុខជា​លើកដំបូង​ក្នុងពេល​៥​ឆ្នាំ ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម​ប្រកាស​សងសឹក​ចំពោះ​បរាជ័យ​ក្រុម​ខ្លួន​
30, Apr 2019 , 10:44 am        
រូបភាព
មេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាម Abu Bakr al-Baghdadi ។ (រូបភាព AP)
មេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាម Abu Bakr al-Baghdadi ។ (រូបភាព AP)
​លោក Abu Bakr al-Baghdadi មេដឹកនាំ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បានបង្ហាញ​មុខ​តាម​វីដេអូ​ដ៏​កម្រ​មួយ​ដែល​ចែកចាយ​ដោយ​បណ្ដាញ​ព័ត៌មាន​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមេសា​។ នេះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​ប្រមុខ​ដឹកនាំ​អង្គការ​ជ្រុលនិយម​មួយ​ចេញមុខ​បែបនេះ ដែល​ធ្វើឡើង​ស្រប​ពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​បាក់ទ័ព​ខ្ចាត់ខ្ចាយ​ចេញពី​ទឹកដី​ដែល​ធ្លាប់​ត្រួតត្រា​ដោយសារ​យុទ្ធនាការ​របស់​សម្ព័ន្ធ​ភាព​ចម្រុះ​។ ចេញមុខ​ជាថ្មី​លើក​នេះ លោក al-Baghdadi បានប្រកាស​សងសឹក​វិញ​។​

 
​តាមរយៈ​វីដេអូ​ផ្សាយ​ដោយ Al-Furqan ដែល​ខ្សែបណ្ដាញ​ផ្នែក​សារព័ត៌មាន​របស់​ក្រុម​រដ្ឋ​ឥស្លាម ប្រមុខ​ដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម លោក Abu Bakr al-Baghdadi បានទទួល​ស្គាល់​បរាជ័យ​ការតស៊ូ​ការពារ​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​នេះ​ក្នុង​ទឹកដី​ស៊ី​រី​កាលពី​ខែមីនា​កន្លងទៅ​។ លោក​អះអាងថា សង្គ្រាម​នៅ Baghouz បាន​ចប់​ហើយ​។ ទោះជា​យ៉ាងណា មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​រូបនេះ ប្រកាស​មិន​ចុះចាញ់​ជាដាច់ខាត​។​
 
​លោក al-Baghdadi ត្រូវ​បានឃើញ​ជា​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ​២០១៤ ពេល​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម​ក្នុង​ទឹកដី​ដែល​ក្រុម​ដ៏​សាហាវ​មួយ​នេះ​គ្រប់គ្រង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។ យ៉ាងណាមិញ ការបង្ហាញ​ខ្លួន​ជាថ្មី​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​ជ្រុលនិយម​ដែល​ធ្លាប់​គ្រប់គ្រង​ដ៏​ធំ​ល្វឹងល្វើយ ហើយ​បង្ក​ព្យុះភ្លៀង​មិន​អាក់ខាន​មួយ​នេះ បែរជា​បាត់បង់​ទឹកដី​រក​កន្លែង​ជ្រក​សឹង​មិនបាន​ទៅវិញ​។ ក្នុងន័យនេះ វត្តមាន​របស់លោក al-Baghdadi ទំនង​ជាការ​ដាស់​ស្មារតី​សមាជិក​ខ្លួន​ឲ្យ​រឹងប៉ឹង​ឡើងវិញ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​ជ្រុលនិយម​ដែល​អាមេរិក​ហ៊ាន​ឲ្យ​តម្លៃ​ក្បាល​ដល់​ទៅ​២៥​លាន​ដុល្លារ រៀបរាប់ថា ព្រះ​បាន​បញ្ជា​ឲ្យ​ក្រុម​ខ្លូន​ធ្វើសង្គ្រាម​ជី​ហាដ មិនមែន​បញ្ជា​ឲ្យ​ឈ្នះ​ឡើយ​។ ក្នុង​មួយផ្នែក​នៃ​វីដេអូ​ដែល​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមេសា លោក al-Baghdadi ក៏​និយាយ​ដល់​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា​ដែល​សម្លាប់​មនុស្ស​អស់​២៥៣​នាក់ និង​ជាង​៥០០​នាក់​ទៀត​រងរបួស ដោយ​លោក​ចាត់ទុកជា​ការសង​សឹក​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីក្រុង Baghouz ។​
 
​បុរស​ក្នុង​វីដេអូ​ដដែល​នេះ បញ្ជាក់ថា សង្គ្រាម​ប្រឆាំង​លោកខាងលិច ជា​ផ្នែក​មួយ​នៃ​សមរភូមិ​វែង​អន្លាយ ហើយ​ថា ក្រុម​រដ្ឋ​ឥស្លាម នឹង​បន្ត​ប្រតិបត្តិការ​សងសឹក​ឲ្យ​សមាជិក​របស់ខ្លួន​ដែល​បាត់បង់​ជីវិត​ដោយ​យុទ្ធនាការ​របស់លោក​ខាងលិច​។ 
 
​សហរដ្ឋអាមេរិក​ឯណោះ​វិញ កំពុង​ពិនិត្យ​វីដេអូ​នេះ​ដើម្បី​ជា​បញ្ជាក់ថា ជា​វីដេអូ​ពិត​របស់លោក al-Baghdadi មែន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​លើកឡើង​ដែរ​ថា អាមេរិក​នឹង​ធានា​ពី​បរាជ័យ​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​ស្វែងរក​មេដឹកនាំ​ដែល​នៅ​សេសសល់​ឲ្យ​ប្រឈមមុខ​នឹង​យុត្តិធម៌​។ លើសពីនោះ​ទៅទៀត ការចេញមុខ​របស់​មេ​ដឹកនាំ​ក្រុម​នេះ ក៏​មិនអាច​ស្រោចស្រង់​បរាជ័យ​នៅលើ​សមរភូមិ​បានដែរ​។​
 
​ទោះជា​យ៉ាងណា ការបង្ហាញ​មុខ​ពេលនេះ ក៏​ជាការ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែលថា លោក al-Baghdadi បាន​ស្លាប់ ឬ​រងរបួស​។ បុរស​រូបនេះ បាន​លាក់ខ្លួន​យ៉ាង​អាថ៌កំបាំង​បំផុត​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​ខ្លាំង​ពេញបន្ទុក​នោះ ក៏​គេ​មិនឃើញ​វត្តមាន​លោក​ដែរ​។ ដោយសារ​រឿងនេះ លោក al-Baghdadi ត្រូវបាន​ចាត់ទុកជា​ខ្មោច​ទៀតផង ព្រោះ​គ្មាន​នរណា​អាច​ដាន​ពី​សកម្មភាព ឬ​កន្លែង​លាក់ខ្លួន​បានឡើយ​៕ 

Tag:
 ​ក្រុម​រដ្ឋ​ឥស្លាម​
  Abu Bakr al-Baghdadi
  ស៊ី​រី​
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com