អន្តរជាតិ
បារាំង គ្រោង​ផ្តល់​កម្ចី​៤០​លាន​ដុល្លារ​ដល់​មី​យ៉ាន់​ម៉ា អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី
02, May 2019 , 9:59 pm        
រូបភាព
ប្រភពរូប៖ វេបសាយ frontiermyanmar.net
ប្រភពរូប៖ វេបសាយ frontiermyanmar.net
ដោយ:
​មី​យ៉ាន់​ម៉ា នឹង​ទទួលបាន​កម្ចី​៣៥,៧​លាន​អឺរ៉ូ ឬ​ស្មើនឹង​៤០​លាន​ដុល្លារ ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដើម្បី​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំ​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក  U Win Myint ក្នុង​កិច្ចប្រជុំសភា​។

 
​តាម​ការបញ្ជាក់​របស់​អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ​មី​យ៉ាន់​ម៉ា លោក U Maung Maung Win លក្ខខណ្ឌ​នៃ​កម្ចី​នេះ គឺ​សម្រាប់​រយៈពេល​១៣​ឆ្នាំ ដោយមាន​អត្រា​ការប្រាក់ ០,៦៨​ភាគរយ និង​ត្រូវ​បង់ប្រាក់​ក្នុង​រយៈពេល​៧​ឆ្នាំ​ម្តង​។ បើតាម​សារព័ត៌មាន Myanmar Times ចុះផ្សាយ​នៅ​ថ្ងៃទី​១ ឧសភា ហិរញ្ញប្បទាន​នេះ ត្រូវ​រំពឹងថា នឹង​យកទៅ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅដល់​ឆ្នាំ​២០២៤ សម្រាប់​ការជួសជុល និង​ដំឡើង​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៥​។ 
 
​ក្រោយ​ដំឡើង​រួចរាល់ ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ រំពឹងថា អាច​ប្រតិបត្តិការ​ទាញ​ចរន្តអគ្គិសនី​ពេញលេញ  ដែល​បង្កើន​ការទាញយក​ថាមពល​អ​គ្គិ​ស​នី​ពី ៥៦៥​លាន​គីឡូវ៉ាត់ម៉ោង ទៅដល់ ៦៤៦​គីឡូវ៉ាត់ម៉ោង​។ តាម​ប្រភពព័ត៌មាន​ដដែល អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​អគ្គិសនី​មី​យ៉ាន់​ម៉ា លោក U Tun Naing លើកឡើងថា ដោយសារ​បញ្ហា​កង្វះ​ការថែទាំ និង​ជួសជុល​នាពេល​កន្លងមក ទំនប់​វា​រី​អគ្គិសនី ទទួលរង​ការខូចខាត​នៅ​ផ្នែក​ខ្លះ រួមមាន តួប៊ីន ម៉ាស៊ីនភ្លើង និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជាដើម​។ 
 
​សូមបញ្ជាក់ថា បរិមាណ​បំណុល​បរទេស​ដែល​ក្រសួង​ថាមពល និង​អគ្គិសនី​មី​យ៉ាន់​ម៉ា​បាន​ខ្ចី គិត​មកដល់​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ មាន​ចំនួន​សរុប ៦,២​ពាន់​លាន​ដុល្លារ ដោយ​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ពុំទាន់​ដោះស្រាយ​រួចរាល់​។ ដោយឡែក ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី Yangon របស់​មី​យ៉ាន់​ម៉ា បាន​ស្នើសុំ​ការយល់ព្រម​ពី​រដ្ឋាភិបាល​ក្នុង​ការទទួល​កម្ចី​ជាង ៤៥​លាន​ដុល្លារ​ពី​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​៕
 

Tag:
 បារាំង​
  មី​យ៉ាន់​ម៉ា​
  ទំនប់​វា​រី​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com