កីឡាអន្តរជាតិ
អន្តរជាតិ
Pep ចេញពី Man City ទៅចូលរួមជាមួយ Juventus ដោយចុះកិច្ចសន្យា៤ឆ្នាំ?
× Pep Guardiola បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចាកចេញពីក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Manchester City និងទៅបន្តតួនាទីជាអ្នកចាត់ការទូទៅ Juventus ជំនួសលោក Massimiliano Allegri វិញ។ នេះបើតាមអ្នកយកព័ត៌មានម្នាក់។
យោងតាមប្រភពពីអ៊ីតាលីតាមរយៈអ្នកយកព័ត៌មានលោក Adriano Del Monte របស់ទូរទស្សន៍ SuperSportTV ដែលបានបង្ហោះលើបណ្តាញសង្គម Twitter អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្រុមរហស្សនាមសេះបង្កង់ដោយគិតចាប់ពីរដូវកាលក្រោយទៅ។
ក្នុងវ័យ៤៨ឆ្នាំ លោក Pep បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅទឹកដីអង់គ្លេសតាមរយៈការជួយ Man City លើកពានក្នុងស្រុកចំនួន ៣ ក្នុងមួយរដូវកាលក្នុងនោះមាន FA Cup, EFL Cup និង Premier League។
យ៉ាងណាអតីតគ្រូ Barcelona និង Bayern Munich រូបនេះបានបរាជ័យក្នុងក្របខណ្ឌអឺរ៉ុប Champions League ជាថ្មីម្តងទៀតបន្ទាប់ពីមេឃខៀវចាញ់Tottenham Hotspur ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ប្រសិនការលេចធ្លាយព័ត៌នេះជាការពិតនោះ Pep នឹងកាន់កាប់ក្រុមយក្សអ៊ីតាលីដែលឈ្នះពាន Serie A ចំនួន៨រដូវកាលជាប់គ្នារួចទៅហើយ និងផ្តោតសំខាន់តែលើការឈ្នះពានលំដាប់កំពូលអឺរ៉ុបតែមួយមុខប៉ុណ្ណោះ។ ក្រុមដែលសម្បូរទៅដោយកីឡាករល្អៗជាច្រើនដូចជា Cristiano Ronaldo, Paulo Dybala និង Leonardo Bonucci ជាដើមនោះ នឹងបន្ថែមខ្ទង់ចំណាយដ៏គួរឲ្យភ្ញាក់ផ្អើលទៀតនៅរដូវកាលក្រោយបន្ទាប់ពីធ្លាក់ក្រោមថ្វីជើង Ajax ត្រឹមវគ្គ៨ក្រុមចុងក្រោយនៅ Champions League។
មួយវិញទៀត ការផ្ទេរទៅកាន់ក្រុម Juventus នេះនឹងធ្វើឲ្យអ្នកគាំទ្រ Man City ខកចិត្តមិនស្ទើរទេខណៈដែលបុរសដែលកើតនៅទឹកដី Catalonia រូបនេះទើបតែបានលើកឡើងថាលោកនឹងបន្តស្នាក់នៅទឹកដី Etihad ហោចណាស់ពីរឆ្នាំទៀត៕
Tag:
បាល់ទាត់
Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com