អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស លាលែង​ពី​តំណែង​នៅ​ខែក្រោយ ព្រោះ​មិនអាច​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​បាន​
24, May 2019 , 4:30 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២៤ ខែឧសភា បានប្រកាស​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពី​លោកស្រី​រង​សម្ពាធ​ខ្លាំង​ទាក់ទង​ការ​អូស​ដៃ​អង់គ្លេស​ច​ញ​ពី​សហភាព​អឺរ៉ុប​។ ការលាលែង​ពី​តំណែង​របស់​លោកស្រី ទំនង​ជាការ​បំបែក​ភាពទ័លច្រក​នៅក្នុង​សភា​ជុំវិញ​ការចាកចេញ​ពី​អឺរ៉ុប ដែល​មកទល់ពេលនេះ មិនទាន់​កិច្ច​ព្រម​ព្រៀងនៅឡើយ​។

 
​ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​តំណែង​ប្រធានបក្សអភិរក្ស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា​។​ នេះ​ជាការ​ប្រកាស​របស់លោក​ស្រី ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២៤ ខែឧសភា​នៅឯ​និវេសនដ្ឋាន 10 Downing Street ក្នុង​ទីក្រុង​ឡុង​ដ៍​។ ការលាលែង​ពី​តំណែង​ប្រធាន​បក្សកាន់អំណាចនេះ ក៏​ជាការ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ព័ត៌មាន​លាលែង​នេះ លោកស្រី ម៉េ​យ៍ បង្ហាញ​ការសោកស្ដាយ​ដែល​មិនអាច​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុបតាម​បំណង​ប្រជាជន​បាន​។ ជាមួយនឹង​ការ​សម្រក់​ទឹកភ្នែក​ផង​នោះ លោកស្រី​និយាយថា វា​ជា​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ដែល​ត្រូវការ​នាយករដ្ឋមន្ត្រី​ដឹកនាំ​ការចាកចេញ​នេះ​។  
 
​តាមរយៈ​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប ដែល​នោះ​លោក ដេវីដ កា​មេ​រ៉ូ​ន ជា​នាយករដ្ឋមន្ត្រី​នៅឡើយ​។ ប៉ុន្តែ​ជិត​បី​ឆ្នាំ​មកនេះ អង់គ្លេស នៅតែ​មិនអាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដដែល ដ្បិត​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប ត្រូវបាន​សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​ដល់​ទៅ​បី​ដង​។ លោកស្រី ម៉េ​យ៍ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ចរចា​ជាមួយ​ដៃគូ​អឺរ៉ុប ប៉ុន្តែ​មិនអាច​បញ្ចុះបញ្ចូល​សមាជិក​សភា​ខ្លួនឯង​ទៅវិញ​។

មុន​ប្រកាស​ចុះចេញ​នេះ លោកស្រី ម៉េ​យ៍ បាន​ជួប​ជាមួយ​គណៈកម្មាធិការ​ប​ក្ស​ដើម្បី​ជជែក​ពី​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ ការលាលែង​នេះ ក៏មាន​ន័យ​ស្មើ​ការចាប់ផ្ដើម​ការ​ប្រជែង​សម្រាប់​តំណែង​ប្រធាន​បក្ស​ថ្មី​ជំនួស​លោកស្រី ម៉េ​យ៍ ។ ឥស្សរជន​ដែល​ក្លាយជា​ប្រធាន​បក្ស នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។ ការងារ​សំខាន់​របស់​មេដឹកនាំ​ថ្មី គឺ​បន្ត​ការប្រឹងប្រែង​របស់លោក​ស្រី ម៉េ​យ៍ ដើម្បី​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​។​
 
​នីតិវិធី​ជ្រើសរើស​មេដឹកនាំ​ថ្មី អាច​ចំណាយពេល​ចំណាយ​រាប់សិប​សប្ដាហ៍ ខណៈ​អំឡុង​ពេលនោះ លោកស្រី ម៉េ​យ៍ នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​សិន​៕​
 

Tag:
 អង់គ្លេស​
  ថេ​រ៉េ​សា ម៉េ​យ៍​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com