អន្តរជាតិ
មុន​ស្លាប់ ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម មានបំណង​បរិច្ចាគ​ទ្រព្យ​ទាំងអស់​ជួយ​អ្នកក្រីក្រ​
28, May 2019 , 7:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា សំពះទទួលពរពីអតីតរដ្ឋបុរសថៃ លោក ព្រេម ទីនស៊ូឡានុនដា  នៅលំនៅឋាន លោកព្រេម ក្នុងឱកាសថ្ងៃសង្គ្រាន្ត កាលពីឆ្នាំ២០១៧ (ប្រភព៖ The Nation  ថៃ)
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា សំពះទទួលពរពីអតីតរដ្ឋបុរសថៃ លោក ព្រេម ទីនស៊ូឡានុនដា នៅលំនៅឋាន លោកព្រេម ក្នុងឱកាសថ្ងៃសង្គ្រាន្ត កាលពីឆ្នាំ២០១៧ (ប្រភព៖ The Nation ថៃ)
ដោយ:
​មុនពេល​ទទួលអនិច្ចកម្ម អតីត​រដ្ឋបុរស​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Prem Tinsulanonda បានបង្ហាញ​គោលជំហរ​ថា ចង់​បរិច្ចាគ​ទ្រព្យសម្បត្តិ និង​លុយ​របស់លោក​ទាំងអស់​ជូន​ទៅដល់​ប្រជាជន​ក្រីក្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Pissanu Phutthawong ទីប្រឹក្សា​ផ្ទាល់​របស់លោក ព្រេ​ម​។

 
 
​នៅ​ថ្ងៃទី​២៧ ខែឧសភា លោក Pissanu  គូសបញ្ជាក់ថា អតីត​រដ្ឋបុរស ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា បាន​ប្រាប់​លោក​អំពី​គម្រោង​ធ្វើ​វិភាគទាន​ទ្រព្យសម្បត្តិ និង​លុយ​សន្សំ​ពី​ប្រាក់បៀវត្សរ៍ ដែល​លោក​ទទួលបាន ចាប់តាំងពី​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​មក​។ លោក ព្រេ​ម មានបំណង​បរិច្ចាគ​ទ្រព្យសម្បត្តិ និង​លុយ​ទាំងអស់នេះ ទៅកាន់​គម្រោង​នានា ដែល​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ឧ​ត្ត​ម​សេនីយ៍  Pissanu ពុំបាន​បង្ហើប​ចំនួន​លុយ និង​ទ្រព្យសម្បត្តិ​ជាក់លាក់​ឲ្យ​គ្រប់គ្នា​ដឹង​ឡើយ​។ យ៉ាងណាមិញ លោក​គ្រាន់តែ​បាន​ប្រាប់ថា តួលេខ​សរុប​ស្មើនឹង​ខ្ទង់រយ​លាន​បាត​។ 
 
​ជាមួយគ្នានេះដែរ ភ្លាមៗ​ក្រោយ​មរណភាព​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម លោក Pissanu បាន​ប្រញាប់ប្រញាល់​ទៅ​ជួប​ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam ។ ជំនួប​នេះដែរ គឺ​ដើម្បី​ជូនដំណឹង​លោក Wissanu ពី​គោលបំណង​របស់លោក ព្រេ​ម ព្រមទាំង​ស្នើសុំ​ការ​ជ្រៀម​ជ្រែង​ពី​លោក ដើម្បី​បំពេញ​បំណង​ចុងក្រោយ​របស់​អតីត​រដ្ឋបុរស​។ 
 
 
​សូមបញ្ជាក់ថា អតីត​រដ្ឋបុរស​ថៃ ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានទទួល​មរណភាព ដោយសារ​គាំងបេះដូង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ Phramongkutklao ក្នុង​រាជធានី​បាងកក​។ សព​លោក ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​វត្ត  Benchamaborpit កាលពី​ថ្ងៃទី​២៧ ខែឧសភា ដើម្បី​ទទួល​ការ​ប្រោះព្រំ​ពី​សែ​ស្រឡាញ​រាជវង្ស​ថៃ​៕

Tag:
 ថៃ​
  Prem Tinsulanonda
© រក្សាសិទ្ធិដោយ thmeythmey.com