ពីនេះ ពីនោះ
«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រម្សាយកន្ទុយ​» មានន័យថា អ្នកធ្វើ​ខុស​ឆាប់​ភ័យ​!
02, Jun 2019 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​
​ភ្នំពេញ​៖ ក្នុងការ​អប់រំ ឬ​ផ្ដល់​គំនិត​ដល់​កូនចៅ​របស់ខ្លួន​ក្នុងសម័យ​បុរាណ ចាស់ទុំ​ជំនាន់​នោះ​តែងតែ​លើកឡើង​នូវ​សុភាសិត​ផ្សេងៗ ដោយ​ផ្ដើមចេញពី​ន័យត្រង់ និង​ថែមទាំង​មាន​បង្កប់​នូវ​ន័យធៀប​ផងដែរ​។ ជាក់ស្ដែង មាន​សុភាសិត​មួយ​បាន​លើកឡើងថា​«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រម្សាយកន្ទុយ​»​។ តើ​អ្វី​ទៅជា​ន័យត្រង់ និង​ន័យធៀប​ក្នុង​សុភាសិត​នេះ​? តើ​សុភាសិត​នេះ មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​បុគ្គល គ្រួសារ ស្ថាប័ន និង​សង្គម​ខ្មែរ​?

 
​ដើម្បី​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​ការបកស្រាយ​សុភាសិត​នេះ យើង​គួរ​ផ្ដើមចេញពី​ការយល់​ពាក្យ​គន្លឹះ​មួយចំនួន ទីមួយ​គឺ​ក្អែក ដែលជា​សត្វ​មួយ​ប្រភេទ​ស៊ីសាច់​ឆៅ​ជា​អាហារ ជាពិសេស ស៊ីសាច់​សាកសព​សត្វ ឬ​គំរង់ រួមទាំង​ដំបៅ​របស់​សត្វ​ផ្សេងៗ​ផងដែរ​។ ទី​២ គោរ​រម្សាយកន្ទុយ មានន័យថា គោ​លាត​កន្ទុយ​ត្រង់ភ្លឹង នៅពេលដែល​វា​ថមថយ​កម្លាំង ដេក ឬ​ភ្ញាក់ផ្អើល​ហេតុការណ៍​អ្វីមួយ​។​
  
​ន័យត្រង់​ក្នុង​សុភាសិត​«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រម្សាយកន្ទុយ​» ចង់​និយាយថា គោ​ទាំងឡាយ​តែងតែ​រម្សាយកន្ទុយ​នៅពេលដែល​សត្វ​ក្អែក​ហើរ​រំលង​ខ្នង​របស់​វា ពីព្រោះ​វា​ខ្លាច​សត្វ​ក្អែក​នោះ​ចឹក​ស៊ី​ដំបៅ​ខ្នង​របស់​វា​។ លក្ខណៈ​នៃ​ប្រតិកម្ម​របស់​គោ​បែបនេះ ធ្វើឡើង​តាមរយៈ​ការដឹង​ដោយ​វិញ្ញាណ និង​សភាវគតិ​របស់​វា ដែល​តែងតែ​កើត​ឡើងជា​ប្រក្រតី​។​
 
​ចំពោះ​ន័យធៀប​នៃ​សុភាសិត «​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រម្សាយកន្ទុយ​» វិញ វា​អាច​សំដៅ​ទៅដល់​មនុស្ស​ទាំងឡាយ​ណា​ដែល​មា​បញ្ហា មានរឿង មាន​កំហុស មាន​ចំណុចខ្សោយ លាក់បាំង​រឿង​អាក្រក់ ឬ​បទល្មើស ជាដើម ហើយ​ដែល​តែងតែ​រអៀសខ្លួន រអៀសចិត្ត បង្ហាញ​ទឹកមុខ​ភ័យខ្លាច​ខុស​ប្រក្រតី ឬ​បញ្ចេញ​ឥរិយាបថ​ដែល​អាចធ្វើឱ្យ​អ្នកដទៃ​កត់សម្គាល់​បាន នៅពេលដែល​ពួកគេ​បានឮ​អ្នកណាម្នាក់​និយាយ​រឿង​រ៉ាង​ដែល​ទំនងជា​អាចពាក់ព័ន្ធ​នឹង​រឿង បទល្មើស ឬ​បញ្ហា​ដែល​ខ្លួន​បាន​លាក់បាំង ឬ​បាន​ប្រព្រឹត្ត​ខុស​។​
 
​អត្ថន័យ​នៃ​សុភាសិត​នេះ គេ​អាច​យកទៅ​ប្រើ​ដើម្បី​សង្កេត​សមាជិក​ក្នុង​គ្រួសារ មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន សមាជិក​សង្គម ឬ​ប្រើ​សម្រាប់​ការសង្កេត ការតាមដាន និង​ការ​ស្រា​ជ្រាវ​រក​ជនល្មើស ចោរ ភេរ​វករ ឬ​ខ្មាំង​បង្កប់ ជាដើម ដែល​ក្នុងនោះ មេដឹកនាំ​គ្រួសារ មេដឹកនាំ​ស្ថាប័ន ឬ​អ្នកស៊ើប​អ​ង្គេ​ត អាច​ប្រើប្រាស់​វោហារសាស្ត្រ វិធី​បែប​ចិត្រ​សាស្ត្រ ឬ​ល្បិច​ដ៏​ប៉ិនប្រសប់​ផ្សេងៗ​ដើម្បី​បំភ័យ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុស​ទាំងនោះ​ឱ្យ​បង្ហាញខ្លួន ឬ​សារភាព ក្នុង​បំណង​វែកមុខ​រក​អ្នក​ដែល​បាន​លួច​ទ្រព្យសម្បត្តិ អ្នក​ភិត​ក្បត់ អ្នកប្រព្រឹត្ត​បទល្មើស ឃាតក ភេរ​វករ ឬ​ជន​ក្បត់ ជាដើម​។​
 
​ឆ្លងតាម​ការបកស្រាយ​សុភាសិត​នេះ យើង​បាន​សង្កេតឃើញថា សុភាសិត​«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រម្សាយកន្ទុយ​»​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​វែកមុខ​រកម​នុស្ស​អាក្រក់​ក្នុង​គ្រួសារ ស្ថាប័ន សង្គម និង​ការស៊ើបអង្កេត​រក​ជន​ល្មើស ជនខិលខូច ភេរ​វករ និង​ខ្មាំង ជាដើម​។ ហេតុនេះ យុ​វន​ខ្មែរ​សម័យ​បច្ចុប្បន្ន គួរតែ​ចេះ​ចាំ និង​យល់ដឹង​ពី​អត្ថន័យ និង​សារប្រយោជន៍​របស់​សុភា​សិត​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​៕   

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com