របាយការណ៍​និង​ក្រុម​អ្នកជំនាញ​នានា​អះអាងថា សិទ្ធិ​កុមារ​នៅ​កម្ពុជា​នៅតែ​រង​ហានិភ័យ​
ជាតិ
របាយការណ៍​និង​ក្រុម​អ្នកជំនាញ​នានា​អះអាងថា សិទ្ធិ​កុមារ​នៅ​កម្ពុជា​នៅតែ​រង​ហានិភ័យ​
06, Jun 2019 , 8:19 am        
រូបភាព
រូបឯកសារ៖ កុមារពីរនាក់ដើរជាន់លើក្តារពីលើទឹកស្អុយនៅតំបន់មួយ​ក្នុង​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ កុមារពីរនាក់ដើរជាន់លើក្តារពីលើទឹកស្អុយនៅតំបន់មួយ​ក្នុង​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
ដោយ: VOA
​ភ្នំពេញ ៖ កុមារ​នៅ​ប្រទេស​កម្ពុជា​នៅតែ​រង​ការរំលោភបំពាន​សិទ្ធិ បើទោះបី​ជាមាន​ភាពប្រសើ​រ​ជាង​មុន​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មីៗ និង​ក្រុម​អ្នកជំនាញ​នានា​បានលើកឡើង​នៅមុន​ថ្ងៃ​ទិវា​សិទ្ធិ​កុមារ​កាលពី​ថ្ងៃ​សៅរ៍ ទី​១​ខែមិថុនា​កន្លងទៅ​។​

 
​របាយការណ៍​ស្តីពី​សិទ្ធិ​កុមារ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ឧសភា បានដាក់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​នៅ​លេខ​រៀង​ទី​១២៨​ក្នុងចំណោម​១៨១​ប្រទេស​។ របាយការណ៍​នេះ​បាន​ផ្អែកទៅលើ​សូចនាករ​ជាច្រើន​រួមទាំង សុខភាព ការសិក្សាអប់រំ និង​ការការពារ​កុមារ និង​បាន​រកឃើញថា ការរីកចម្រើន​ខាង​សេដ្ឋកិច្ច​មិនបាន​ជួយ​ឲ្យ​មាន​ភាពប្រសើរឡើង​ក្នុងការ​អនុវត្ត​សិទ្ធិ​កុមារ​ទេ​។​
 
​របាយការណ៍​នេះ​បានដាក់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​អាក្រក់​ជាង​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ស្ថិតនៅ​លេខ​រៀង​ទី​១៤ វៀតណាម​នៅ​លេខ​រៀង​ទី​៥៧ និង​ប្រទេស​ឡាវ​នៅ​លេខ​រៀង​ទី​១១២​។ របាយការណ៍​បានដាក់​លេខ​រៀង​ឲ្យ​កម្ពុជា​ល្អ​ជាង​បន្តិច​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១៣៣​។​
 
​លោក​Huy Khy ទីប្រឹក្សា​គោលនយោបាយ​តស៊ូ​មតិ​នៃ​អង្គការ Save the Children បាន​ថ្លែងថា ទោះបី​ជាមាន​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ក្រម​ខណ្ឌ​ការងារ​ស្របច្បាប់​ដើម្បី​ការពារ​សិទ្ធិ​កុមារ​ក៏ដោយ ក៏​ការអនុវត្ត​ជាក់ស្តែង​នៅមាន​ភាព​ផុយ​ស្រួច​ដដែល ដូច​ទៅនឹង​ការបញ្ជាក់​នៅក្នុង​របាយ​ការណ៍​។​
 
​លោក Huy Khy បាន​ប្រាប់ VOA តាមរយៈ​សារ​អេឡិចត្រូនិក ឬ Email ថា​៖ «​ទោះបី​ជាមាន​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណាក៏ដោយ ក៏​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​ឧបសគ្គ​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​ទទួលបាន​ការអប់រំ ការការពារ សុខភាព និង​សិទ្ធិ​ក្នុងការ​ចូលរួម​ជាដើម​»​។​
 
​ឧទាហរណ៍​មួយ​ដែល​លោក​បានលើកឡើង​គឺ​កង្វះខាត​ឱកាស​សម្រាប់​កុមារ​ពិការ​។ លោក​បាន​បញ្ជាក់ថា កុមារ​ពិការ​ចំនួន​ដល់​ទៅ​ពីរដង​បើ​ធៀប​ទៅនឹង​កុមារ​ធម្មតា​មិនបាន​ចូលរៀន​នៅ​សាលា​ទេ​។ លោក​បាន​បន្ថែមថា​«​មាន​កុមា​រវ័យ​ជំទង់​ដែល​ពិការ​តែ​៤​ភាគរយ​ប៉ុណ្ណោះ ដែល​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ បើ​ធៀប​ទៅនឹង​កុមារ​ជំទង់​មាន​កាយសម្បទា​ធម្មតា​៤១​ភាគរយ​»​។​
 
​យោងតាម​ស្ថិតិ​របស់​អង្គការ UNICEF​កាលពី​ឆ្នាំ​២០១៤ លោក Khy បាន​ថ្លែងថា កុមារ​ជាង ៥០​ភាគរយ​រងគ្រោះ​ដោយ​អំពើហិង្សា​លើ​រាងកាយ ២៥​ភាគរយ​រង​ការបំពាន​ផ្លូវចិត្ត និង​កុមារ​៥​ភាគរយ​រងគ្រោះ​ដោយសារ​អំពើ​រំលោភ​សេពសន្ថវៈ​។​
 
​លោក Khy ថា​មាន​ចំនួន​សិស្សសាលា​តិចតួច​ណាស់​ដែល​រៀន​ចប់​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ បើ​ធៀប​ទៅនឹង​អាត្រា​កុមារ​ចុះឈ្មោះ​ចូលរៀន ដែលមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
 
​លោក​បាន​ញ្ជា​ក់ទៀត​ថា «​ជារឿយៗ​ទាំង​ឳ​ពុក​ម្តាយ និង​កុមារ​ចង់ទៅ​ធ្វើការ​ជាង​ទៅ​រៀន​នៅ​សាលា​»​។​
 
​អ្នកតស៊ូ​មតិ​បាន​ថ្លែងថា​ការទទួលបាន​ចំណាត់​ថ្នាក់ទាប​នៅក្នុង​របាយការណ៍​ស្តីពី​សិទ្ធិ​កុមារ​នេះ​ក៏បាន​រួម​ប​ញ្ជូ​ល​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ប្រទេស​នានា និង​ធនធាន​ដែលមាន​នៅក្នុង​បណ្តា​ប្រទេស​នីមួយៗ​ផងដែរ ដែល​បាន​ជះឥទ្ធិពល​ដល់​ការសម្រេច​ដាក់​ថវិកា​សម្រាប់​កិច្ច​គាំពារ​កុមារ​។​
 
​លោក Khy បាន​ថ្លែង​បន្ថែមទៀតថា​«​កម្ពុជា​មិនទាន់​បានដាក់​ថវិកា​គ្រប់គ្រាន់​ដើម្បី​ធានា​ឲ្យ​មានការ​គោរព​សិទ្ធិ​កុមារ ឲ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​។ ឧទាហរណ៍​ដូច​ក្នុង​ឆ្នាំ​២០១៩ ថវិកា​សម្រាប់​ក្រសួង​អប់រំ មានតែ​១៣,៧​ភាគរយ​នៃ​ថវិកាជាតិ​សរុប​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​នៅ​ទាប​ជាង​ថវិកា​សកល​ជា​មធ្យម​២០​ភាគរយ នៃ​ថវិកាជាតិ​ទាំងមូល​»​។​
 
​ចំណុច​ទាំងនេះ​ក៏បាន​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​រប​ស់​អង្គការ Save the Children​ស្តីពី​កុមារភាព​៖ ការផ្លាស់ប្តូរ​ការរស់នៅ​ក្នុង​ជីវិត​របស់​យើង ឬ Changing Lives in our Lifetime ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ខែឧសភា​កន្លងទៅ​។ របាយការណ៍​បានដាក់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី ១២០​ក្នុងចំណោម ១៧៦​ប្រទេស និង​បានលើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ចំនួន​កុមារ ២២,៥​ភាគរយ​ដែល​ឈប់រៀន​ត្រឹម​ថ្នាក់បឋមសិក្សា និង​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​។ លោក Khy បាន​ថ្លែងថា ថវិកា​តែ​២​ទៅ​៤​ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បានដាក់​សម្រាប់​សេវា​សង្គម​។​
 
​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​លោក Yeap Malina មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។ ម​ន្ត្រី្ក​ក្រសួង​សង្គមកិច្ច​បានស្នើ​ឲ្យ​សួរ​សំណួរ​ដោយផ្ទាល់​ទៅ​អ្នកនាំពាក្យ​ក្រសួង​។​
 
​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ UNICEF ប្រចាំ​ប្រទេស​កម្ពុជា លោក Meas Bunly បានបញ្ជាក់​អំពី​វិធានការ​សំខាន់ៗ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ដែល​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឲ្យ​អនុវត្ត​ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ​កម្ពុជា​។ វិធានការ​ទាំងនោះ​រួមមាន​ការអនុម័ត​ច្បាប់ និង​ផែនការ​សកម្មភាព​នានា​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​កុមារ កាត់បន្ថយ​អាត្រា​ក្រីក្រ ព្រមទាំង​លើកកម្ពស់​វិស័យ​អប់រំ​ជាដើម​។ លោក Bunly បានបញ្ជាក់​ទៀតថា បើទោះបី​ជាមាន​ការវិវត្ត​យ៉ាងនេះ​ក្តី​គម្លាត​នៃ​កិច្ច​គាំពារ​កុមារ​នៅតែមាន​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖
 
«​ខណៈ​មាន​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ​នៅ​កម្ពុជា ឧបសគ្គ​ចម្បង​នានា​ដើម្បី​បំពេញ​គម្លាត​ទាំងនោះ​នៅតែមាន​នៅក្នុង​វិស័យ​មួយចំនួន​»​។​
 
​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​លោក Bunly បានលើកឡើង​ពី​ស្ថិតិ​ដែល​បង្ហាញថា កុមារ​៣២​ភាគរយ​នៅ​កម្ពុជា​គ្រិន ហើយ​អាត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ នៅតែមាន​ចំនួន​ដដែល​គឺ​៣១​នាក់​ក្នុងចំណោម​ទារក​ដែល​បានកើត​១០០០​នាក់​។​
 
​លោក Bunly បាន​បន្ថែមថា «​បញ្ហា​ទាំងអស់នេះ​បានកើត​ឡើងជា​បន្តបន្ទាប់ និង​ចាំបាច់​ត្រូវ​ដោះស្រាយ​ក្នុងពេល​តែមួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com