អន្តរជាតិ
បស្ចិម​លោក រំឭក​ខួប​ប្រតិបត្តិការ Normandy តែ​រុស្ស៊ី​ថា បើ​គ្មាន​សូ​វៀត ក៏​មិនអាច​ឈ្នះ​ដែរ​
06, Jun 2019 , 10:47 am        
រូបភាព
មេដឹកនាំប្រទេសសម្ព័ន្ធមិត្តនាពិធីនៅអង់គ្លេស។ រូបភាព AFP
មេដឹកនាំប្រទេសសម្ព័ន្ធមិត្តនាពិធីនៅអង់គ្លេស។ រូបភាព AFP
​មេដឹកនាំ​ប្រទេស​នៃ​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច បាន​ជួបជុំគ្នា​នៅ​ទឹកដី​អង់គ្លេស​ដើម្បី​ធ្វើ​ពិធី​រំឭក​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​យោធា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ពី​ទឹកដី​អង់គ្លេស ទ័ព​សម្ព័ន្ធមិត្ត​បាន​ឆ្លង​សមុទ្រ Channel ហើយ​ឡើងគោក​នៅ Normandy ទឹកដី​បារាំង​ដើម្បី​កម្ចាត់​យោធា​ណា​ស៊ី ហើយក៏​ឈានដល់​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​ដែរ​។ ប៉ុន្តែ​រុស្ស៊ី​និយាយថា ប្រតិបត្តិការ​កាលពី​៧៥​ឆ្នាំមុន មិនមែនជា​កត្តា​កំណត់​ជ័យជម្នះ​សង្គ្រាមលោក​ឡើយ​។​

 
​មហាក្សត្រី​យា​នី​អង់គ្លេស Elizabeth ទី​ពីរ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បាន​ជួបជុំគ្នា​នៅ​ទីក្រុង Portmouth នៅ​ថ្ងៃទី​៥ ខែមិថុនា ដើម្បី​ចូលរួម​ខួប​ទី​៧៥ នៃប្រតិបត្តិ​ការរំដោះ​អឺរ៉ុប​ពី​ក្រញាំដៃ​ទ័ព​ណា​ស៊ី​។ Porthmouth ជាទី​ចេញដំណើរ​ដ៏​សំខាន់​មួយ​របស់​កងទ័ព​សម្ព័ន្ធ​មិត្ត​នៅ​ថ្ងៃទី​៥ ខែមិថុនា មុននឹង​ទៅដល់​ទឹកដី​បារាំង​។​
 
​ប្រតិបត្តិការ​នៅ Normandy ដែល​ចាប់ផ្ដើម​ពេល​ទ័ព​សម្ព័ន្ធមិត្ត​ឡើងគោក​នៅ​ថ្ងៃទី​៦ ខែមិថុនា ជា​សមរភូមិ​បង្ហូរឈាម​ដ៏​ធំ​មួយ​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ក្រោយ​ទទួលជោគជ័យ​ទាំង​លំបាក កម្លាំង​សម្ព័ន្ធមិត្ត​បាន​រំដោះទឹកដី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាល្លឺម៉ង់ រួច​បន្ត​រំដោះ​អឺរ៉ុប ហើយ​វា​នាំ​រក​ជ័យជម្នះ​នៅ​រណសិរ្ស​ខាងលិច​តែម្ដង​នៅ​មួយឆ្នាំ​បន្ទាប់​។ លោកខាងលិច​ចាត់ទុក​ប្រតិបត្តិការ​នៅ Normandy ជា​ព្រឹ​ត្ត​ការណ៍​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​។​
 
​យ៉ាងណាមិញ រុស្ស៊ី មិនសូវ​សប្បាយ​ចិត្តនឹង​យកគុណ​សម្បត្តិ​ម្នាក់ឯង​របស់​សម្ព័ន្ធមិត្ត ហើយ​ការប្រឹងប្រែង​របស់ខ្លួន​ត្រូវបាន​គេ​បំភ្លេច​ឡើយ ឯការ​ឡើងគោក​នៅ Normandy ក៏​មិនបាន​កំណត់​ជោគជ័យ​សង្គ្រាមលោកលើកទី​ពីរ​ដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova និយាយ​ដោយយោង​សម្តី​អ្នកប្រវត្តិសាស្ត្រ​ថា ប្រតិបត្តិ​ការឈ្លានពាន​នៅ​ទឹកដី​បារាំង មិនបាន​ជះឥទ្ធិពល​អ្វី​ខ្លាំងក្លា​ដល់​លទ្ធផល​សង្គ្រាម​ដែល​បញ្ចប់​នៅ​ឆ្នាំ ១៩៤៥ ទេ​។ 
 
​ទោះ​ទទួលស្គាល់ថា សម្ព័ន្ធមិត្ត​រួមចំណែក​ច្រើន​ក្នុង​ជ័យជម្នះ​លើ​ណា​ស៊ី​ក្ដី លោកស្រី Zakharova និយាយទៀតថា បើ​គ្មាន​ការរួមចំណែក​ដ៏​ធំធេង​របស់​សហភាពសូវៀត​ទេនោះ ជ័យជម្នះ​ក៏​មិនអាច​កើតមាន​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​រូបនេះ អះអាងថា ជោគជ័យ​ត្រូវ​បានកំណត់​ជាស្រេច ដោយសារ​កងទ័ព​ក្រហម​ដែល​រុញច្រាន​ទ័ព​ណា​ស៊ី​ពី​រណសិរ្ស​ខាងកើត បានទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​ដែរ​។​
 
​ជា​ញឹកញយ រុស្ស៊ី​តែង​ចោទ​លោកខាងលិច​ថា មិនសូវ​ឲ្យ​តម្លៃ ឬ​យល់​ពី​ការលះបង់​របស់ខ្លួន​ក្នុង​ការបញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ ខណៈ​រុស្ស៊ី​បាន​បាត់បង់​ជីវិត​មនុស្ស​ប្រមាណ​២៧​លាន​នាក់​ឯណោះ​។ សង្គ្រាម​នៅ​លេនីន​ក្រា​ដ ជា​សមរភូមិ​បង្ហូរឈាម​ដែល​កងទ័ព​ក្រហម​លះបង់​ជីវិត​ច្រើន​សន្ធឹកសន្ធាប់​។ ប៉ុន្តែ​ជនជាតិ​រុស្ស៊ី​ខ្លះ ក៏​មិនសូវ​បានដឹង​ដូចគ្នា​ពី​ការជួយ​របស់​សម្ព័ន្ធមិត្ត​វិញ​ដែរ​៕ 

Tag:
 ​រុស្ស៊ី​
  បស្ចិម​លោក​
  សង្គ្រាមលោកលើកទីពីរ
© រក្សាសិទ្ធិដោយ thmeythmey.com