ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ពន្យុះថែមឲ្យសម្តេច ហ៊ុន សែន ប្តឹងលោកបីករណីទៀត ទៅតុលាការបារាំង
× លោក សម រង្ស៊ី គ្មានខ្វល់ខ្វាយអ្វីឡើយ ចំពោះគម្រោងរបស់សម្តេច ហ៊ុន សែន និង សម្តេច ស ខេង ដែលឲ្យអ្នកច្បាប់សិក្សានិងរៀបចំបណ្តឹង ដើម្បីប្តឹងទៅតុលាការបារាំង។ លោក ថែមទាំង ជំរុញសម្តេច ហ៊ុន សែន ឲ្យប្តឹងលោក៣បទល្មើសបន្ថែមទៀត។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានចោទសម្តេច ហ៊ុន សែន ជាថ្មី អំពីឧក្រិដ្ឋកម្ម៣ផ្សេងទៀត ដែលរួមមាន ការបំផ្ទុះគ្រាប់បែកនៅជិតរដ្ឋសភាចាស់ កាលពីឆ្នាំ៩៧ ឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពីលិកា នៅឆ្នាំ៩៩ និងឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្នុងឆ្នាំ២០១៦។ លោក ដាក់ជាសំណួរថា «តើ លោក ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋទាំង៣នេះ ដែលខ្ញុំបានចោទគាត់ជាចំហ ថាគាត់ជាអ្នកបញ្ជាឲ្យប្រព្រឹត្ត?»។
សម្តេច ហ៊ុន សែន ចង់ប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង ដើម្បីរកយុត្តិធម៌ ព្រោះមិនសុខចិត្ត ដែលលោក សម រង្ស៊ី ចោទសម្តេច ថា ជាអ្នកសម្លាប់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ។ ឯ សម្តេច ស ខេង ចង់ប្តឹង ព្រោះលោក សម រង្ស៊ី ចោទសម្តេចថា មានគម្រោងធ្វើរដ្ឋប្រប្រហារនិងបក្សប្រហារ។ ការប្រកាសពីគម្រោងប្តឹងរបស់សម្តេចទាំងពីរ គឺធ្វើឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com