សម្ដេច ស ខេង ៖«​ការពារ​ភូមិ​របស់​យើង កុំ​ឲ្យ​គ្រឿងញៀន​វាយលុក​»
ជាតិ
សម្ដេច ស ខេង ៖«​ការពារ​ភូមិ​របស់​យើង កុំ​ឲ្យ​គ្រឿងញៀន​វាយលុក​»
08, Jun 2019 , 10:59 pm        
រូបភាព
សម្ដេច ស ខេង ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលាក្នុងវត្តព្រៃតាម៉ុក
សម្ដេច ស ខេង ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលាក្នុងវត្តព្រៃតាម៉ុក
​ភ្នំពេញ​៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​អាជ្ញាធ នគរបាល និង​ប្រជាពលរដ្ឋ ចូលរួម​ការពារ​កុំ​ឲ្យ​គ្រឿងញៀន​កើតមាន​ក្នុងភូមិ​ឃុំ​របស់ខ្លួន​។ សម្ដេច​បានលើកឡើង​ពី​បញ្ហា​គ្រឿងញៀន​នេះ​ក្នុងឱកាស​នៃ​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធិផល​ក្នុង​វត្ត​ព្រៃ​តា​ម៉ុក នៅ​ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃទី​៨​ខែមិថុនា​នេះ​។​


 
​ប្រសាសន៍​សម្ដេច ស ខេង ៖



 
«​កុំ​ឲ្យ​គ្រឿងញៀន​មកដល់​ភូមិ​របស់​យើង ការពារ​ភូមិ​របស់​យើង​កុំ​ឲ្យ​គ្រឿងញៀន​វាយលុក​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច ស ខេង មុននឹង​សម្ដេច​បន្ត​ដូចនេះ​ទៀតថា​៖«​ដើម្បី​ការពារ​បាន​អ្នកណា​ធ្វើ​រឿងនេះ​? គឺ​ទាំងអស់គ្នា ទាំង​នគរបាល អាជ្ញារ ប្រជាពលរដ្ឋ រួមទាំង​ព្រះសង្ឃ​ផង​រួមចំណែក​អ្វី​បាន រួមចំណែក នោះ​ទៅ យ៉ាងហោចណាស់​ទេសនា​អប់រំ​កុំ​ឲ្យ​គ្រឿងញៀន គ្រោះថ្នាក់​គ្រឿងញៀន​»​។​
 
​សម្ដេច ស ខេង អះអាងថា សព្វថ្ងៃនេះ ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន «​នេះ​ជា​បញ្ហា​គ្រោះថ្នាក់ ដែល​សព្វថ្ងៃនេះ យើង​កំពុងតែ​ខិតខំ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ដូចនេះហើយ​សូមកុំ​ឲ្យ​មានមក​ដល់ទី​កន្លែង​ភូមិ​ស្រុក​របស់​យើង​»​។​
 
​ការលើកឡើង​របស់​ស​ម្ដេច ស ខេង ពី​បញ្ហា​គ្រឿងញៀន​នៅពេលនេះ គឺ​ស្រប​ពេលដែល​គ្រឿងញៀន​ត្រូវបាន​គេ​មើលឃើញថា​បាន​រាលដាល​ដល់​ភូមិ​ឃុំ​នៅ​ជនបទ​គ្រប់​ទីកន្លែង​ទៅហើយ​៕
 

Tag:
 គ្រឿងញៀន​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com