ជាតិ
សម្ដេច ស ខេង ហាម​កងកម្លាំង​ទាំងអស់ ទៅ​យាម​នៅតាម​ទីតាំងក្លិប​កម្សាន្ត
12, Jun 2019 , 10:43 am        
រូបភាព
​ភ្នំពេញ​៖ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មិនត្រូវ​ទៅ​យាម​ការពារ​នៅ​កន្លែង​ក្លិប​កម្សាន្ត​នោះឡើយ​។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​១២ មិថុនា​។​

 
​ថ្លែង​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​រាជធានី សម្ដេច ស ខេង បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច មិន​ចង់​ឲ្យ​សមត្ថកិច្ច និង​កងកម្លាំង ទៅ​យាម​ការពារ​ទីតាំង​កម្សាន្ត​នាពេល​រាត្រី​នោះ ដោយសារតែ​កន្លែង​មួយចំនួន អាចមាន​ករណី​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ត្រង់ចំណុច​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា បើសិនជា​កងកម្លាំង ទៅ​យាម​កន្លែង​កម្សាន្ត​ដែលមាន​ករណី​គ្រឿងញៀន​នោះ វា​ហាក់ដូចជា​សមត្ថកិច្ច​កំពុង​ជួយ​ការពារ​ទីតាំង​ខុសច្បាប់​ដែរ​។ ដូច្នេះ​វា​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព​អនុវត្ត​ច្បាប់​។​
 
​និយាយ​ពី​បញ្ហា​នេះហើយ សម្ដេច ស ខេង ក៏​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​តាម​អង្គភាព​ចំណុះ​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ទាំងអស់ មិនត្រូវ​បញ្ជូន​កម្លាំង​ទៅ​យាម​ទីតាំង​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ តាម​ការស្នើសុំ​របស់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ឡើយ ។ សម្ដេច ស ខេង នឹង​ចេញ​លិខិត​ជា​ផ្លូវការ ដើម្បី​ដាក់​បម្រាម​នៅតាម​អង្គភាព​នានា ជុំវិញ​បញ្ហា​នេះ​។​
 
​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ប្រកាស​ជា​កំហិត​ថា សមត្ថកិច្ច ត្រូវតែ​បោសសម្អាត​គ្រឿងញៀន នៅតាម​ក្លិប​កម្សាន្ត និង​KTV ឲ្យ​អស់ នៅត្រឹម​ឆ្នាំ​២០១៩​នេះ ៕​

Tag:
 ស ខេង​
  សមត្ថកិច្ច​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com