ជាតិ
លុយកខ្វក់​៖ សម្ដេច ស ខេង​«​អ្នក​ឃុបឃិត​ក្នុង​រឿងនេះ​បាន​ផលប្រយោជន៍ តែ​ងាប់​ប្រទេសជាតិ​»
12, Jun 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​កម្ពុជា​ស្ថិតក្នុង​បញ្ជី​ប្រផេះ​ជុំវិញ​ការលាង​លុយកខ្វក់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញ​ក្ដីបារម្ភ​ខ្លាច​កម្ពុជា​ធ្លាក់​ចូលក្នុង​បញ្ជីខ្មៅ ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​កិត្តិយស​ជាតិ​។ សម្ដេច​ថែមទាំង​លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​អ្នក​ឃុបឃិត​រកស៊ី​ក្នុង​រឿងនេះ​បាន​ផលប្រយោជន៍ តែ​បានតែ​មនុស្ស​មួយក្រុម​នោះទេ យកមក​ទិញ​ដីធ្លី ឬ​ទីផ្សារ​ដី​អាច​ឡើងថ្លៃ​ជាដើម តែ​វា​ងាប់​ប្រទេសជាតិ ងាប់​ត្រង់​ថាបើ​ថ្ងៃ​ណាមួយ​ដល់​កម្រិត​មួយ​គេ​ថា​កម្ពុជា​ជា​ប្រទេស​ខ្មៅ​ជា​ប្រទេស​លាងលុយកខ្វក់ គឺ​ចប់​»​។​


 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ៖


 
 
«​គេ​ថា​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ប្រផេះ អ៊ីចឹង​គេ​ឃ្លាំង​មើល​ហើយ មួយ​ជំហាន​ទៀត​វា​ទៅ​ខ្មៅ បើសិន​យើង​មិនបាន​យកចិត្តទុកដាក់​បង្ក្រាប​»​។ សម្ដេច​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុម​ប្រឹក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២​ខែមិថុនា​នេះ​។ សម្ដេច ស ខេង បាន​ជំរុញ​ឲ្យ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ការពារ​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជីខ្មៅ​អំពី​ការលាង​លុយកខ្វក់​។​
 
​ជាមួយគ្នានេះ សម្ដេច ស ខេង បាន​ភ្ជាប់​បញ្ហា​លាងលុយកខ្វក់​ទៅនឹង​ករណី​ចរាចរ​លុយ ៣​លាន​ដុល្លារ​កន្លះ និង ៨០​ម៉ឺន​ដុល្លារ ដែល​ត្រូវ​ចាប់បាន​នៅ​ព្រលានយន្តហោះ​ភ្នំពេញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ សម្ដេច​ប្រាប់ថា​សមត្ថកិច្ច​នៅ​ខ្វះខាត​ការស្រាវជ្រាវ​ពី​ប្រភព​លុយ​ចំពោះ​ករណី​ទាំងពីរ​នេះ​។ សម្ដេច​ថែមទាំង​បង្ហើប​ថា​មាន​អ្នក​ចង់​រត់ការ​ឲ្យ​ម្ចាស់​លុយ​អាច​យកលុយ​នោះ​វិញ ដោយ​ចែក​ភាគរយ​ជាមួយ​ម្ចាស់​លុយ​។ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួល​ព័ត៌មាន​ថា​ចាប់​លុយ​បាន​៣​លាន​កន្លះ សមត្ថកិច្ច​ដែល​ចាប់បាន​ក៏​ប្រគល់​លុយ​ឲ្យ​សមត្ថកិច្ច​មួយទៀត តែ​អត់​បាន​ពិនិត្យ​មើលថា​លុយ​នោះ​មាន​ប្រភព​មកពីណា​? ឥឡូវ​បើ​មាន​ករណី​អ៊ីចឹង​ទៀត​ត្រូវ​រាយការណ៍​មក​ខ្ញុំ​ភ្លាម​»​។ សម្ដេច​បន្ត​ដូច្នេះ​ទៀតថា​៖«​ត្រូវ​សិក្សា​ស្រាវជ្រាវ​ថា​លុយ​ចេញពី​ណា​មក ព្រោះ​សា​ម៉ី​ខ្លួន​ថា​លុយ​ច្រើន​បាន​ពី​លេងល្បែង​ឈ្នះ តែ​អត់​ក្រដាស​ស្នាម មិនតែប៉ុណ្ណោះ​បើសិន​លុយ​នោះ​ត្រឹមត្រូវ អត់​ចែកគ្នា​រត់ការ​នោះទេ​»​។​
 
​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ការទប់ស្កាត់ និង​បង្ក្រាប​ការលាង​លុយកខ្វក់ ត្រូវ​ប្រឹងប្រែង​ដើម្បី​ការពារ​កិត្តិយស​ជាតិ​។ សម្ដេច​មានប្រសាសន៍​ដូចនេះ​ថា​៖«​ខ្ញុំ​គិតថា​យើង​ធ្វើ​ដើម្បី​ការពារ​មុខមាត់​ជាតិ​យើង​។ រឿងនេះ​ស្មុគស្មាញ​មិន​ខុស​អ្វី​នឹង​គ្រឿងញៀន​ទេ​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​បន្តធ្វើ​រឿងនេះ ហើយ​ឲ្យ​មានការ​គាំទ្រ​សំខាន់​បញ្ហា​គ្រឿងញៀន បញ្ហា​លាងលុយកខ្វក់ ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​នគរបាល គយ​ប្រចាំ​នៅ​ច្រក ឬក៏​សមត្ថកិច្ច​ដ៏ទៃទៀត ព្រោះ​ជួនកាល​អ្នករកស៊ី​បែប​នោះ​មាន​ល្បិច​ខ្ពស់​»៕

Tag:
 ស ខេង​
  លាងលុយកខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com