ជាតិ
សហភាព​អឺរ៉ុប ផ្ដល់​ឲ្យ​ជាង​៩៨​លាន​ដុល្លារ លើ​វិស័យ​ជលផល​នៅ​កម្ពុជា​
04, Jul 2019 , 9:19 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម លោក George Edgar
រូបភាពពីក្រសួងកសិកម្ម លោក George Edgar
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន និង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ជួបពិភាក្សា​គ្នា ដើម្បី​ពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ជលផល (CAPFISH-Capture) ដែលជា​មាន​ជំនួយឥតសំណង​៨៧​លាន​អឺរ៉ូ (​ជាង​៩៨​លាន​ដុល្លារ​) ពី​សហភាព​អឺរ៉ុប​។ ការផ្ដល់​ជំនួយ​នេះ គឺ​សម្រាប់​អនុវត្ត​គម្រោង​ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២៣ ដែល​សហការ​អនុវត្ត​ដោយ​អង្គការ FAO UNESCO និង UNIDO ហើយ​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​។

 
​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក វេ​ង សាខុន លើកឡើង​ក្នុង​កិច្ចប្រជុំ​ថា គម្រោង CAPFISH - Capture សម្រាប់​អភិវឌ្ឍ​វិស័យ​ជលផល​កម្ពុជា​។ លោក សង្ឃឹមថា លទ្ធផល​ទទួលបាន​ពី​គម្រោង​នេះ នឹងចូលរួម​អភិវឌ្ឍ​វិស័យ​ជលផល និង​សេដ្ឋកិច្ចជាតិ​នាពេល​អនាគត​។ លោក បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ជលផល​បន្ត​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ម្ចាស់ជំនួយ ដើម្បី​អនុវត្ត​គម្រោង​ឲ្យ​បាន​ជោគជ័យ​។ 
 
​របាយការណ៍​ពី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ការអនុវត្ត​គម្រោង​ខាងលើ មានការ​ពង្រឹង​ការអនុវត្ត​ច្បាប់ បច្ចេកទេស ការគ្រប់គ្រង​ការនេសាទ ការកែច្នៃ ការការពារ​ដែន​នេសាទ ការបង្កើត​ជម្រក​ត្រី​ពូជ ការបណ្តុះបណ្តាល​សហគម​ន៍ និង​ផ្សព្វផ្សាយ ការផ្តល់​សេវាកម្ម​។ ក្រៅពីនេះ មាន ការគ្រប់គ្រង​មូលនិធិ ការកាត់បន្ថយ​ការបាត់បង់​ក្រោយពេល​ប្រមូល​ផល ការបង្កើន​បរិមាណ​ផល​នេសាទ​ក្នុង​ទីផ្សារ ធានា​ស្តង់ដារ​គុណភាព សុវត្ថិភាព​ទីផ្សារ​ជាតិ​-​អន្តរជាតិ ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​អំពី​ការត្រួតពិនិត្យ​គុណភាព និង​អនាម័យ​។ ទន្ទឹមនឹងនេះ បានផ្តល់​ការគាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​វារីវប្បកម្ម និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដើម្បី​លើកកម្ពស់​សង្វាក់​ផលិតកម្ម​។ 
 
​គម្រោង​ខាងលើនេះ នឹង​ជួយ​គាំទ្រ​ដល់​សេវា​ទឹកស្អាត អនាម័យ និង​ការគ្រប់គ្រង​កាកសំណល់​ថាមពល និង​ការអប់រំ​នៅ​តំបន់ដីសើម និង​តំបន់ឆ្នេរ គាំទ្រ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​។ ជាមួយគ្នានេះដែរ ទាំង​គោលបំណង និង​លទ្ធផល​ដែល​រំពឹងទុក​នៃ​គម្រោង​ទាំងមូល នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ សម្រាប់​សេចក្តីព្រាងច្បាប់​នេះ ទើបតែ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១ ខែកក្កដា​នេះ​។ 
 
​គម្រោង​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​នេះ មាន​គោលបំណង​គាំទ្រ​លើ​ឆន្ទៈ​របស់​រាជ​ដ្ឋា​ភិ​បាល​ដែលមាន​គម្រោង​អភិវឌ្ឍ​វ​ស័​យ​ជលផល​ឲ្យ​មាន​និរន្តរភាព​តាម​ការប្រែប្រួល​អាកាសធាតុ​៕ 
 

Tag:
 ជលផល​
  CAPFISH-Capture
© រក្សាសិទ្ធិដោយ thmeythmey.com