ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​សម្បូរ​ជាតិ​ស័ង្កសី​ដែល​គួរ​បញ្ចូល​ក្នុង​របប​អាហារ​
07, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ស័ង្កសី​មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ តាមរយៈ​ជួយ​ឈាម​ឲ្យ​ឆាប់​កក​នៅពេល​មាន​របួស ព្រមទាំង​ជួយ​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀតផង​។ ថ្វីបើ​ជាតិ​រ៉ែ​មួយ​នេះ​សំខាន់​សម្រាប់​សុខភាព​ទូទៅ​មែន​ក៏ដោយ តែ​យើង​គ្រាន់តែ​ត្រូវការ​វា​ក្នុង​ចំនួន​តិចតួច​ទេ​។ ឧទាហរណ៍ ស្ត្រី​អាយុ​ចាប់ពី ១៩​ឆ្នាំ​ឡើងទៅ ត្រូវការ​តែ ៨​មី​លី​ក្រាម​ប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ ខណៈពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ ១១​មី​លី​ក្រាម​។



យ៉ាងណាមិញ ប្រភព​ជាតិ​ស័ង្កសី​ដែល​សម្បូរ​ជាងគេ​មានដូចជា​៖
 
​គ្រាប់​ល្ពៅ​
 
​ការ​ញ៉ាំ​គ្រាប់​ល្ពៅ​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។ គ្រាប់​ល្ពៅ​១០០​ក្រាម​មាន​ជាតិ​ស័ង្កសី ១០.៣​មី​លី​ក្រាម​ទៅហើយ​។ ការ​ញ៉ាំ​គ្រាប់​ល្ពៅ​ទាំង​ឆៅ​អាច​ទទួលបាន​ប្រយោជន៍​ច្រើនជាង​លីង​។ 
 
​អយ​ស្ទើ​
 
​អាហារ​សមុទ្រ​មួយ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ស័ង្កសី ដោយ​អយ​ស្ទើ ៨៥​ក្រាម​មាន ស័ង្កសី ៣២​មី​លី​ក្រាម​ទៅហើយ​។ ថ្វីបើ​ការ​ញ៉ាំ​អយ​ស្ទើ​អាចជា​រឿង​ល្អ​មែន តែ​យក​ល្អ​គួរតែ​ញ៉ាំ​វា​ត្រឹម​កម្រិត​មធ្យម​បាន​ហើយ​។ 
 
​សូកូឡា​ពណ៌​ខ្មៅ​
 
​សូកូឡា​ខ្មៅ​ត្រូវបាន​គេ​រកឃើញថា​មាន​ចំនួន​ជាតិ​ស័ង្កសី​ច្រើន​ដែរ​។ ការ​ញ៉ាំ​សូកូឡា​ខ្មៅ ១០០​ក្រាម អាច​ផ្តល់​ជាតិ​ស័ង្កសី​បាន ៩.៦​មី​លី​ក្រាម​ទៅហើយ​។ បើសិនជា​អ្នក​កំពុងតែ​រកមើល​ការ​ញ៉ាំ​បង្អែម យក​ល្អ​គួរតែ​ជ្រើសរើស​ការ​ញ៉ាំ​សូកូឡា​ខ្មៅ​ទៅ​។ 
 
​ផ្សិត​
 
​នៅពេល​និយាយ​អំពី​ការ​ញ៉ាំ​បន្លែ អាហារ​ដ៏​ពិសេស​មួយ​ដែល​អ្នក​គួរតែ​បញ្ចូល​ក្នុង​របប​អាហារ​ដែរនោះ​គឺ ផ្សិត ដោយសារតែ​វា​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី​។ ការ​ញ៉ាំ​ផ្សិត​ស​ឆ្អិន ២២៦​ក្រាម អាច​ផ្តល់​ជាតិ​ស័ង្កសី​បាន ១.៤​មី​លី​ក្រាម​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com