អន្តរជាតិ
ប្រទេស​ណាខ្លះ​ទទួល​ជនភៀសខ្លួន​ច្រើនជាងគេ​លើ​លោក​?
02, Aug 2019 , 9:19 pm        
រូបភាព
​ដោយ​៖ ឈួន ឈី​វ​អ៊ីង 
 
​បើ​គិត​ត្រឹម​ចុងឆ្នាំ​២០១៧ ប្រជាជន​ចំនួន​៦៨,៥​លាន​នាក់ ត្រូវបាន​បង្ខំចិត្ត​ចាកចេញ​ពី​ខ្លួន​ប្រទេស ហើយ​ក្លាយជា​ជនភៀសខ្លួន​។


 
​តាម​របាយ​រណ៍រ​បស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (UNHCR) ជនភៀសខ្លួន​២៥,៤​លាន​នាក់​ជា​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ ៣,១​លាន​នាក់​ជា​ជន​ស្វែងរក​ជម្រក​ថ្មី និង​ប្រជាជន ៤០​លាន​នាក់​ជា​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​ដោយសារ​សង្គ្រាម និង​គ្រោះធម្មជាតិ​ជាដើម​។​
 
​ប្រទេស​ជាច្រើន​បាន​បើកទ្វារ​ទទួល​ឲ្យ​ជនភៀសខ្លួន​យ៉ាងច្រើន​ចូលមក​រស់នៅ​ក្នុងប្រទេស​របស់ខ្លួន​។ ក្នុងចំណោម​នោះ តួ​ក​គី​បាន​ក្លាយជា​ប្រទេស​ដែលមាន​ជនភៀសខ្លួន​រស់នៅ​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ប្រទេស​នេះ​ទទួល​ជនភៀសខ្លួន ៣,៥​លាន​នាក់ បើ​គិត​ត្រឹម​ចុងឆ្នាំ ២០១៧​។ 
 
​ប៉ា​គី​ស្ថាន និង​អ៊ូ​ហ្ក​ង់​ដា​ស្ថិតនៅ​លេខ​រៀង​បន្ទាប់​ដោយ​ប្រទេស​ទាំងពីរ​ទទួលយក​ជ​ន​ភៀសខ្លួន​សរុប​ចំនួន ១,៤ លាន​នាក់​ឯណោះ​។​
​ដោយឡែក ដោយ​គិត​តាម​ដង់ស៊ីតេ​ជនភៀសខ្លួន​វិញ លី​បង់​ជា​ប្រទេស​ដែលមាន​ដង់ស៊ីតេ​ជនភៀសខ្លួន​ច្រើនជាងគេ បើ​គិត​ត្រឹម​ចុងឆ្នាំ​២០១៧​។ លេខ​រៀង​បន្ទាប់​គឺ ប្រទេស​ហ្ស៊​កដា​នី ហើយ​តួ​ក​គី​ឈរ​នៅ​លេខ​រៀង​ទី​៣​។ 
 
​ក្នុងចំណោម​ប្រជាជន ១០០០​នាក់ លី​បង់​មាន​ជនភៀសខ្លួន​រហូតដល់​ទៅ​១៦៤​នាក់​។ ចំនួន​នេះ​ស្មើនឹង​មួយ​ភាគ​ប្រាំមួយ​នៃ​ប្រជាជន​។ ប៉ុន្តែ​បើ​បូក​រួមទាំង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​បាន​ភៀសខ្លួន​មក​រស់នៅ​លី​បង់​តាំងពី​ឆ្នាំ​១៩៥០​មក ចំនួន​ជន​ភៀស​កើនឡើង​រហូតដល់​ទៅមួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​។​
 
​ជនភៀសខ្លួន​ទាំងនោះ​ភាគច្រើន​មកពី​ប្រទេស​ស៊ី​រី​ដែល​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល​។ នៅ​ចុងឆ្នាំ​២០១៧ ពីរភាគបី ឬ​៦៨%​នៃ​ជនភៀសខ្លួន​ទាំងអស់ មកពី​ប្រទេស​ចំនួន​ប្រាំ​គឺ​ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ូដង់​ខាងត្បូង មី​យ៉ាន់​ម៉ា និង​សូ​ម៉ាលី​៕
 

Tag:
 ជនភៀសខ្លួន​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com