ជាតិ
ពីនេះ ពីនោះ
តើ​ត្រូវ​«​ចូល​ស្ទឹង​តាម​បទ​»​គ្រប់ពេល​ឬទេ​?
05, Aug 2019 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ ជាធម្មតា នៅក្នុង​អន្តរ​កម្ម​សង្គម តែងតែ​ជំរុញ​ឱ្យ​មនុស្ស​ធ្វើ​អ្វីមួយ​ដោយ​អនុលោម​ទៅតាម​ទម្លាប់ គោល​ករ​ណ៍ ឬ​វប្បធម៌​របស់​ក្រុម​។ ហេតុនេះហើយ​បានជា​មាន​សុភាសិត​ម​មួយ​លើកឡើងថា «​ចូល​ស្ទឹង​តាម​បទ​»​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?

 
​មុននឹង​បកស្រាយ​សុភាសិត​ខាងលើនេះ យើង​គួរ​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ ពាក្យ​គន្លឹះ​ទីមួយ «​បត់​» ក្នុងន័យ​ត្រង់ សំដៅយក ភាពបត់បែន ភាព​ព័ទ្ធ​ពេន ភាព​កាច់​ចុះ​កាច់​ឡើង​នៃ​ស្ថានភាព​ផ្លូវ ឬ​ស្ថានភាព​នៃ​អ្វីមួយ​។ ក្នុង​ន័យធៀប​«​បត់​» អាច​មានន័យថា​ជា របត់ ការផ្លាស់ប្ដូរ ភាព​ប្លែកៗ​គ្នា​នៃ​ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ គោលការណ៍ ច្បាប់ ឬ​បែបបទ​របស់​ក្រុម​នីមួយៗ​។ ពាក្យ​គន្លឹះ​ទី​ពីរ​«​ស្ទឹង​» តាមន័យ​ត្រង់ គឺជា​ផ្លូវទឹក​ដែលមាន​ក្បាល​ឬ​ប្រភព​ហូរ​ចេញពី​ភ្នំ ពី​ជ្រោះ ពី​បឹង ហើយ​ហូរ​ធ្លាក់​ចុះទៅ​ជួបនឹង​ទន្លេ​ឬ​សមុទ្រ​។ ក្នុង​ន័យធៀប «​ស្ទឹង​» អាច​សំដៅយក​ក្រុម សហគមន៍ ស្ថាន​ប័ន អង្គភាព សង្គម រដ្ឋ ឬ​តំបន់​ណាមួយ​។ 
 
​ក្នុងន័យ​ត្រង់ «​ចូល​ស្ទឹង​តាម​បត់​» មាន​ន័​ថា បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ទឹកស្ទឹង ទន្លេ អូរ ឬ​ប្រឡាយ​ណាមួយ​ដោយ​ធ្យោ​បាយ​ក្បូន ទូក ឬ​កាណូត យើង​ត្រូវតែ​បណ្ដែត អ៊ុំ ចែវ ឬ​បើកបរ​ដោយ​បត់បែន​ទៅតាម​ស្ថានភាព​ព៍​ទ្ធ​ពេន​នៃ​ដងស្ទឹង ទន្លេ អូរ ឬ​ប្រឡាយ​នោះ​។ ជា​ការណ៍​ពិត យើង​ពិតជា​មិនអាច​មិន​គោរព​ទៅតាម​សភាព​បត់បែន​នៃ​ដងស្ទឹង ទន្លេ អូរ ឬ​ប្រឡាយ​នោះបាន​ឡើយ បើ​មិន​ដូច្នោះ​ទេ ក្បូន ទូក ឬ​កាណូត​របស់​យើង​នឹង​បុក​ច្រាំង មិនអាច​ទៅមុខ​បាន ឬ​អាច​ក្រឡាប់​ដែល​បណ្ដាលឱ្យ​ខូច​មធ្យោបាយ​ធ្វើដំណើរ​របស់​យើង ឬ​អាច​បណ្ដាលឱ្យ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​ទាំងនោះ​លង់ទឹក​ស្លាប់​ជាយថាហេតុ​។​
 
​ក្នុង​ន័យធៀប «​ចូល​ស្ទឹង​តាម​បត់​» មានន័យថា ប្រសិនបើ​យើង​ទៅ​រស់នៅ ឬ​ទៅ​ធ្វើការ​ក្នុង​ក្រុម សហគមន៍ ស្ថាន​ប័ន សង្គម រដ្ឋ ឬ​តំបន់​ណាមួយ យើង​ត្រូវតែ​គោរព​តាម​ទម្លាប់ សីលធម៌ វិន័យ វប្បធម៌ គោលការណ៍ បទបញ្ជា ឬ​ច្បាប់​របស់​អង្គភាព​ទាំងនោះ​។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិនបាន​សេចក្ដីសុខ មិនអាច​ចុះសម្រុង ឬ មិនអាច​រស់នៅ​ឬ​មិនអាច​បំពេញការងារ​នៅ​ទីនោះ​បានឡើយ​។ ពេលខ្លះ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។​
 
​ជារួម​យើង​បាន​មើលឃើញថា ក្នុង​សុភាសិត​នេះ ចង់​អប់រំ​មនុស្ស​ឱ្យ​បង្ខំចិត្ត​ត្រូវតែ​ទទួលយក​គំរូ ឬ​ស្តង់ដារ​របស់​ក្រុម សហគមន៍ ស្ថាន​ប័ន សង្គម រដ្ឋ ឬ​តំបន់ មក​អនុវត្ត​ក្នុងការ​រស់នៅ និង​ការបំពេញ​ការងារ​រប​ស់​ខ្លួន ដោយ​មិនអាច​ចៀស​រួច​ឡើយ ទោះបីជា​គំរូ ឬ​ស្តង់ដារ​របស់​ក្រុម ឬ​អង្គភាព​ទាំងនោះ​មិនល្អ​ក៏ដោយ ក៏​យើង​ត្រូវតែ​គោរព​និង​ធ្វើតាម​ដែរ​។ 
 
​យោងតាម​ការបកស្រាយ​ខាងលើ ឃើញថា សុភាសិត «​ចូល​ស្ទឹង​តាម​បត់​» អាចជា​អាវុធ​មុខ​ពីរ បើទោះបីជា​ដូនតា​របស់​យើង​ដែលជា​អ្នកបង្កើត​សុភាសិត​នេះ ចង់​អប់រំ​កូន​ខ្មែរ​ឱ្យ​ប្រព្រឹត្ត​តាមតែ​ផ្លូវ​ល្អ ដែលជា​គោ​លក​រណ៍​របស់​ក្រុម ឬ​សង្គម​ក៏ដោយ ក៏​អត្ថន័យ​របស់​វា​អាច​រេ​ទៅរក​ខ្លឹមសារ​អប់រំ​មួយ​ទៀតថា អ្វីៗ​ក៏ដោយ​ឱ្យតែ​ជា​គោ​លក​រណ៍​របស់​ក្រុម ឬ​សង្គម​ត្រូវតែ​គោរព​និង​អនុវត្តតាម បើទោះបីជា​វា​ល្អ ឬ​អាក្រក់​ក៏ដោយ​។ ប្រហែលជា​ដោយសារ​ខ្លឹមសារ​អប់រំ​ទី​ពីរ​នេះហើយ​បានជា​មនុស្ស​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ក្រុម​មួយចំនួន​ដែលមាន​ទម្លាប់ គោលការណ៍ និង​បំណង​អាក្រក់ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​អសីលធម៌ និង​អំពើ​ល្មើសច្បាប់​មកលើ​សង្គម និង​មនុស្ស​ស្លូតត្រង់​។​
 
​ហេតុនេះ ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន និង​អ្នកជំនាន់ក្រោយ​ត្រូវតែ​ពិចារណា​អំពី​សុភាសិត​នេះ យើង​មិន​ត្រូវគោរព​តាម​អ្វីមួយ​ដោយ​រឹង​ស្តូក​និង​គ្មាន​ការពិចារណា​ហ្មត់ចត់​នោះទេ​។ យើង​គួរតែ​គោរព​តាម​គំរូ ឬ​ស្តង់ដារ​ត្រឹមត្រូវ​របស់​ក្រុម ប៉ុន្តែ យើង​ក៏​មិនត្រូវ​គោរព​តាម​គំរូ ឬ​ស្តង់ដារ​មិន​ត្រឹមត្រូវ​របស់​ក្រុម​ឡើយ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ការជំទាស់ ឬ​ការ​ប្រឆាំងនឹង​គំរូ ឬ​ស្តង់ដារ​របស់​ក្រុម ឬ​សង្គម មិនមែនជា​រឿង​ងាយស្រួល​ធ្វើ​នោះទេ​៕     
 
ដោយ​លោក​សាស្ត្រាចារ្យ៖ ឈ​ត ប៊ុន​ថង​

© រក្សាសិទ្ធិដោយ thmeythmey.com