អន្តរជាតិ
រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​របស់​សហរដ្ឋអាមេរិក​រិះគន់​ចិន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​តំបន់​អាស៊ី​
05, Aug 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​រិះគន់​សកម្មភាព​ចិន​ដែល​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុងអំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ដំបូង​របស់លោក​ទៅកាន់​តំបន់​អាស៊ី​។​

 
​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅក្នុង​ក្រុង​ស៊ីដនី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​សម​ភាគី​របស់លោក​។ លោក Esper បាន​និយាយថា សហរដ្ឋអាមេរិក​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ឥរិយាបថ​រំខាន​ដ៏​គគ្លើន និង​អស្ថិរភាព​របស់​ចិន​។​
 
​លោក Esper និង​លោក Pompeo បានចង្អុលបង្ហាញ​ដល់​ប្រជុំ​កោះ​ដែល​ប្រើ​ដើម្បី​ប្រយោជន៍​ខាង​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​បាន​ចោទប្រកាន់​ចិន​ថា បាន​លួច​កម្ម​សិទ្ធ​បញ្ញា​របស់​ប្រទេស​ដទៃ និង​ជា​អ្នក​ជញ្ជក់​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​ពី​ប្រទេស​ដទៃ​។​
 
​អត្ថាធិប្បាយ​នេះ​ទំនង​សំដៅ​ដល់ «​អន្ទាក់​បំណុល​» ដូចជា​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៧ ដែល​បានធ្វើ​ឲ្យ​ចិន​ត្រួតត្រា​កំពង់ផែ​ក្នុងប្រទេស​ស្រីលង្កា​។ បន្ទាប់ពី​មិនបាន​សង​ប្រាក់​បំណុល​របស់ខ្លួន​ទៅ​ឲ្យ​ចិន ស្រីលង្កា បានប្រគល់​កំពង់ផែ​និង​ដី​ចំនួន​១​ម៉ឺន​៥​ពាន់​ហិកតា​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​៩៩​ឆ្នាំ​។​
 
​លោក Bradley Bowman ជានា​យក​នៃ​មជ្ឈមណ្ឌល​ស្តីពី​យោធា​និង​អំណាច​នយោបាយ​នៅឯ​មូលនិធិ​ការពារ​ប្រជាធិបតេយ្យ និយាយថា កម្ម​សិទ្ធ​បញ្ញា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួច បាន​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​អាវុធ​ចិន​ទំនើប ក្នុងករណី​មាន​ជម្លោះ​ខាង​យោធា​នៅ​ថ្ងៃ​អនាគត នឹងត្រូវ​ចិន​ប្រើ​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​អាមេរិកាំង និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។​
 
​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក មិន​សុំ​ឲ្យ​ប្រទេស​នានា​ធ្វើការ​ជ្រើសរើស​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com