អន្តរជាតិ
ការបាញ់ប្រហារ​ដ៏​ធំ​២​នៅក្នុង​សហរដ្ឋអាមេរិក បានធ្វើ​ឲ្យ​ពួក​អាជ្ញាធរ​ផ្តោតលើ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ធ្វើ​ដូច្នេះ​
06, Aug 2019 , 8:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រយៈពេល​១៣​ម៉ោង​នៃ​ការកាប់សម្លាប់​នៅក្នុង​សហរដ្ឋអាមេរិក អ្នកបាញ់​ប្រហារ​២​នាក់​នៅក្នុង​ឧបទ្ទវហេតុ​២​ដាច់ដោយឡែក​ពីគ្នា បានសម្លាប់​មនុស្ស​២៩​នាក់​ហើយ​និង​ធ្វើ​ឲ្យ​រាប់សិប​នាក់​ទៀត​រងរបួស ដោយបាន​ធ្វើ​ឲ្យ​ពួក​អាជ្ញាធរ​ស្វែងរក​មូលហេតុ​នៅ​ពី​ខាងក្រោយ​នៃ​ភាពច្របូកច្របល់​វឹកវរ​នេះ​។​

 
​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ពាក់អាវ​ក្រោះ និង​កាន់​ឡត​សម្រាប់​ដាក់​គ្រាប់រំសេវ​បន្ថែម បាន​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​មិន​ដល់​១​នាទី​ផង​បន្ទាប់ពី​ជន​នោះ បាន​បើក​ការបាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​រង្គសាល​ដ៏​មាន​ប្រជាប្រិយភាព​មួយកន្លែង​នៅក្នុង​ទីក្រុង Dayton តំបន់​ភាគ​កណ្តាល​ខាងលិច​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​អូ​ហៃ​យ៉ូ​។ បុរស​នោះ បានសម្លាប់​មនុស្ស​៩​នាក់​ហើយ​និង​ធ្វើ​ឲ្យ​របួស​យ៉ាងតិចណាស់​ក៏​២៧​នាក់​ដែរ ដោយមាន​៤​នាក់​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។​
 
​ប៉ូលិស បាន​និយាយថា ពួកគេ​ជឿថា មាន​អ្នកបាញ់​ប្រហារ​តែ​ម្នាក់​គត់​ក្នុង​ឧបទ្ទវ​ហេតុនេះ ក៏ប៉ុន្តែ ប៉ូលិស នៅ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​ទេ​។ សេចក្តីរាយការណ៍​រប​ស់​ព័ត៌មាន បានកំណត់​អត្តសញ្ញាណ​ជន​បាញ់ប្រហារ​នោះ​មាន​ឈ្មោះថា Connor Betts អាយុ​២៤​ឆ្នាំ ដែល​និយាយ​ដោយ​ខ្លួនឯង​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ថា ជា​និស្សិត​ចិត្ត​វិទ្យា​នៅឯ​មហាវិទ្យាល័យ​សហគម​ន៍​នៅក្នុង​ទំ​បន់​ទីក្រុង Dayton​។​
 
​លោកស្រី Nan Whaley អភិបាលក្រុង Dayton បាន​និយាយថា ការឆ្លើយតប​ដ៏​ឆាប់រហ័ស​របស់​ប៉ូលិស «​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់នាក់​» នៅ​សង្កាត់ Oregon ដោយមាន​សុទ្ធតែ​រង្គសាល ភោជនីយដ្ឋាន និង​មហោស្រព​ពោរពេញ​ទៅដោយ​មនុស្ស​។​
 
​ការបង្ហូរ​ឈាម​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ បាន​កើតមានឡើង​ប្រហែល​១៣​ម៉ោង​បន្ទាប់ពី​ប៉ូលិស​នៅក្នុង​ក្រុង El Paso រដ្ឋ​តិច​សាស​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ម៉ិចស៊ិក និយាយថា ខ្មាន់កាំភ្លើង​ម្នាក់ បាន​បើក​ការបាញ់ប្រហារ​នៅឯ​ហាង​លក់ដូរ​ទំនិញ Walmart បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ក៏​២០​នាក់​ហើយនឹង​ធ្វើ​ឲ្យ​២៦​នាក់​ទៀត​រងរបួស ហើយ​វា​ជាការ​វាយប្រហារ​មួយ​ដែល​ពួក​អាជ្ញាធរ និយាយថា ពួកគេ កំពុង​ស៊ើបអង្កេត​ដែល​អាច​ជាការ​ស្អប់ខ្ពើម​លើ​ជនជាតិ Hispanic៕
 

© រក្សាសិទ្ធិដោយ thmeythmey.com