អន្តរជាតិ
ប្រ​ធានា​ធីប​តី​ឥណ្ឌូណេស៊ី បន្ទោស​ក្រុមហ៊ុនអគ្គិសនី​រដ្ឋ​លើ​រឿង​ដាច់​ភ្លើង​
05, Aug 2019 , 11:39 pm        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ
ដោយ៖​ ធៀន ភា​រិន្ទ​
 
ប្រ​ធានា​ធីប​តី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​រិះគន់ថា ក្រុមហ៊ុនអគ្គិសនី​រដ្ឋ PT Perusahaan Listrik Negara (PLN) គួរតែមាន​វិធានការ​ទុកជាមុន ​ក្នុងការ​ទប់ស្កាត់​ការ​ដាច់​ភ្លើង​ដ៏​ធំ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ ដល់​រដ្ឋធានី និង​ខេត្ត​នៅ​ជិត​តំបន់​នោះ។ ការស្តីបន្ទោស​នេះ កើតឡើង​ក្រោយពី​មានការ​ដាច់​ភ្លើង​ កាលពី​ថ្ងៃអាទិត្យ ទី​៤ សីហា ដែល​ធ្វើឲ្យប៉ះពាល់​ប្រជាជន​ ច្រើនជាង 100 លាន​នាក់​។​



«​រឿង​ដែល​អាច​បង្ក​ជា​បញ្ហា​ធំ​ដូចនេះ មិនគួរ​កើតឡើង​ម្តងទៀត​ទេ​ នៅ​ថ្ងៃ​អនាគត​»​។ នេះ​បើតាម​អ្វីដែល​លោក​ប្រ​ធានា​ធីប​តី​ បាន​ប្រាប់​ទៅកាន់​ក្រុម​អ្នកគ្រប់គ្រង នៅ​ថ្ងៃទី​៥ សីហា អំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ នៅ​ទីស្នាក់ការ​កណ្តាល​ក្រុម​ហ៊ុម PLN​។ មេដឹកនាំ​រូបនេះ បានបញ្ជាក់​ទៀតថា រឿង​ដែល​សំខាន់បំផុត​នោះ​គឺត្រូវមានការ​ជួសជុល​ជាបន្ទាន់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុនអគ្គិសនី​រដ្ឋ​ឥណ្ឌូណេស៊ី PLN គូសបញ្ជាក់ថា អគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​ ដោយសារ​បញ្ហា​បច្ចេកទេស ដែល​ធ្វើឲ្យ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​រោច​ក្រ​ថាមពល​ទៅ​ផ្នែក​ភាគ​ខាងលិច ​នៃ​កោះជ្វារ មិនអាច​ភ្ជាប់​បាន​។ 
 
​ក្រោយ​ផ្ទុះ​ហេតុការណ៍​នេះ នាយក​ប្រតិបត្តិ​ស្តីទី ​នៃ​ក្រុមហ៊ុន PLN លោកស្រី Sripeni Inten Cahyai បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ​ចំពោះ​ការ​ដាច់​ភ្លើង ហើយ​សន្យាថា ​នឹងមាន​ការ​ដាច់​ភ្លើង​កាន់តែ​តិចជាង​មុន ​រហូតដល់​ស្ថានីយ​ថាមពល​ធំ ​ត្រូវបាន​ត​ភ្ជាប់​។ លោកស្រី ថា ក្រុមហ៊ុន កំពុងបើក​ការស៊ើបអង្កេត​ ជុំវិញ​មូលហេតុ​នៃ​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​នេះ ដោយ​សង្កត់ធ្ងន់ថា នេះ​ជា​បញ្ហា​បច្ចេកទេស​ទាំងស្រុង​។ 
 
​សូមបញ្ជាក់ថា ហ្សា​ការ​តា គឺជា​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ជា​មជ្ឍមណ្ឌល​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​សំខាន់ បាន​ដាច់​ភ្លើង​ម្តង​ហើយ​ម្តងទៀត​។ ការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​លើកចុងក្រោយ​បង្អស់ បាន​កើតឡើង​ កាលពី​ឆ្នាំ​២០០៥ លើ​កោះ​ជ្វារ និង​កោះ​បាលី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com