អន្តរជាតិ
ឥណ្ឌា​បោះចោល​ឋានៈ​ពិសេស​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​របស់​ដែនដី Kashmir នៅពេល​មានការ​បង្ក្រាប​ខាង​សន្តិសុខ
06, Aug 2019 , 10:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​​ក្នុង​ចំណាត់ការ​ដ៏​ខ្លាំង​មួយ រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​នៃ​ប្រទេស​ឥណ្ឌា បាន​បោះចោល​ឋានៈ​ស្វ័យភាព​ពិសេស​ដែល​បានផ្តល់​ឲ្យ​តំបន់ Kashmir អស់​រាប់​ទសវត្សរ៍ បាន​បណ្តាល​ឲ្យ​មានការ​ភ័យខ្លាច​ពី​ប្រតិកម្ម​ប្រឆាំង​តបត​វិញ​នៅក្នុង​តំបន់​ដែលមាន​អ្នក​កាន់សាសនា​ឥស្លាម​ភាគច្រើន​នោះ​។​

 
​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការបង្ក្រាប​ខាង​សន្តិសុខ​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ លោក Amit Shah រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី បាន​ចុះហត្ថលេខា​លើ​ក្រឹត្យច្បាប់​មួយ​ដែល​លុបចោល​មាត្រា​៣៧០​។ វិធានការ​នោះបាន​អនុញ្ញាត​ឲ្យ​រដ្ឋ​ធ្វើ​ច្បាប់​ដោយ​ខ្លួនឯង​ហើយ​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​ទាំងអស់ លើកលែងតែ​កិច្ចការបរទេស ការពារ​ប្រទេស និង​គមនាគមន៍​។​
 
​រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​លុបចោល​ការហាមឃាត់​ពល​រដ្ឋ​ដែល​មិនមែន​អ្នកស្រុក​រស់នៅក្នុង​តំបន់ Kashmir មិនមាន​សិទ្ធិ​ទិញ​ទ្រព្យសម្បត្តិ​នៅក្នុង​តំបន់​នោះ ដោយបាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ឥណ្ឌា​មកពី​ក្រៅ​រដ្ឋ​នោះ​អាច​តាំងទី​លំនៅ​នៅ​ទីនោះ​បាន ទិញ​ដី​និង​ធ្វើ​ការងារ​ក្នុង​រដ្ឋាភិបាល​តំបន់​នោះបាន​។​
 
​តាម​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​និយាយ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ជាមួយ​លោក Mahathir Mohamad នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក Imran Khan នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន បាន​និយាយថា ចំណាត់ការ​នេះ ជាការ​រំលោភ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដ៏​ច្បាស់ក្រឡែត​។​
 
​តំបន់ Kashmir ត្រូវបាន​បែងចែក​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ក៏ប៉ុន្តែ បានទាមទារ​តំបន់​ទាំងអស់​ដោយ​ប្រទេស​ទាំង​២​។ ការណ៍​នេះ បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង​២​ធ្វើសង្គ្រាម​រវាង​គ្នា​និង​គ្នា​ចំនួន​៣​លើក ហើយ​នៅតែ​ប្រភព​នៃ​ការតានតឹង​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com