អន្តរជាតិ
អាមេរិក​បើកចំហ​សម្រាប់​កិច្ចចរចា​ថែមទៀត​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ឡើងក​ម្តៅ​ជាមួយ​ចិន​
07, Aug 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានលើកដាក់កំពង់ផែនៅក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានលើកដាក់កំពង់ផែនៅក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
ដោយ: VOA
​សេត​វិមាន​បានបង្ហាញ​សញ្ញា​ថា ខ្លួន​មិន​ស្វះស្វែង​ឱ្យមាន​ភាព​តានតឹង​ខ្លាំង​ថែមទៀត​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​នៅក្រោយ​រដ្ឋបាល​នៃ​ប្រធានាធិបតី​ស​.​រ​.​អា Donald Trump បាន​ចាត់វិធានការ​ជា​និមិត្តរូប​ដោយ​ភាគច្រើន ដោយ​ប្រកាស​ប្រទេស​ចិន​ថា​ជា ប្រទេស​ដែល​ដំឡើង ឬ​បញ្ចុះតម្លៃ​រូបិយ​បណ្ណ​ខ្លួន ដើម្បី​ឱ្យបាន​ចំណេញ​ខាង​សេដ្ឋកិច្ច​។

 
​លោក Larry Kudlow នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃ​អង្គា​រថា «​យើង​បានធ្វើ​ការចរចា​ដោយស្មោះ​ត្រង់ ហើយ​យើង​ចង់​បន្ត​កិច្ចចរចា​គ្នា​ដោយស្មោះ​ត្រង់​ជាមួយ​ចិន​» ទោះណាជា​យើង​ស្រងាក​ចិត្តនឹង​ពួក​អ្នកធ្វើ​ការចរចា​ចិន​ដែល​មិនបាន​ធ្វើតាម​ការសន្យា​ពីដំបូង​របស់​ពួកគេ​និង​ដោយសារ​គ្មាន​ការ​ជឿនលឿន​ក៏ដោយ​។​
 
​លោក kudlow បាន​ថ្លែងថា «​ទ្វារ​បើកចំហ​សម្រាប់ធ្វើ​ការចរចា​ថែមទៀត​។ យើង​គ្រោង​សម្រាប់​គណៈប្រតិភូ​ចិន​មកកាន់​ទីនេះ​ក្នុង​ខែកញ្ញា​» នៅក្រោយ​កិច្ចចរចា​ជុំ​ថ្មី​បំផុត​កាលពី​សប្តាហ៍​មុន​នៅក្នុង​ក្រុង Shanghai មិនបាន​សម្រេច​ការទម្លាយ​ភាពទាល់ច្រក​។​
 
​ទីប្រឹក្សា​សេដ្ឋកិច្ច​រូបនេះ​របស់​ប្រធានាធិបតី​អាមេរិកាំង​បាន​និយាយ​បន្ថែមថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង ឬ​មានការ​ជឿនលឿន​ក្នុង​កិច្ចចរចា​គ្នា​នោះ លោក Trump ប្រហែល​ពិចារណា​ជាថ្មី​អំពី​សកម្មភាព​ខ្លះ​ដែល​លោក​បានធ្វើ​ដូចជា​ប្រែ​ក្រឡះ​កំណើន​ពន្ធគយ​លើ​ទំនិញ​ចិន​ដឹកជញ្ជូន​មក​លក់​ក្នុងប្រទេស​អាមេរិក​ជាដើម​។​
 
​លោក Kudlow ក៏បាន​ព្រមាន​ដែរ​ថា លោក​ប្រធានាធិបតី​អាច​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំងនឹង​ប្រទេស​ចិន ប្រសិនបើ​មិនមាន​ការ​ជឿនលឿន​ក្នុង​កិច្ចចរចា​នេះ​ទេ​។ លោក kudlow បាន​គូសបញ្ជាក់ថា «​លោក​ប្រធានាធិបតី​ការពារ​សេដ្ឋកិច្ច​ស​.​រ​.​អា​»​។​
 
​កាលពី​ពេលមុន​នោះ​ក្នុង​ថ្ងៃ​អង្គារ​នោះដែរ លោក Trump សរសេរ​តាម Twitter ដោយ​លោក​បាន​សន្យាថា នឹង​ការពារ​ថែមទៀត​ដល់​វិស័យ​កសិកម្ម​អាមេរិកាំង​ដែល​ប្រទេស​ចិន​បាន​កាត់បន្ថយ​ការទិញ​ផលិតផល​ក្នុង​វិស័យនេះ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com