អន្តរជាតិ
លោក វី​ដូ​ដូ សុំ​ជា​ផ្លូវការ​ទៅ​សភា​លើ​គម្រោង​ប្តូរ​រដ្ឋធានី​ពី​ហ្សា​ការ​តា​ទៅ​កាលី​ម៉ាន់​តាន់​
16, Aug 2019 , 9:39 pm        
រូបភាព
លោកប្រធានាធិបតី ចូកូវី
លោកប្រធានាធិបតី ចូកូវី
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១៦ ខែសីហា ស្នើសុំ​ជា​ផ្លូវការ​ទៅ​សភា​ក្នុង​គំរោង​ផ្លាស់ប្តូរ​ពី​រដ្ឋធានី​ពី​ហ្សា​ការ​តា ទៅកាន់​តំបន់​កាលី​ម៉ាន់​តាន់​(Kalimantan) នៃ​កោះ​ប័​រ​ណេ​អូ (Borneo)​វិញ​។​

 
​អំឡុងពេល​ថ្លែង​សុន្ទ​កថា​ក្នុង​សភា លោក ចូ​កូ វី​ដូ​ដូ ស្នើ​ទៅ​សភា​រឿង​ប្តូរ​រដ្ឋធានី មុនពេល​ឥណ្ឌូណេស៊ី​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧៤​។ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​ស្នើសុំ​ការអនុញ្ញាត​របស់​អ្នក ដើម្បី​ផ្លាស់ប្តូរ​រដ្ឋធានី​របស់​យើង​ទៅ​តំបន់​កាឡា​ម៉ាន់​តាន់​(Kalimantan)»​។ 
 
​លោក ចូ​កូ​វី ដូ​ដូ បាន​បន្ថែមទៀតថា រដ្ឋធានី​មិន​ត្រឹមតែ​តំណាងអោយ​អត្តសញ្ញាណ​ជាតិ​នោះទេ តែ​រដ្ឋធានី​ក៏​តំណាង​ឲ្យ​ការរីកចម្រើន​របស់​ជាតិ​ផងដែរ​។ ជាការ​ពិត ការអះអាង​ខាងលើនេះ លោក​ប្រធានាធិបតី​មិនបាន​ប្រាប់​ទីកន្លែង​ច្បាស់លាស់​ណាមួយ​ឡើយ សម្រាប់​តាំង​រដ្ឋធានី​ថ្មី​នេះ​។​
 
​ក្នុងន័យនេះ លោក វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ថា ចូ​កូ​វី ចង់​សំដៅថា ឥណ្ឌូណេស៊ី មិនមែន​ត្រឹមតែ​ជាទី​ក្រុង​ហ្សា​ការ​តា ហើយ​មិន​ត្រឹមតែ​ជា​កោះ​ជ្វា​នោះទេ​។ ប៉ុន្តែ​ឥណ្ឌូណេស៊ី​គឺជា​ដែនដី​ទាំងអស់​ចាប់ពី តំបន់ Sabang(​នៅ​ភាគ​លិច​) ទៅ​តំបន់ Merauke (​តំបន់​ភាគ​ខាងកើត​) បូករួម​ទាំង​តំបន់ Miangas(​ភាគ​ខាងជើង​) ទៅ​តំបន់​កោះ Rote (​ភាគខាងត្បូង​)​។ 
 
​ទន្ទឹម​ជាមួយគ្នានេះដែរ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក៏​និយាយ​អំពី​ការអភិវឌ្ឍ​លើ​រោច​ក្រ​ឲ្យ​ប្រើប្រាស់​ធនធានធម្មជាតិ និង​ធនធាន​រ៉ែ​ក្នុងស្រុក ដើម្បី​ព​ន្លឿ​ន​សេដ្ឋកិច្ចជាតិ ជាពិសេស​គឺ​និយាយ​អំពី​តុល្យភាព​អំណាច​រវាង​ស្ថាន​ប័ន​អំណាច​ទាំង​៣ រដ្ឋាភិបាល សភា និង​តុលាការ ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាជន​។ 
​សូម​ជំរាបជូន​ថា លោក វី​ដូ​ដូ នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​អាណត្តិ​ទី​២ នៅក្នុង​ខែតុលា ខាងមុខនេះ​៕ 

Tag:
 ឥណ្ឌូ​នណ​ស៊ី​
  ចូ​កូ​វី
© រក្សាសិទ្ធិដោយ thmeythmey.com