ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ស្នើស្ថាប័នរដ្ឋ-ឯកជន ជួយឲ្យពលរដ្ឋចេះអក្សរទាំងអស់គ្នា និងមានជំនាញមុខរបរ
28, Aug 2019 , 9:30 am        
រូបភាព
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និងស្ថាប័នជាតិ អន្តរជាតិនានា ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យអប់រំ ដោយធ្វើយ៉ាងណាឲ្យស្របតាមគោលនយោបាយ «ការសិក្សាពេញមួយជីវិត»។ នេះបើយោងតាមលិខិតរបស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៦ ខែសីហា នេះ។



ក្នុងសារលិខិតសម្រាប់ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩ ក្រោមប្រធានបទ«អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ» សម្តេចបានអំពាវនាវដល់ ក្រសួងពាក់ព័ន្ធ និងស្ថាប័នជាតិ និងអន្តរជាតិ នានា ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សម្តេចបានលើកឡើងក្នុងលិខិតថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានាឲ្យបាន ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតកម្មវិធី អប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈ ឱ្យកាន់តែសម្បូរបែបនិងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា ដើម្បីផ្តល់សេវាអប់រំពេញមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ ទាំងសេវាអប់រំក្រៅប្រព័ន្ធ និងទាំងសេវាអប់រំមិនផ្លូវការ ដល់ប្រជាពលរដ្ឋគ្រប់រូប។

ប្រមុខរដ្ឋាភិបាលបានលើកឡើងដូច្នេះថា៖« បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយបន្តជំរុញបងប្អូន កូនចៅឱ្យបានចូលរៀនតាមសាលារៀន ចំណេះទូទៅគ្រប់ៗគ្នា។ ក្មួយៗនិងបងប្អូន ដែលពុំទាន់ចេះអក្សរ ភ្លេចអក្សរ ឬបោះបង់ការសិក្សា សូមខិតខំប្រឹងប្រែងស្វែងរកការរៀនសូត្រ នៅតាមថ្នាក់អក្ខរកម្ម ថ្នាក់សមមូល ថ្នាក់ចូលរៀនឡើងវិញ និងការបណ្តុះបណ្តាល ជំនាញនៅតាមមជ្ឈមណ្ឌល សិក្សាសហគមន៍ ដែលនៅជិតភូមិឋានរបស់ខ្លួន»។

សម្តេច ហ៊ុន សែន បន្តថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ តាមគ្រប់រូបភាព ជាពិសេស ត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលជាជនមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានឲ្យដឹងថា ក្រសួងនឹងរៀបចំផែនកាសកម្មភាពសម្រាប់អនុវត្តន៍ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល «ការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប» និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធអប់រំសម្រាប់ពលរដ្ឋកម្ពុជា ដែលប្រកបដោយគុណភាព និងសមធម៌។ លើសពីក្រសួងនឹងជួបប្រជុំជាមួយអ្នកក្នុងវិស័យអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងគុណភាពលើកម្មវិធីសិក្សានៃស្ថាប័នទាំងនោះបន្ថែមទៀតផងដែរ។

លោកមានប្រសាសន៍យ៉ាងនេះថា៖«ប្រជាជនកម្ពុជាទាំងអស់នឹងទទួលបានការអប់រំ ប្រកបដោយគុណភាព សមធម៌ និងបរិញ្ញាប័ណ្ណ និងឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ដូច្នេះបន្ទាប់ពីគោលនយោបាយនឹងអនុម័ត រួចរាល់ហើយ ក្រសួងសនឹងរៀបចំផែនការសកម្មភាពដើម្បីអនុវត្តន៍ទៅតាមយុទ្ធសាស្រ្ត ដែលមាននៅក្នុងគោលនយោបាយនោះ»។

លិខិតខាងលើនោះក៏បានសង្កត់ធ្ងន់ថា ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ត្រូវជួយជំរុញការបើកថ្នាក់អក្ខរកម្មគួបផ្សំ នឹងថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយទាំងអស់គ្នា ត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ» «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍ កាន់តែរីកចម្រើន» «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕

Tag:
 ហ៊ុន សែន​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com