អន្តរជាតិ
អាមេរិក មិន​រិះគន់​កូរ៉េខាងជើង​នៅ​ចំ​ថ្ងៃ​ទិវា​ប្រឆាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ​
30, Aug 2019 , 10:59 pm        
រូបភាព
​ការ​ប្រារព្ធ​ទិវា​ប្រឆាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ​កាលពី​ថ្ងៃទី​២៩ ខែសីហា អាមេរិក​មិនបាន​រិះគន់​ទៅលើ​ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ករ​បស់​កូរ៉េខាងជើង​ឡើយ ប៉ុន្តែ​បែរជា​រករឿង​អ៊ីរ៉ង់ បើទោះបីជា​ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី ០៧​លើក​ក៏ដោយ​។


 
​រិះគន់​សកម្មភាព​អ៊ីរ៉ង់ តែ​មិន​ហ៊ាន​ថា​ឲ្យ​កូរ៉េខាងជើង​។ តាមរយះ​គណនី Twitter ក្រសួងការបរទេស​អា​មេ​រិ​ក​បានសរសេរថា នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រឆាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ​មួយ​នេះ យើង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាំងអស់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រទេស​ដ៏​គ្រោះថ្នាក់​ដូចជា​អ៊ីរ៉ង់ ផលិត​បាន​នូវ​អាវុធ​ដ៏​គ្រោះថ្នាក់​ជាងគេ​នៅលើ​ពិភពលោក​។ 
 
​ជាការ​ពិត​ក្នុង​ក្រសែភ្នែក​អាមេរិក អ៊ីរ៉ង់​នៅតែ​ជាស​ត្រូវ ចំណែក​កូរ៉េខាងជើង​គឺជា​ដៃគូរ​ចរចា​។ ជាក់ស្តែង ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៧ ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ៦​ដង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​កូរ៉េខាងជើង​បាន​បញ្ឈ​ប់​ការសាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ប៉ា​លី​ស្ទិ​ក និង​នុយក្លេអ៊ែរ ដោយសារ​សមត្ថភាពរ​បស់​ពួកវា​ត្រូវគេ​កំណត់​បាន ជាពិសេស​ដោយសារ​មាន​ជំនួប​រវាង​ត្រាំ និង​គីម ជុង​អ៊ុន​។ នេះ​ប្រើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។  
 
​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណាស់ ត្រាំ បាន​សរសើរ មេដឹកនាំ​កូរ៉េខាងជើង​ថា បាន​ផ្អាក​ការសាកល្បង​មី​លី​ស​ប៉ា​លី​ស្ទិ​ក ដើម្បី​បង្ហាញ​កាយវិការ​ចង់​ចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​
 
​បើទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ថ្មីៗ​នេះ ទីក្រុង​ព្យុងយ៉ាង បាន​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី ០៧​ដង​មកហើយ ខណៈពេល​ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅតែ​សង្ឃឹមថានឹង​អាច​បើក​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ 
 
​ទោះបី​ចង់ ឬ​មិន​ចង់ ការបារម្ភ​នៅតែ​កើតមាន​ពី​សំណាក់​អាមេរិក​។ ដូចជា​ការលើកឡើងរ​បស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​កាលពី​ថ្ងៃទី​២៨ ខែសីហា បាន​និយាយថា គាត់​នៅតែ​បារម្ភ​ពី​ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី​។ តែ​យ៉ាងណា​លោក​ម៉ាក អេ​ស្ពើ (Mark Esper) មិនបាន​ប្រតិកម្ម​ជ្រុល​ពេក​ឡើយ ហើយ​លោក​បាន​បញ្ជាក់ថា នឹងមាន​វិធានការ​ឆ្លើយតប​ទៅវិញ តែ​គាត់​នឹងមិន​ប្រើ​ការទូត​បែប​បិទទ្វា​នោះទេ​។ 
 
​សូមបញ្ជាក់ថា​នៅក្នុង​ខែ​នេះ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ​ដូចជា បារាំង អង់គ្លេស បានធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា​រិះគន់​ការសាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ចំណែក​អាមេរិក​មិនបាន​ចូលរួម​នឹង​គេ​ទេ​។ បន្ថែម​ពីលើ​នេះ​ទៅទៀត ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ព្យុងយ៉ាង សន្យាថា​នឹងមាន​ជំនួប​ចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៣ ខាងមុខ​ទៀត​។ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com