អន្តរជាតិ
ជប៉ុន ត្រៀម​បញ្ជូន​អង្គភាព​ប៉ូលិស​ទៅ​តំបន់​កោះមាន​ជម្លោះ​ជាមួយ​ចិន​
03, Sep 2019 , 7:59 am        
រូបភាព
សេនកាគុ (Senkakus) ក្នុងភាសាជប៉ុន ឬទាវយូ (Diaoyu) ក្នុងភាសាចិន, ប្រភពAFP
សេនកាគុ (Senkakus) ក្នុងភាសាជប៉ុន ឬទាវយូ (Diaoyu) ក្នុងភាសាចិន, ប្រភពAFP
​ជប៉ុន គ្រោង​នឹង​បញ្ជូន​អង្គភាព​ប៉ូលិស​ពិសេស​បំពាក់​ដោយ​កាំភ្លើង​ប្រភេទ SMG និង​ឧ​ទ្ធ​ម្ភ​ចក្រ ដើម្បី​ទៅ​ល្បាត​កូន​កោះ ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។


 
​ការបញ្ជូន​អង្គភាព​ប៉ូលិស​ពិសេស​ទៅ​ក្បែរ​កូន​កោះ ដែល​ត្រូវបាន​គេ​ស្គាល់​ថា សេន​កា​គុ (Senkakus) ក្នុង​ភាសា​ជប៉ុន ឬ​ទាវ​យូ (Diaoyu) ក្នុង​ភាសា​ចិន អាច​នឹង​កើតឡើង​នៅ​ឆ្នាំក្រោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រពន្ធ​ផ្សព្វផ្សាយ​សារ​ធារ​ណៈ​ជប៉ុន NHK នៅ​ពី​ថ្ងៃទី​២ ខែកញ្ញា​។ 
 
​ជាការ​ពិត នេះ​គឺជា​លើក​ទី​១​របស់​ជប៉ុន ក្នុងការ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ទៅ​យាមល្បាត​លើ​កោះ​ជម្លោះ​ជាមួយ​ចិន​។ ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​របស់​ជប៉ុន បាន​លើកឡើងថា ខ្លួន​បានដាក់​សំណើ​ហិរញ្ញវត្ថុ​រួចហើយ សម្រាប់​មន្ត្រីប៉ូលិស​១៥៩​នាក់ ដើម្បី​បណ្តេញ​សកម្មភាព​ខុសច្បាប់​ណាមួយ ដែល​កើតមាន​នៅលើ​កោះ ដោយ​ក្រុម​ទាហាន​ប្រទេស​ណាមួយ​។​
 
​ជា​ញយៗ រដ្ឋាភិបាល​តូ​ក្យូ តែងតែ​រិះគន់​លើ​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​លើ​ការបញ្ជូន​នាវា​យាមល្បាត ទៅ​ដែនទឹក​ជុំវិញ​កោះ​ជម្លោះ​។ ពិតណាស់ថា កោះ​សេន​កា​គុ (Senkaku) ក្នុង​ភាសា​ជប៉ុន ឬ​ទាវ​យូ (Diaoyu) ក្នុង​ភាសា​ចិន ត្រូវបាន​គេ​ស្គាល់​ថា ជា​កោះ ដែល​មិនមាន​មនុស្ស​រស់នៅ​ឡើយ ហើយ​វា​នៅតែ​ជា​ជម្លោះ​ដែនទឹក​របស់​ប្រទេស​ទាំងពីរ​។ 
 
​សូមបញ្ជាក់ថា ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​យាមល្បាត​កោះ តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ ខណៈពេល​ចិន​បាន​បញ្ជូន​នាវាមុជទឹក ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទៅ​ក្បែរ​កោះ ដែល​កំពុង​កើតមាន​ជម្លោះ​មួយ​នេះ​។ យ៉ាងណាមិញ ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​គឺ ចិន និង​ជប៉ុន​កាន់តែខ្លាំង​ឡើង​នៅពេល​ទីក្រុង​តូ​ក្យូ បានទាមទារ​យក​កោះ​ទាំងនោះ​នៅក្នុង​ឆ្នាំ​២០១២៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com