លោក Felix៖ ទម្រង់​លេង​លើ​ទីលាន និង​សកម្មភាព​ខាងក្រៅ ជា​អាទិភាព​របស់​កីឡាករ
FIFA
កីឡាជាតិ
ជាតិ
លោក Felix៖ ទម្រង់​លេង​លើ​ទីលាន និង​សកម្មភាព​ខាងក្រៅ ជា​អាទិភាព​របស់​កីឡាករ
04, Sep 2019 , 3:29 pm        
រូបភាព
លោក Felix Dalmas និយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតជាមួយហុងកុង, រូបភាពពី PP SEA Games 2023
លោក Felix Dalmas និយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតជាមួយហុងកុង, រូបភាពពី PP SEA Games 2023
​ភ្នំពេញ​៖ ទម្រង់​លេង​ល្អ​របស់​កីឡាករ គឺជា​រឿង​មួយ ប៉ុន្តែ​សកម្មភាព​ខាងក្រៅ​របស់​ពួកគេ ក៏​ជា​រឿង​សំខាន់​ដែរ ក្នុង​ការជាប់​ជម្រើសជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

 
​វត្តមាន​កីឡាករ​២៥​រូប បានបង្ហាញ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​គ្រូបង្វឹក​កម្ពុជា បានសម្រេច​ចិត្ត​យ៉ាង​តឹងរឹង​។ សម្រាប់​លោក Felix Dalmas ទម្រង់​លេង​លើ​ទីលាន និង​សកម្មភាព​ខាងក្រៅ ជា​អាទិភាព​របស់​កីឡាករ​ក្នុង​ការជាប់​ជម្រើសជាតិ​។​
 
​ក្នុងន័យនេះ​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយថា កីឡាករ​មាន​សមត្ថភាព​ខ្លាំង​តែមួយ​មុខ វា​មិន​គ្រប់គ្រាន់​ក្នុង​ការជួយ​ឱ្យ​ពួកគេ​ជាប់​ជម្រើសជាតិ​នោះទេ ពោលគឺ​ទាមទារ​ឱ្យ​ពួកគេ​ត្រូវមាន​អាកប្បកិរិយា និង​ច​រិ​ក​លក្ខណៈ​ថ្លៃថ្នូរ ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅក្រៅ​ទីលាន​ផងដែរ​។ បើតាម​លោក Felix កីឡាករ​ជម្រើសជាតិ គឺ​តំណាងឱ្យ​ជាតិ ដូច្នេះ​ក្រៅពី​លេង​នៅលើ​ទីលាន​ជាមួយ​គោលការណ៍ Fair Play ពួកគេ​ត្រូវមាន​អាកប្បកិរិយា ឥរិយាបទ និង​ទំនាក់ទំនង​ល្អជា​មួយ​កីឡាករ​ដទៃទៀត​ផង​។     


 
«​យើង​បាន​ពិចារណា​រាល់​កីឡាករ​ទាំងអស់​ក្នុងការ​ប្រកួត​លី​គ​របស់​យើង ហើយ​សម្រាប់​ការពិចារណា គឺ​យើង​មើល​ទាំង​ទម្រង់​លេង​លើ​ទីលាន និង​សកម្មភាព​ខាងក្រៅ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas ពេល​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន ដែល​ចោទសួរ​ពាក់ព័ន្ធ​ការជ្រើសរើស​កីឡាករ​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​នា​វគ្គ​ជម្រុះ FIFA World Cup Qatar 2022 ជុំ​ទី​២​ជើង​ទី​១​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​ការជ្រើសរើស​កីឡាករ​ជម្រើសជាតិ​នេះ វា​ពិតជា​ពិបាក​សម្រាប់​លោក Felix Dalmas ខណៈ​អ្នកគាំទ្រ​មួយចំនួន សម្ដែង​ការមិន​ពេញ​ចំពោះ​ការសម្រេច​របស់លោក​។ មូលហេតុ​ដែល​ពួកគេ​មិន​ពេញចិត្ត​នោះ ដោយសារតែ​ក្រុម​ជម្រើសជាតិ​លើក​នេះ គ្មាន​វត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា ដែលជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​។ ពាក់ព័ន្ធ​វត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​និយាយថា វឌ្ឍនាកា ទំនងជា​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ សម្រាប់​ជំនួប​នៅ​លើក​ក្រោយ​។ 
 
«​ខ្ញុំ​សង្កេតឃើញថា កីឡាករ​ដែល​យើង​បានជ្រើសរើស​បច្ចុប្បន្ន គឺ​ពួកគេ​សុទ្ធសឹង​ជា​កីឡាករ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​លេង​នៅលើ​ទីលាន​បានល្អ​។ កត្តា​ទាំងនេះ​ជា​មូលហេតុ ដែល​ជួយ​ឲ្យ ដាវ នី​ម ស្ថិតក្នុង​បញ្ជី​២៥​នាក់​នៃ​ក្រុម​ជម្រើសជាតិ ព្រោះ​រូបគេ​ជា​កីឡាករ​មាន​ឆន្ទៈ​លេង​នៅលើ​ទីលាន និង​ព្យាយាម​ហ្វឹកហាត់​»​។ នេះ​ជាការ​បន្ថែម​របស់លោក Felix​។ 
 
​គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា ការប្រកួត​ជាមួយ​ហុងកុង​នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន​។ លោក​រំពឹងថា ទស្សនិកជន​យ៉ាងច្រើន​កុះករ នឹង​មក​ទស្សនា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ ទោះបី​គ្មាន​កីឡាករ​ឆ្នើម​(Idol)​មួយចំនួន​ក្តី ។ សម្រាប់​លោក Felix ពណ៌​និង​ទង់ជាតិ​នៅលើ​អាវ​កីឡាករ វា​បង្ហាញ​ពី​អត្ថន័យ​ខ្លាំង​ជាង​ការបង្ហាញ​របស់​កីឡាករ ដែលជា​និមិត្តរូប​។​
 
​បើតាម​គ្រូបង្វឹក​កម្ពុជា​រូបនេះ កីឡាករ​ជម្រើសជាតិ​ទាំង​២៥​រូប ក៏​នៅ​ជម្រុះ​២​នាក់​ចេញ​ទៀតផង​ដែរ​៕

Tag:
 Felix Dalmas
  FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com