កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយរកបាន៤គ្រាប់ Ronaldo ថាចង់ឈ្នះជាក្រុម មិនខ្វល់ពី Ballon d’Or ឆ្នាំនេះទេ
× ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបានដល់ទៅ ៤គ្រាប់ម្នាក់ឯងក្នុងជំនួបដែលព័រទុយហ្គាល់យកជ័យជម្នះ ៥-១ លើក្រុមលីទុយអានី ក្នុងការប្រកួតវគ្គជម្រុះ Euro 2020 នៅយប់ថ្ងៃទី១០ ខែកញ្ញា។ បើទោះរកគ្រាប់បាល់ដ៏ច្រើនក្តី Ronaldo អះអាងថារូបគេមិនខ្វល់ខ្វាយពីការឈ្នះពានរង្វាន់ Ballon d’Or ឬ FIFA Best Player នៅឆ្នាំនេះឡើយ។
តារាស៊ុតរបស់ក្រុមសេះបង្កង់ Juventus រូបនេះ បានបង្កើនទម្រង់លេងដ៏ល្អទៀតក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបក្នុងពូល B ដែលធ្វើឲ្យរូបគេកើនគ្រាប់បាល់ស៊ុតបញ្ជូលទីជាកំណត់ត្រាសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ចំនួន៩៣គ្រាប់។
ក្រោយទទួលជ័យជម្នះ ជាមួយគ្រាប់ស៊ុត៤គ្រាប់ម្នាក់ឯង Ronaldo ត្រូវបានអ្នកសារព័រមានចោទសួរថាតើរូបគេសមនឹងឈ្នះពានរង្វាន់កីឡាករឆ្នើមនៅឆ្នាំនេះទេ? ខ្សែប្រយុទ្ធ វ័យ៣៤ឆ្នាំឆ្លើយថារូបគេមិនគិតពីការឈ្នះពានអ្វីឡើយ។ អតីតសមាជិកក្រុម Real Madrid និង Manchester United បន្ថែមទៀតថាអ្វីដែលសំខាន់បំផុតសម្រាប់រូបគេគឺធ្វើយ៉ាងណាជួយក្រុម និងបន្តការលេងឲ្យបានល្អ។
«ដូចដែលខ្ញុំបាននិយាយអ៊ីចឹង! ខ្ញុំមិនគិតពីពានរង្វាន់ណាមួយឡើយ ព្រោះនេះជាផលវិបាក ដើម្បីឲ្យពួកយើងអាចឈ្នះរួមគ្នា។ ការគិតដូច្នេះវាល្អ ខ្ញុំមិនកុហកទេ។ អ្វីដែលសំខាន់គឺជួយក្រុម។ ខ្ញុំរកបាន១គ្រាប់ពេលលេងទៅល់ស៊ែប៊ី និង៤គ្រាប់ជាមួយលីទុយអានីនៅទីនេះ ខ្ញុំពិតជារីករាយណាស់ ហើយនេះជាអ្វីដែលខ្ញុំត្រូវបន្តធ្វើបែបនេះទៀត»។ ម្ចាស់ពាន Ballon d’Or ៥សម័យអះអាងដូច្នេះ។
ឆ្លងកាត់ការប្រកួត៤លើកក្នុងវគ្គជម្រុះ Euro 2020 ម្ចាស់ការពារជើងឯកមួយនេះ រកបាន៨ពិន្ទុ ពីការប្រកួត៤លើក ឈរនៅចំណាត់ថ្នាក់ទី២ ពូល B តាមពីក្រោយអ៊ុយក្រែនដែលឈរកំពូលតារាងមាន១៣ពិន្ទុ ក្នុងការប្រកួត៥លើក។ ស៊ែប៊ីនៅលេខ៣មាន៧ពិន្ទុ លុចសំបូមាន៤ពិន្ទុនៅលេខ៤ ហើយលីទុយអានីនៅបាតតារាងមាន១ពិន្ទុ៕
Tag:
Euro 2020
Ballon d’Or
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com