FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកវិភាគ៖ កីឡាបាល់ទាត់ឥណ្ឌូណេស៊ីនឹងអន្តរាយ ដោយសារអ្នកគាំទ្រខ្លួន
× អំពើហឹង្សាបង្កដោយក្រុមអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីដែលផ្ទុះឡើងក្នុងជំនួបឥណ្ឌូណេស៊ីទល់ម៉ាឡេស៊ី ក្នុងវគ្គជម្រុះ World Cup 2020 បើកឆាកពូល G បានធ្វើឲ្យមានរូបភាពមិនល្អលើឆាកអន្តរជាតិ និងប៉ះពាល់ដល់វិស័យបាល់ទាត់ឥណ្ឌូណេស៊ី។ នេះជាការមើលឃើញរបស់លោក John Duerden អ្នកវិភាគកីឡាបាល់ទាត់ដ៏ល្បីប្រចាំតំបន់អាស៊ី។
ក្នុងជ័យជម្នះរបស់ក្រុមភ្ញៀវម៉ាឡេស៊ី ៣-២ លើក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នាកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា កាលថ្ងៃទី៥ កញ្ញា ដែលមានអ្នកទស្សនាផ្ទាល់រហូត៨ម៉ឺននាក់នោះ ជាការប្រកួតដែលទទួលការរំខានយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ រហូតបង្កឲ្យមានអ្នករបួស និងបង្ខំឲ្យពន្យាពេលប្រកួតផង ដើម្បីឲ្យក្រុមសន្តិសុខ កងទ័ព និងប៉ូលសចូលទៅគ្រប់គ្រងស្ថានការណ៍។
ជាមួយឥរិយាបទមិនសមរម្យ តាមរយៈហិង្សារបស់អ្នកគាំទ្រឥណ្ឌូណេស៊ីនេះ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ថានឹងដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយចោទសមភាគីរបស់ខ្លួននៅហ្សាការតាមិនត្រៀមលក្ខណៈឲ្យបានល្អគ្រប់គ្រាន់សម្រាប់ក្រុមភ្ញៀវ។
លើសពីនេះទៀត រដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ី លោក Syed Saddiq ដែលស្ថិតក្នុងហេតុការណ៍ច្របូកច្របល់ដែរនោះ ក៏បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់របស់លោក ថាលោកនឹងដាក់ពាក្យបណ្តឹងជាផ្លូវការដោយខ្លួនឯងទៅកាន់រដ្ឋាភិបាលឥណ្ឌូណេស៊ីផងដែរ ក្រោយមានអ្នកគាំទ្រម៉ាឡេស៊ីម្នាក់របួសធ្ងន់ក្នុងហេតុការណ៍នោះ។
លោក John Duerden ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានបាល់ទាត់អាស៊ីសម្រាប់វិទ្យុ BBC, ESPN, The Guardian, New York Times និងទស្សនាវដ្តីបាល់ទាត់ពិភពលោកផងនោះ លើកឡើងថានេះមិនមែនជាលើកទី១ឡើយសម្រាប់ឥណ្ឌូណេស៊ី។
លោក Duerden មើលឃើញជារួមថា ទង្វើរបស់ក្រុមអ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ីបែបនេះ អាចនឹងនាំអន្តរាយដល់កេរ្ត៍ឈ្មោះក្នុងវិស័យបាល់ទាត់របស់ពួកគេ ស្របពេលដែលប្រទេសនេះមានភាពល្បីល្បាញនិងជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមល្អៗផ្សេងទៀតនៅតំបន់អាស៊ាន។
ឥណ្ឌូណេស៊ី ធ្លាប់មានរឿងក្តីក្តាំម្តងរួចមកហើយជាមួយម៉ាឡេស៊ី និងថែមទាំងត្រូវ FIFA ដាក់ពិន័យផង។ នៅឯកីឡដ្ឋានដដែលនេះ កាលពីឆ្នាំ២០១១ មានអ្នកគាំទ្រពីរនាក់ បានស្លាប់នៅពេលក្រុមជម្រើសជាតិនៃប្រទេសទាំងពីរប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 2011)៕
Tag:
World Cup
ជម្រើសជាតិ
Syed Saddiq
© រក្សាសិទ្ធិដោយ thmeythmey.com